CHRC បើកសិក្ខាសាលាពិគ្រោះយោបល់លើកទី៦ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​កម្ពុជា

ភ្នំពេញ៖ ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់លើកទី៦ លើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្សកម្ពុជា ​( CHRC ) មានប្រសាសន៍ថា ​សិក្ខាសាលានេះដើម្បីទទួលមតិយោបល់នានា ដើម្បីឲ្យសេក្តីព្រាងច្បាប់នេះ កាន់តែល្អប្រសើរ។

លោកថា ការពិគ្រោះយោបល់ជាបន្តបន្ទាប់ ដើម្បី​ធ្វើ​ឲ្យសេចក្តីព្រាងច្បាប់នេះ​ ពេលដាក់ចេញទៅឲ្យមានតម្លាភាព និងទទួលយកពីគ្រប់ស្ថាប័ន​។ នៅពេលកម្ពុជាបង្កើនស្ថាប័នសិទ្ធិមនុស្សជាតិនេះហើយ មិនមែន​ត្រូវ​ជិះ​សេះលែងដៃនោះទេ ​គឺមានការវាយតម្លៃពីអង្គការសមាគម ​នៃស្ថាប័នសិទ្ធិមនុស្សជាតិនេះទៀត ហើយ​បើគេវាយតម្លៃឃើញល្អ ​នឹងឈរលើគោលការណ៍ទីក្រុងប៉ារីស សំដៅទៅលើពហុនិយម។

បើតាមលោក កែវ រ៉េមី បានបញ្ជាក់ថា​ នេះលើកទី៦ ដែល CHRC ​បានជួបពិគ្រោះយោបល់ជាមួយ ដោយ​មានពិគ្រោះយោបល់ទាំងថ្នាក់តំបន់​ និងស្ថាប័នជាច្រើនទៀត ហើយនឹងមាន​ការចុះទៅ​ដល់​មូលដ្ឋាន​ជួប​ជាមួយពលរដ្ឋតាមបណ្ដាខេត្ត ​រួមទាំងជួបគណបក្សនយោបាយ ដែលមិនមាន​អាសនៈនៅ​ក្នុងរដ្ឋសភា​ ក្នុងការទទួលយកនូវទស្សនៈ ​មតិយោបល់ ​និងធាតុចូលផ្សេងៗ ដើម្បី​ឲ្យ​សេចក្តីព្រាងច្បាប់នេះ​ កាន់តែល្អប្រសើរ ។

លោកស្រី Claudia Dela Fuente តំណាង OHCHR បានមានប្រសាសន៍ថា ការបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា នេះគឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងការពារសិទ្ធិមនុស្សនៅកម្ពុជា ហើយលោកស្រីគាំទ្រ និងបន្តសហការជាមួយ គ.ស.ម.ក.ក្នុងការបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា។

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ​ មានចំនួន៨ជំពូក និង៣២មាត្រា ​បង្កើតឡើងក្នុងគោលដៅ និង​កំណត់អំពីការរៀបចំ ​និងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ស្របតាម​គោលការណ៍ទីក្រុងប៉ារីស ​ក្នុងគោលបំណង ដើម្បីលើកកម្ពស់ ​និងការពារសិទ្ធិមនុស្ស ដោយ​អនុលោម​តាម​បទប្បញ្ញត្តិ ​ដូចមាន​ចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ធម្មនុញ្ញអង្គការ​សហប្រជាតិ ​សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ​កតិកាសញ្ញា​ អនុសញ្ញា និង​លិខិតុបករណ៍អន្តរជាតិទាក់ទងនឹងសិទ្ធិមនុស្ស ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds