ក្រោយល្បីថា ប្រុញ ថត មិនបានលុយ, លោកជំទាវ ហ៊ុន ស៊ីណាត ផ្ដល់យោបល់បែបនេះ
ប្រិយមិត្ត បានជ្រាបរួចមកហើយថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ មានការបញ្ជាក់ពីលោកពេជ្រ ស្រស់ថា តារាកំប្លែងវ័យក្មេង នាយប្រុញ សម្រេចចិត្តត្រឡប់ទៅរស់នៅឯស្រុកកំណើតវិញ ដោយសារតែការថតកន្លងមក មិនទទួលបានប្រាក់កាសនោះ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបង្ហោះសាររៀបរាប់ដូច្នេះថា «ដើមឡើយខ្ញុំគិតថាមិននិយាយទេរឿងក្មួយប្រុញ ដែលចេញថតព្រោងព្រាត ប៉ុន្តែមិនដែលទទួលបានថវិកាពីការថតនោះទេ ហើយប្រាក់ខែក្មួយវិញគឺបានតែម្តងគត់ នេះបើយោងតាមការរៀបរាប់របស់ក្មួយ និងម្តាយក្មួយ
ចំពោះពាក្យល្បីថាក្មួយប្រុញបានឡាននោះក៏ក្មួយថាមិនបានដែរ ដោយសារមានចំណែកបីនាក់ ហើយក្មួយ ក៏មិនទទួលបានដែរ ពីព្រោះក្មួយឈប់ថតក្នុងក្រុមទៀតហើយ មូលហេតុគឺថតមិនទទួលបានលុយទាល់តែសោះ។ នៅមានរឿងច្រើនទៀតដែលក្មួយមិនទទួលបានលុយពីការថតស្ពតពាណិជ្ជកម្មផ្សេងៗ បើរឿងខាងលើគឺជារឿងពិតមែននោះ ជីវិតក្មួយពិតជាកម្សត់ពេកហើយ ត្រូវគេប្រើដោយគ្មានក្តីមេត្តា ទាំងគ្រួសារក្មួយក្រខ្សត់ថែមទៀត។
ព័ត៌មានខាងលើគឺខ្ញុំស្តាប់ក្រុមគ្រួសារក្មួយប្រុញ និងក្មួយប្រុញរៀបរាប់ប្រាប់ខ្ញុំតែម្ខាងប៉ុណ្ណោះ ដោយខ្ញុំមិនទាន់បានស្តាប់ភាគីពាក់ព័ន្ធនៅឡើយទេ ហើយឥឡូវក្មួយប្រុញត្រឡប់ទៅនៅផ្ទះធម្មតាវិញហើយ ព្រមទាំងឈប់ថតVDOទៀតដែរ ក្រុមគ្រួសារក្មួយប្រុញ ជាពិសេសឪពុកម្តាយក្មួយប្រុញបានបញ្ជាក់ថា ជំនួយដែលទទួលបានជាដុំកំភួនឃើញលទ្ធផល ជាក់ស្តែងគឺជំនួយតាមរយៈខ្ញុំផ្ទាល់ ដោយទទួលបានផ្ទះពិតជាក់ស្តែង និងសល់លុយថែមទៀតផង»។
ក្រោយពីមានការផ្សព្វផ្សាយបែបនេះ បង្កការភ្ញាក់ផ្អើលនោះ លោកជំទាវ ហ៊ុន ស៊ីណាត នៅរសៀលថ្ងៃទី២៤ ខែមេដានេះ បានបញ្ចេញយោបល់ថា «តាមគំនិតខ្ញុំមានតែខំរៀនបន្តសិនទាន់មានថវិកាដែរ បើក្មួយចេះភាសាទៀតកាន់តែល្អ ។ ពេលរៀនចប់ ចង់វិលទៅរកសិល្បៈវិញក៏មិនយឺតពេលដែរ ហើយថែមទាំងមានចំណេះទៀតផង ។ ម្យ៉ាងទៀតបើរឿងនេះដូចព័ត៌មាននិយាយមែនលោកឧកញ៉ាធ្វើបែបនេះតាមច្បាប់មានទោសពីបទកេញប្រវ័ញ្ចពលកម្ម កុមារ មានចែងក្នុងច្បាប់ការងាររបស់រដ្ឋ»។
ទោះយ៉ាងណា នៅក្នុងការឡាយបកស្រាយ កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ឧកញ៉ា សម្បត្តិ បានបកស្រាយរួចហើយថា រឿង ប្រុញវេចបង្វេចទៅស្រុកនោះ លោកក៏ខ្ញុំមិនដឹងមូលហេតុដូចគ្នា តែសម្រាប់លុយ លោកប្រគល់ឲ្យនាយប្រុញជាញឹកញាប់ តែត្រង់គាត់ចាយអស់នោះ លោកមិនអាចទៅគ្រប់គ្រងថវិកាក្នុងហោប៉ៅគេបាននោះដែរ។
បន្ថែមលើនេះ ឧកញ៉ា សម្បត្តិ ក៏បានបង្ហោះវីដេអូ ពេលជូនដំណើរប្រុញទៅស្រុកវិញផងដែរ ហើយនៅក្នុងវីដេអូនោះ ប្រុញ បានបញ្ជាក់ច្បាស់ៗថា ទោះយ៉ាងណា ក៏នាយមិនភ្លេចអ្នកមានគុណរបស់លោកនោះដែរ គឺឧកញ៉ា សម្បត្តិ និងលោកជំទាវ ហ៊ុន សុភ័ក្រ ជាមួយនឹងការជូនពរយ៉ាងពិសេសផងដែរ។
ចំពោះចំណុចនេះ នាយប្រុញ ដែលបានឡាយវីដេអូ ជាមួយនាយកណ្ដុរ កាលពីល្ងាចមិញនេះ បានបញ្ជាក់ហាក់លេងសើចថា រយៈពេល៨ខែនេះ សល់តែលុយ១០០រៀលក្នុងហោប៉ៅ។ ទោះយ៉ាងណា នាយប្រុញ ទទួលស្គាល់ថា បានលុយពីឧកញ៉ា លោកជំទាវ ម្ដង៥០ដុល្លារ ម្ដង១០០ដុល្លារៗ ហើយក្រោយមក បានបញ្ជាក់ថា ៨ខែនេះ ទទួលបានលុយសរុបប្រហែល៧០០ ៨០០ដុល្លារ អត់ដល់ពាន់ទេ។