សម្ដេចតេជោ ធ្វើការបណ្ដើរ មើលរូបថតបុណ្យ៧ថ្ងៃបងប្រុសបណ្ដើរ, ម៉េង កែវពេជ្ជតា ក្ដុកក្ដួលចិត្ត ក៏ពោលពាក្យថា…(មានវីដេអូ)
ប្រិយមិត្ត ទំនងជាបានជ្រាបរួចមកហើយថា ឯកឧត្តម ហ៊ុន ណេង បងប្រុសរបស់សម្តេចតេជោ ហ៊ុន សែន បានទទួលមរណភាព ដោយជំងឺបេះដូង កាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ ៧៣ឆ្នាំ។
ស,ពរបស់លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា។
កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ នៅគេហដ្ឋាន នៅក្នុងក្រុងកំពង់ចាម លោកជំទាវ លាង វួចឆេង ជាភរិយា ព្រមទាំងកូនចៅ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ត្រូវជាប្អូនថ្លៃ ព្រមទាំងញាតិមិត្ត និងក្រុមគ្រួសារ បានប្រារព្ធពិធីបុណ្យខួបគម្រប់៧ថ្ងៃ តាមប្រពៃណីព្រះពុទ្ធសាសនា ដោយមានការប្រគេនយាគូព្រះសង្ឈ នមសក្កា សមាទានសីល វេរភត្តហារ និងនិមន្តព្រះសង្ឃចំនួន៧៤អង្គ រាប់បាតដារឆ្លងជាកិច្ចបង្ហើយបុណ្យ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបាន ចែកឋានទៅកាន់លោកខាងមុខហើយនោះ សូមមកបានសោយសុខក្នុងឋានសុគតិភព។
ងាកមកអ្នកនាង ម៉េង កែវពេជ្ជតា ពេលឃើញរូបថតប៉ុន្មានសន្លឹករបស់សម្ដេចតេជោ ធ្វើការបណ្ដើរ មើលរូបថតបុណ្យសព៧ថ្ងៃបងប្រុសបណ្ដើរនោះ, នៅព្រឹកថ្ងៃទី១៣ ខែឧសភា អ្នកនាង ក៏បានបង្ហោះរូបថតនោះ អមដោយបទចម្រៀងរបស់ខ្លួន រួចបង្ហាញអារម្មណ៍ថា «នាងខ្ញុំពិតជាក្ដុកក្ដួលណាស់ ពេលឃើញរូបថតប៉ុន្មានសន្លឹកនេះ។ ពុកធ្វើការបណ្ដើរ មើលរូបថតបុណ្យ៧ថ្ងៃបងប្រុសបណ្ដើរ..ពុកស្រក់ទឹកភ្នែក តែមិនមែនពុកយំទេ ..កូនពិតជាយល់អារម្មណ៍នេះ។ ចំណុចដ៏រឹងមាំនេះហើយ ដែលកូនចៅគោរពស្រលាញ់គ្មានថ្ងៃប្រែ។
ប៉ុន្មានថ្ងៃនេះបើទោះជាសម្តេចពុកកំពុងមានទុក្ខដោយការបាត់បង់បងប្រុសជាទីគោរពស្រលាញ់កម្សត់កម្រពិតមែន ប៉ុន្តែតាមការមើលឃើញអំពីដំណើរអញ្ជើញចូលរួមប្រជុំនៅទឹកដីអាមេរិកក្នុងនាមជាមេដឹកនាំអាស៊ានកំពូល សម្តេចពុកនៅតែរឹងមាំ នៅតែក្លៀវក្លា ក្នុងភាពទទួលខុសត្រូវ មិនតែប៉ុណ្ណោះតាមរយៈនៃការទទួលស្វាគមន៍ពីបងប្អូនប្រជាជាតិកម្ពុជារាប់ពាន់ម៉ឺននាក់នៅទីនោះ ក៏អាចបញ្ជាក់ថា សម្តេចពុកនៅតែមានប្រជាប្រិយភាពខ្ពស់ នៅតែជាតួឯក និងជា Idol ក្នុងបេះដូងបងប្អូនខ្មែរគ្រប់រូប។
នាងខ្ញុំ ត្រឹមជាសិល្បការិនីធម្មតាម្នាក់ ហើយមិននៅក្នុងប្រទេសផង ពិតជាពុំមានអ្វីលើសពីនេះក្នុងការចូលរួមរំលែកក្តីទុក្ខដ៏ធំធេងរបស់សម្តេចពុកម៉ែទេ គឺមានតែបទចម្រៀង និងសាររំលែកទុក្ខតាមរលកធាតុអាកាសប៉ុណ្ណោះ តែនេះគឺជាការចូលរួមដោយស្មោះអស់ពីបេះដូងរបស់កូន ហើយ បើមានខុសឆ្គងត្រង់ណា សូមមេត្តាសម្តេចពុក សម្តេចម៉ែកុំប្រកែប្រកាន់កូនចៅអី សូមគោរពអរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅ Video Live របស់នាងខ្ញុំ ថ្ងៃទី 7 ឧសភា 2022»៕