មុខសញ្ញាប្លន់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួន រួមនឹងអាវុធខ្លី២ដើម
ភ្នំពេញ៖ កម្លាំងនគរបាលចម្រុះ បានស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ មុខសញ្ញាប្លន់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ នៅចំណុចផ្ទះបិទស្កុតម៉ូតូ ផ្លូវ៣០ម៉ែត ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង ១៩:៣០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។ ជនសង្ស័យឈ្មោះ លី បូរិទ្ធ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ៣៧MC ក្រុមទី៤ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពចំនួន៣លើក ដោយលើកទី១ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០០:៤៥នាទី នៅចំណុចមុខផ្ទះលេខ៣៥B ផ្លូវ៤១៨ ភូមិ៤ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ប្លន់ម៉ូតូម៉ាកស្កូបពី ពណ៌ស សេរីឆ្នាំ២០២២ មិនបានសម្រេច ដោយបាញ់ជនរងគ្រោះចំនួនពីរគ្រាប់ តែមិនត្រូវ។ លើកទី២ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២២:១០នាទី នៅចំណុចមុខផ្ទះលេខ២០B ផ្លូវ២៨៨ ក្រុម៤២ ភូមិ៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ភ្ជង់យកម៉ូតូម៉ាក់ សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ផ្លាកលេខ១DH៤៥០២ នឹងធុងដឹកជញ្ជូនម៉ាក EGETS ពណ៌ទឹកក្រូច។ ចំណែកលើកទី៣ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៥:៤៥នាទី នៅចំណុចភូមិដំណាក់ធំ សង្កាត់ស្ទឺងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្លន់យកម៉ូតូម៉ាកមិត ពណ៌ក្រហម ផ្លាកលេខ១HZ០៥៣៣ ភ្ជង់ប្លន់ ប៉ុន្តែត្រូវខ្លួនជនសង្ស័យបាន។
ចំពោះវត្ថុតាងដកហូតបានមាន កាំភ្លើងខ្លីចំនួន២ដើម ម៉ាក់ k៥៤ មានគ្រាប់ចំនួន១៤គ្រាប់, អាយកូមចំនួន ២, ម៉ូតូ ចំនួន២គ្រឿង ម៉ាក់អាយខុន ពណ៌សត្រួយចេក ពាក់ស្លាកលេខ AR ៩៥៨៩ និងអិចស៊ិចទ័រ ពណ៌ខ្មៅ ពាក់ផ្លាកលេខ AV៨៨៨៨។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕ Cr CNC