កម្ពុជា ស្នើជប៉ុន ជួយទិញផលិតផលកសិកម្មកម្ពុជា ឲ្យបានច្រើន
ភ្នំពេញ ៖ ថ្លែងក្នុងសន្និសីទរួមរវាង សម្តេចតេជោ និងលោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន នៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន ស្នើដល់នាយករដ្ឋមន្រ្តីជប៉ុន ឲ្យជួយទិញផលិតផលកសិកម្មកម្ពុជា ឲ្យបានច្រើន។
សម្តេចតេជោ ហ៊ុន សែន បានអោយដឹងថា «ក្នុងគោលបំណង ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមទៀត រួមទាំងការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី និងបង្កើនវិនិយោគជប៉ុនមកកម្ពុជា ខ្ញុំបានស្នើលោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្ដ្រីជប៉ុន ជួយទិញផលិតផលកម្ពុជា ជាពិសេសផលិតផលកសិកម្ម អាទិភាពរបស់កម្ពុជា ឲ្យបានច្រើនថែមទៀត»។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានលោក គីស៊ីដា ឆ្លើយតបជាវិជ្ជមាន និងស្វាគមន៍ចំពោះច្បាប់វិនិយោគថ្មីរបស់កម្ពុជា ព្រមទាំងបានឯកភាពពង្រីកបន្ថែមទៀត នូវបរិយាកាសវិនិយោគរបស់កម្ពុជា តាមរយៈកិច្ចព្រមព្រៀងវិនិយោគទ្វេភាគី និងកិច្ចប្រជុំវិស័យសាធារណៈ និងឯកជន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះជាក្នុងអំឡុង វិបត្ដជំងឺកូវីដ-១៩ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន នៅតែមានស្ថានភាព ក្នុងរង្វង់ជិត២ពាន់លានដុល្លារអាមេរិក។ ចំណែកអ្នកវិនិយោគជប៉ុន នៅកម្ពុជាវិញបានងើបឡើង នៅឆ្នាំ២០២១ បន្ទាប់ពីការធ្លាក់ចុះយ៉ាងគំហុក នៅឆ្នាំ២០២០។
គូសបញ្ជាក់ថា កម្ពុជា គឺជាដៃគូពាណិជ្ជកម្មរបស់ជប៉ុនលំដាប់ទី៨ ក្នុងអាស៊ាន។ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា និងជប៉ុន សម្រេចបានប្រមាណ ១,៧០០លានដុល្លារអាមេរិក។
ទំនិញដែលកម្ពុជានាំចេញទៅជប៉ុន មានដូចជា៖ សម្លៀកបំពាក់ ស្បែកជើង គ្រឿងសង្ហារឹម គ្រឿងសម្អាង ក្រដាស សម្ភារៈការិយាល័យ ស្បែកសត្វ សត្វពាហៈ លោហធាតុជាដើម។
ចំណែកទំនិញដែលកម្ពុជានាំពីជប៉ុនមាន គ្រឿងម៉ាស៊ីន រថយន្ត សាច់សត្វ គ្រឿងអគ្គិសនី គ្រឿងសង្ហារឹម ក្រដាស កប្បាស ក្រណាត់គ្រប់ប្រភេទ ផលិតផលធ្វើពីប្លាស្ទិច សម្ភារៈកីឡា គ្រឿងបន្លាស់គ្រប់ប្រភេទជាដើម។
សម្រាប់ការវិនិយោគវិញ គិតចាប់ពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០២០ គម្រោងវិនិយោគរបស់ជប៉ុននៅកម្ពុជា មានចំនួន ១៤៤គម្រោង ដែលមានទុនសរុបជិត ៣ពាន់លានដុល្លារអាមេរិក៕