គ្រាប់បែកទម្លាក់ពីលើយន្តហោះដ៏ធំ ១គ្រាប់ទម្ងន់ជិត១តោន ត្រូវបានរកឃើញនៅបាតទន្លេ បួនមុខ ក្បែរសណ្ឋាគារសុខាភ្នំពេញ និងទល់មុខព្រះបរមរាជវាំង
(ភ្នំពេញ)៖ កម្លាំងជំនាញគ្រាប់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថាស៉ីម៉ាក់ (CMAC) នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ បានត្រួតពិនិត្យ និងបោសសម្អាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ AN-M66 (AN-M34) ដែលបានប្រទះឃើញនៅពេលស្តារកាយល្បាប់បាតទន្លេ ស្ថិតនៅទន្លេបួនមុខ ក្បែរសណ្ឋាគារសុខាភ្នំពេញ និងទល់មុខព្រះបរមរាជវាំង។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៉ីម៉ាក់ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ AN-M66 នេះមានទម្ងន់ជិត ១ ០០០គីឡូក្រាម មានជាតិផ្ទុះជាង ៥០០គីឡូក្រាម ដែលមានថាមពលបង្កគ្រោះថ្នាក់ខ្ពស់ ជាគ្រាប់បែកផលិតនៅសហរដ្ឋអាមេរិក និងជាសំណល់ពីសង្គ្រាម។ តាមទិន្នន័យព័ត៌មាន គឺមានគ្រាប់បែកប្រភេទAN-M66 នេះចំនួន ១១គ្រាប់ ក្នុងចំណោមគ្រាប់រាប់លានគ្រាប់ ដែលបានទម្លាក់នៅកម្ពុជា។
លោកក៏បានថ្លែងអំណរគុណអភិបាលរាជធានីភ្នំពេញ ដែលបានសហការយ៉ាងជិតសិ្នទ្ធជាមួយកម្លាំងអង្គភាពស៉ីម៉ាក់ ក្នុងការជន្លៀសគ្រាប់បែកដ៏ធំមួយនេះចេញពីទីតាំងរាជធានីភ្នំពេញទៅរកកន្លែងសុវត្ថិភាព ដើម្បីកម្លាំងជំនាញអង្គភាពស៉ីម៉ាក់ដោះបន្សាប ធានាសុខសុវត្ថិភាពជូនសង្គមជាតិយើង។
សូមជម្រាបថា គ្រាប់ទម្លាក់ពីលើយន្តហោះ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតែជាបញ្ហាប្រឈមយ៉ាងខ្លាំងដល់អាយុជីវិតប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ភារកិច្ចជូនអង្គភាពស៉ីម៉ាក់ ក្នុងការរុករក និងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមបាតទន្លេរ ដើម្បីផ្តល់សន្តិសុខសុវត្ថិភាពជូនប្រជាជន៕