ស្ត្រីម្នាក់ ចេញមុខបំភ្លឺក្រោយមានការផ្សព្វផ្សាយខុសពីការពិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្លួន
ភ្នំពេញ៖ បន្ទាប់ពីបណ្តាញសារព័ត៌មានមួយចំនួនបានចេញផ្សាយអត្ថបទមួយថា សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់ បញ្ជូនទៅតុលាការពាក់ព័ន្ធករណីឆបោកប្រាក់ដៃគូររកស៊ី ស្ត្រីដែលរងការចោទប្រកាន់ចេញមុខប្រតិកម្មយ៉ាងខ្លាំង ចំពោះការចេញផ្សាយពីបណ្តាញមួយចំនួនដែលផ្សាយខុសពីការពិត ធ្វើអោយប៉ះពាល់ដល់កិត្តិយសរបស់លោកស្រី ។
ថ្លែងប្រាប់សារព័ត៌មានអ្នកស្រី ជីវ ណារ៉ា បានបកស្រាយបំភ្លឺថា ការផ្សាយរបស់បណ្តាញសារព័ត៌មាននេះ ធ្វើអោយប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកនាងដែលជាសាម៉ីខ្លួន ។ អ្នកស្រីថា ជុំវិញករណីនេះគឺ អ្នកស្រីបានចូលឆ្លើយបំភ្លឺតាមការកោះហៅរបស់មន្ត្រីយុត្តិធម៌តែប៉ុណ្ណោះ ហើយមិនបានបញ្ជូនទៅតុលាការដូចការចេញផ្សាយនោះទេ គឺគ្រាន់តែសាកសួរនៅត្រឹមនគរបាលក្រសួងមហាផ្ទៃតែប៉ុណ្ណោះដោយលោកស្រី ជីវ ណារ៉ា មិនត្រូវបានតុលាការចោទប្រកាន់ដូចការចុះផ្សាយទេ ហើយភាគីទាំងពីរបានព្រមព្រៀងគ្នា បញ្ចប់វិវាទដោយសន្តិវិធីក្រៅប្រពន្ត័តុលាការ ដោយមានសាក្សីដឹងលឺត្រឹមត្រូវ។
ជាមួយគ្នានេះដែរអ្នកស្រីមានការសោកស្តាយចំពោះអ្នកសារព័ត៌មាន ដែលចេញផ្សាយប្រាសចាកការពិត ដោយមិនបានសាកសួរសាម៉ីខ្លួនដោយផ្ទាល់។ អ្នកស្រីថា ការផ្សាយនេះ វាធ្វើអោយប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អ្នកស្រី ។ ក្នុងនាមអ្នកស្រីកំពុងធ្វើជំនួយ និង អាជីវកម្មក្នុងខេត្តសៀមរាប បង្ករអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង វាមិនត្រឹមតែ ប៉ះពាល់កិត្តិយសផ្ទាល់ខ្លួនប៉ុណ្ណោះទេ វាថែមទាំងធ្វើអោយប៉ះពាល់ដល់អាជីវកម្ម និង ដៃគូររកសុីជាមួយផងដែរ។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ភាគីទាំងពីរបានសម្របសម្រួលគ្នា ដោះស្រាយដើម្បីបញ្ចប់វិវាទរួចរាល់ហើយ ហើយបានវិលត្រលប់ទៅប្រកបអាជីវកម្មរបស់ខ្លួនតាមធម្មតារៀងៗខ្លួន៕