រដ្ឋមន្ត្រីព័ត៌មាន៖ ខ្មែរនៅបរទេសមួយចំនួនយល់ច្រឡំថា ព្រៃឈើនៅខ្មែរបាត់បង់អស់ហើយ ខណៈខ្មែរជាប្រទេស ដែលមានផ្ទៃដីការពាររតនសម្បត្តិធម្មជាតិធំជាងគេ
(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ប្រជាពលខ្មែរនៅបរទេសមួយចំនួន មានការយល់ច្រឡំថា ព្រៃឈើនៅខ្មែរបាត់បង់អស់ទៅហើយ ដែលនេះគឺជាការទទួលព័ត៌មានមិនត្រឹមត្រូវ។
បើតាមសៀវភៅ «កម្ពុជាមាតុភូមិខ្ញុំ» របស់ក្រសួងបរិស្ថាន បានឲ្យដឹងថា កម្ពុជាជាប្រទេស ដែលមានផ្ទៃដីការពាររតនសម្បត្តិធម្មជាតិធំជាងគេ ពោលគឺកម្ពុជាមានផ្ទៃដីជាង ៤១% ជាតំបន់ការពារធម្មជាតិ។
ក្នុងឱកាសជាអធិបតីបិទកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី «ព័ត៌មានជាអំណាច នាយុគសម័យឌីជីថល» ដល់នាំពាក្យក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ដែលរៀបចំដោយអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានកោតសរសើរលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបោះពុម្ភសៀវភៅ ស្តីពីបរិស្ថានដ៏មានសារៈសំខាន់មួយនេះ។
បន្ថែមលើការលើកឡើងនៅក្នុងកម្មវិធីខាងលើនេះ លោក ខៀវ កាញារីទ្ធ ក៏បង្ហោះលើ Facebook បន្ថែមទៀតយ៉ាងដូច្នេះថា «សូមសរសើរការផ្តួចផ្តើមគំនិតរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានបោះសៀវភៅដ៏ល្អស្តីពីបរិស្ថានស្រុកខ្មែរ សម្រាប់កូនខ្មែរ ពិសេសខ្មែរដែលស្រលាញ់បរិស្ថាននៅតែក្នុងផ្ទះ»។
សូមជម្រាបថា កិច្ចប្រជុំស្ដីពី «ព័ត៌មានជាអំណាច នាយុគសម័យឌីជីថល» ប្រព្រឹត្តទៅរយៈពេល ១ថ្ងៃពេញ មានគោលបំណងស្នូល ក្នុងការចែករំលែកនូវទស្សនទាន យន្ដការ និងយុទ្ធសាស្រ្ដរួមដែលជាមូលដ្ឋានគ្រឹះ នៃវិស័យព័ត៌មានរបស់រដ្ឋ ក្នុងទិសដៅកសាងឲ្យបាននូវអភិបាលកិច្ចល្អលើវិស័យព័ត៌មានថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីជំរុញប្រសិទ្ធភាពនៃការផ្សព្វផ្សាយ បំផុសព័ត៌មានឲ្យចូលទៅកៀកប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍នៃមតិសាធារណៈ៕