លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រើធម៌ក្តៅដឹកនាំកម្លាំងអាជ្ញាធរចុះរុះរើម៉ាស៊ីនផ្សាយខុសច្បាប់ប្រមាណ២០០គ្រឿង ដែលផ្តល់ឱ្យវិទ្យុទាក់ទងកាន់ដៃប្រើប្រាស់បែបអាណាធិបតេយ្យបានប្រមាណ ៥០០០ គ្រឿង

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ ថា កម្លាំងចំរុះបានចុះធ្វើការរុះរើម៉ាស៊ីនផ្សាយខុសច្បាប់ប្រមាណ២០០គ្រឿង (Repeater) ដែលផ្តល់ឱ្យវិទ្យុទាក់ទងកាន់ដៃប្រើប្រាស់បែបអាណាធិបតេយ្យបានប្រមាណ ៥០០០ គ្រឿងត្រូវបិទបញ្ចប់។

យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានឲ្យដឹងថា “ប្រតិបត្តិការណ៍ថ្ងៃទី១ជួបការប្រឈមខ្លះៗ ក៏ប៉ុន្តែកម្លាំងចំរុះដឹកនាំដោយតំណាងអយ្យការ និយ័តករទូរគមនាគមន៍កម្ពុជា នគរបាលជាតិ បានសម្រេចគោលដៅប្រកបដោយផ្លែផ្កា ។ ស្ថានីយ៍វិទ្យុទាក់ទងខុសច្បាប់ជាច្រើនបានស្ម័គ្រចិត្តរុះរើដោយខ្លួនឯង និងតិចតួចចាប់បង្ខំរុះរើទម្លាក់ ។ ម៉ាស៉ីនផ្សាយប្រមាណ ២០០ គ្រឿង ( Repeater) ដែលផ្តល់ឱ្យវិទ្យុទាក់ទងកាន់ដៃប្រើប្រាស់បែបអាណាធិបតេយ្យបានប្រមាណ ៥០០០ គ្រឿងត្រូវបិទបញ្ចប់។ យើងខ្ញុំនឹងបន្តធ្វើរហូតប្រាកដថា ស្ថានីយ៍ផ្សាយវិទ្យុទាក់ទងខុសច្បាប់ទាំងឡាយត្រូវបានសម្អាតស្អាតអស់ទូទាំងរាជធានីភ្នំពេញ និងជំហានបន្ទាប់ទូទាំងប្រទេស ។ សូមបងប្អូនជនរួមជាតិមានស្ថានីយ៍ខុសច្បាប់ទាំងឡាយ ស្រូតទម្លាក់ចុះដោយខ្លួនឯង ជាងជាងការបង្ខិតបង្ខំ ដែលការអនុវត្តនាពេលក្រោយៗអាចនឹងបញ្ជូនសំណុំរឿងទៅតុលាការដោយមិនធ្វើការអប់រំដូចដំបូងៗនេះឡើយ ។ សូមយល់យោគ និងសហការដើម្បីសង្គមជាតិយើង”។

លោកឧត្តមសេនីយ៍ទោ បានបន្តទៀតថា “ប្រតិបត្តិការណ៍ថ្ងៃទី២! ថ្ងៃនេះកាន់តែប្រសើរដោយទីតាំងស្ថានីយ៍ធំៗស្ម័គ្រចិត្តរុះរើទម្លាក់ដោយគ្មានការបង្ខិតបង្ខំ ។ ខ្ញុំរីករាយណាស់ដោយសារជនជាតិខ្មែរគាត់យល់ពីភាសាខ្មែរមិនពិបាកជជែកគ្នាច្រើនសារច្រើនដង ។ ការសម្អាតសង្គមមួយមិនមែនមនុស្សម្នាក់អាចធ្វើទៅបានឡើយ ត្រូវមានការចូលរួមបែបនេះឯង ហើយយើងខ្ញុំតំណាងមន្ត្រីអនុវត្តច្បាប់នឹងឈរលើគោលការច្បាស់លាស់ យុត្តិធម៌ ស្តង់ដា១គ្មានតូចធំលើក្រោម ។ ពួកខ្ញុំក៏រងចាំមតិស្ថាបនាទាំងឡាយដើម្បីសម្រេចឱ្យបានសណ្តាប់ធ្នាប់សង្គមជាតិ”។

លោកឧត្តមសេនីយ៍ទោ ក៏បានប្រកាសអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រសិនបើឃើញមានជនស៉ីវិលប្រើវិទ្យុទាក់ទងកាណាល់នគរបាលជាតិ សូមធ្វើការរាយការណ៍រហូតឃាត់ជននោះបាន ក្នុង១ករណីលោកនឹងឧបត្ថម្ភថវិកា ៤០ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds