សែនអាណិតណាស់!! កើតជំងឺភឿក សក្បុសមួយតួខ្លួន ភ្នែកក៏ពិបាកមើលខ្លាំង រហូតគ្រូប្រកាសរកជំនួយបន្ទាន់
មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាសម្ដែងក្ដីអាណិតអាសូរ និង ចែករំលែកបន្តគ្នាព្រោងពា្រត ករណីគ្រូបង្រៀនម្នាក់បានប្រកាសរកជំនួយជូនកូនសិស្សរបស់លោក ដោយសារតែក្មេងស្រីមានជំងឺភឿក ភ្នែកចាញ់ពន្លឺថ្ងៃ ពិបាកក្នុងការមើល និង រៀនសូត្រជាខ្លាំង។
ជាក់ស្ដែង បើតាមការបញ្ជាក់របស់លោកគ្រូ ដែលមានគណនីឈ្មោះ Keo Dorn ជាគ្រូបង្រៀននៅអនុវិទ្យាល័យ ទ័ពស្រូវ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខែត្តកំពង់ឆ្នាំង បានបង្ហោះរូបភាពក្មេងស្រី ព្រមជាមួយសារឱ្យបានដឹងថា ៖ «មិនមែនជនជាតិបារាំងទេ គាត់ជាកូនសិស្សរបស់ខ្ញុំ រៀននៅថ្នាក់ទី ៨ (ក) តែគាត់ងងឹតភ្នែកទេ ពិបាកមើល និង សរសេរណាស់។ សុំជួយគាត់ផង បើមានស្គាល់អង្គការណាទាក់ទងនឹងភ្នែក សូមជួយប្រាប់ផង»។
យ៉ាងណាមិញ ក្រោយប្រកាសដំណឹងបែបនេះ តាមរយៈគណនីមួយដែលមានឈ្មោះ Phally Yim បានផ្ដល់ជាយោបល់នៅក្នុងដំណឹងឱ្យបានដឹងថា ៖ «សូមលោកគ្រូ នាំគាត់ទៅសាលាជំនាញ គឺវិទ្យាល័យអប់រំពិសេស មាននៅភ្នំពេញថ្មី ផ្លូវហាណូយ, ខេត្តសៀមរាប ជិតសាលាករុកោសល្យខេត្ត, ក្រុងបាត់ដំបង ខាងត្បូងសាលាខេត្ត, ខេត្តកំពង់ចាម នៅទល់មុខទន្លេអុំ ជាប់សាលាគរុកោសល្យខេត្ត។ ក្មេងភឿក គេចាញ់ពន្លឺខ្លាំង បើត្រូវពន្លឺហៀរទឹកភ្នែក អាចធ្វើឱ្យរលាកស្បែក របកៗ ដូច្នេះសូមនាំក្មេងទៅរកវិទ្យាល័យទាំងប្រាំណាមួយ ដែលនៅជិតទៅ ដើម្បីជួយឱ្យក្មេងបានបន្តការសិក្សា ដែលគ្រប់សាលាទាំងប្រាំ គឺមានកន្លែងឱ្យស្នាក់នៅ»៕