វិវាទ​ការងារ​វាង​អតីត​បុគ្គលិក និង​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ នឹងត្រូវបន្តប្រជុំនៅថ្ងៃទី២៣

ភ្នំពេញ៖ ​នៅ​រសៀល​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២២​នេះ ​ក្រសួង​បាន​បន្ត​ដឹកនាំ​កិច្ចប្រជុំ​សម្របសម្រួល វិវាទ​ការងារ​វាង​អតីត​បុគ្គលិក និង​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ជា​លើក​ទី​៤ ដែល​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​របស់ លោក ទេស​រុក្ខា​ផល អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន គ​.​ក​.​ប​. តំណាង​កម្មករ​ចូលរួម​ប្រជុំ​នេះ​មាន  នឹង​តំណាង​និយោជក​។

ក្នុង​កិច្ចប្រជុំ​នេះ​ភាគី​និយោជិត​បានស្នើ​ឱ្យ​លើកយក​ចំណុច​ទាមទារ​យក​ចូលធ្វើការ​វិញ មក​ពិភាក្សា​មុននឹង​ឈានទៅ​ពិភាក្សា​ចំណុច វិវាទ​ផ្សេងទៀត ដោយ​ស្នើឱ្យ​និយោជក​ផ្តល់​ចម្លើយ​តប​ចំពោះ​ការទាមទារ​នេះ​។ ប្រសិនបើ​ភាគី​និយោជក​មិន ព្រមយក​ចំណុច​នេះ​មក​ពិភាក្សាគ្នា​ទេ នឹង​នាំឱ្យ​ការចរចា​នេះ ជាប់គាំង​បន្តទៀត​។

រហូតមកដល់​ពេលនេះ នៅសល់​កម្មករនិយោជិត​ប្រហែល ២០០​នាក់ ដែល​បន្ត​ទាមទារ​យក​ចូលធ្វើការ​វិញ​ ខណៈកម្មករនិយោជិត​ដែល​កំពុងធ្វើការ​ប្រហែល ៣០០​នាក់ យល់ព្រម​លាឈប់ ពី​ការងារ ដើម្បី​ ដោះដូរ​ជាមួយ​កម្មករនិយោជិត​ប្រហែល​២០០​នាក់ ដែល​ទាមទារ​ចូលធ្វើការ​វិញ​។ ជម្រើស​នេះ អាចឱ្យ​និយោជក​សម្រេច​គម្រោង​កាត់បន្ថយ​បុគ្គលិក​របស់ខ្លួន​ផង និង​អាចឱ្យ​កម្មករនិយោជិត​ដែល​ទាមទារ​ចូលធ្វើការ​វិញ អាច​ចូលធ្វើការ​វិញ​ផងដែរ​។

ភាគី​និយោជិត មានការ​សោកស្តាយ ដែល​ភាគី​និយោជក​មិន​ជជែក​ពី​ជម្រើស​នៃ​ដំណោះស្រាយ​នៃ​ការដោះដូរ​។ តំណាង​កម្មករនិយោជិត នឹង​បន្ត​ដាក់សំណើ​នេះ​ជា​លាយលក្ខណ៍អក្សរ​ទៅ​ភាគី​និយោជក ដើម្បី​ទទួលបាន​ចម្លើយ បន្ថែមទៀត​។​ប្រសិនបើ​ភាគី​និយោជក​មិនមាន​ដំណោះស្រាយ​ទៅនឹង​សំណើ​ដោះដូរ​ទេ ភាគី​តំណាង​កម្មករនិយោជិត នឹងមិន​អាចមក​ចូលរួម​ប្រជុំ​បន្តទៀត​ទេ​។​

​ចំណែក​តំណាង​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍​បានស្នើ​លើកយក​ចំណុច​វិវាទ​ទី​៣ និង​ទី​៤ នៃ​សេចក្តី​បង្គាប់​អាជ្ញាកណ្តាល​លេខ​០១២/២១ ចុះ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២១ មក​ជជែក​ជាមុន ដែល​វា​នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​បុគ្គលិក​ភាគច្រើន ជាជាង​ចំណុច ទី​១ ដែល​ពាក់ព័ន្ធ​តែ​ក្រុម​បុគ្គលិក​មួយចំនួន​តូច​។ ប៉ុន្តែ​ប្រសិនបើ​ភាគី​តំណាង​កម្មករនិយោជិត​នៅតែ​បន្ត​លើក យក​ចំណុច​វិវាទ​ទី​១ មក​ពិភាក្សា​មុន ភាគី​និយោជក​យល់ព្រម​ពិភាក្សា​។

ក្នុង​គម្រោង​រៀបចំ​រចនាសម្ព័ន្ធ​ផ្ទៃក្នុង ក្រុមហ៊ុន​បាន​ត្រួតពិនិត្យ​អំពី​លក្ខខណ្ឌ​ជាច្រើន និង​ជាក់លាក់ ហើយ​ក្រុមហ៊ុន​ប្រើ​ឆន្ទានុសិទ្ធិ​របស់ខ្លួន​ក្នុងការ​សម្រេច​ដោយ​ឆ្លងកាត់​ការប្រឹក្សា​យោបល់​តាមច្បាប់​ស្តីពី​ការងារ​។ រីឯ​ការលើកឡើង​រប​ស់​ភាគី​តំណាង​កម្មករនិយោជិត មានន័យ​ហាក់ដូចជា​សហជីព​ចង់​ដើរតួ​ជា​អ្នក​ទទួលខុស ត្រូវ​អំពី​ដំណើរការ​អាជីវកម្ម​ជំនួស​ក្រុមហ៊ុន​ទៅវិញ​។

បច្ចុប្បន្ននេះ មាន​កម្មករនិយោជិត​ដែល​កំពុង​បម្រើ​ការងារ​ប្រហែល ៦០០​នាក់ នៅតែ​ជា​ចំនួន​ដែល លើសពី​តម្រូវការ​ជាក់ស្តែង​។ ដូចនេះ ប្រសិនបើ​អ្នក​ទាំង ៣០០​នាក់ ដែល​ចង់​លាឈប់​នោះ អាច​សម្រេចចិត្ត ដាក់ពាក្យ​លាឈប់​បាន ហើយ​ក្រុមហ៊ុន​នឹង​ទូទាត់​ប្រាក់​បំណាច់​តាម​ការលាឈប់​ពី​ការងារ​ដោយ​ស្ម័គ្រចិត្ត​។ ដូច្នេះហើយ ទើប​ភាគី​និយោជក​នៅតែ​ចង់​លើកយក​ចំណុច​ផ្សេងទៀត ដែលមាន​ក្នុង​សេចក្តី​បង្គាប់​អាជ្ញាកណ្តាល មក​ពិភាក្សា ព្រោះ​វា​មាន​អត្ថប្រយោជន៍​មិន​ត្រឹមតែ​ចំពោះ​កម្មករនិយោជិត​ដែល​ត្រូវបាន​បញ្ឈប់​ទេ តែ​ក៏មាន អត្ថប្រយោជន៍​ចំពោះ​កម្មករនិយោជិត​ដែល​កំពុងធ្វើការ​ផងដែរ​។

ចំពោះ​ជម្រើស​នៃ​ការដោះដូរ​រវាង​កម្មក​រ​និយោជិត​ដែល​ចង់​លាឈប់​ពី​ការងារ និង​កម្មករនិយោជិត​ដែល ទាមទារ​ចូលធ្វើការ​វិញ គឺ​ភាគី​និយោជក​នឹងមិន​ពិចារណា​ទេ​។

ក្រោយពី​ការពិភាក្សាគ្នា​យ៉ាង​ផុសផុល និង​ការធ្វើ​បទ​បង្ហាញ​អំពី​ទិដ្ឋភាព​ច្បាប់​ពាក់ព័ន្ធ​នឹង​ការទូទាត់​ប្រាក់ បំណាច់​បញ្ចប់​កិច្ចសន្យាការងារ​របស់​អធិការ​ការងារ ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​កំណត់​កាលបរិច្ឆេទ​ប្រជុំ​បន្ទាប់ នៅ​ថ្ងៃ​ពុធ ទី​២៣ ខែមីនា ឆ្នាំ​២០២២ វេលា​ម៉ោង ១៤:៣០​នាទី​។​

បើទោះបីជា​មិនទាន់មាន​ការឯកភាព​គ្នា​ក៏​ក្រសួង​ការងារ នឹង​បន្តធ្វើ​ការសម្របសម្រួល និង​កំណត់​កាលបរិច្ឆេទ ប្រជុំ​បន្តបន្ទាប់​ទៀត ស្របតាម​តួនាទី​ដែល​កំណត់ដោយ​ច្បាប់ ក៏ដូចជា​ការទាមទារ​របស់​គូភាគី​៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds