ប្រដាល់កម្ពុជា នឹងបើកទ្វារទទួលអ្នកប្រដាល់ចិននៅទឹកដីអង្គរ មុនចូលឆ្នាំខ្មែរ
ភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់លើកទី១ដែលមានឈ្មោះថា(1st Angkor King Fight)គឺជាការប្រកួតលក្ខណៈមិត្តភាពកម្ពុជា-ចិនក្រោមកិច្ចសហការណ៍គ្នារវាងក្លិបប្រដាល់Loonghai Club Fight ជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ មេសា ឆ្នាំ២០២២ នៅលើទឹកដីនៃខេត្តសៀមរាបខាងមុខនេះ ដោយមានទាំងអស់ចំនួន១០គូ ។
ថ្លែងប្រាប់ Fast News កាលពីព្រឹកថ្ងៃទី៣ មេសា តំណាងLoonghai Club Fight នៃប្រទេសចិនបានលើកឡើងថា ព្រឹត្តិការណ៍នេះដើម្បីរិតចំណង់មិត្តភាពរវាងកម្ពុជានិងចិន ដែលធ្លាប់មានប្រវត្តិទំនាក់ទំនងយូអង្វែងមកហើយ បង្ហាញនូវការទំនាក់ទំនងល្អរវាងប្រទេសទាំងពីរផងដែរ។
សម្រាប់ព្រឹត្តិការស្ដេចប្រដាល់អង្គរនេះ គឺជាការផ្សព្វផ្សាយនិងស្វែងរកការគាំទ្រជាអន្តរជាតិ សម្រាប់កីឡាគុនខ្មែរក៏ដូចជាកីឡាគុនចិន ។ យុទ្ធនាការផ្សព្វផ្សាយនេះទៀតមិនត្រឹមតែនៅក្នុងឆ្នាំ២០២២នេះទេ គឺធ្វើរហូតដើម្បីឱ្យក្បាច់គុនបុរាណខ្មែរល្បីល្បាញទាំងក្នុងប្រទេសនិងក្រៅប្រទេស ។
សម្រាប់ព្រឹត្តការណ៍ស្ដេចប្រដាល់អង្គរនេះ ដែលគេត្រូវបានជ្រើសរើសយកទីតាំងអង្គរធ្វើជាកន្លែងប្រកួតនេះទៀតគឺដើម្បីជាការរម្លឹកឡើងវិញនូវការទំនាក់ទំនងនៃប្រទេសទាំងពីរដែលមានរាប់ពាន់ឆ្នាំមកហើយ ក៏ដូចជាការបង្ហាញអំពីសមិទ្ធិផលថ្មីបច្ចុប្បន្ន មិនតែប៉ុណ្ណោះប្រាសាទអង្គរវត្តជាទីតាំងនៃដើមកំណើតក្បាច់គុណរបស់ខ្មែរ ហើយថែមទាំងមានអត្ថន័យយ៉ាងជ្រាលជ្រៅ ព្រមទាំងអាចកត់ត្រានៅក្នុងប្រវត្តិសាស្ត្របាន៕