អានហើយព្រឺសម្បុរ! បងប្រុសម្នាក់ និយាយរឿង បន្ទប់ អូ “O” ដែលជាបន្ទប់បុគ្គលិកសំរាក និងដេកយាមប្រចាំការក្នុងមន្ទីរពេទ្យ ស្រាប់តែជួប…
បន្ទប់ អូ “O” គឺជាឈ្មោះបន្ទប់មួយ ដែលត្រូវបានដាក់ឈ្មោះអោយ សំរាប់សំគាល់ ជាបន្ទប់បុគ្គលិកសំរាក និងដេកយាមប្រចាំការក្នុងមន្ទីរពេទ្យខ្ញុំធ្វើការសព្វថ្ងៃ។ ដោយសារតែខ្ញុំមានបន្ទប់ផ្ទាល់ខ្លួនមួយ ខ្ញុំមិនដែលបានចូលក្នុងបន្ទប់ អូ នេះទេ។ តែបុគ្គលិកដែលចូលសំរាកក្នុងបន្ទប់នេះ តែងតែនិយាយថា ជារឿយៗមិនថាយប់ឬថ្ងៃមានអ្វីមករំខានពួកគេ ពេលដែលពួកគេដេកម្នាក់ឯង ដូចជា មានស្រមោលរត់កាត់ពីលើខ្លួមគេ ឮសំលេង ជញ្រ្ជាំជ្រុញ ឮសំលេងផ្សេងៗ…។
ដោយចង់ដឹងច្បាស់ នាយប់ស្ងាត់មួយ ដែលក្នុងបន្ទប់នេះមិនមានមនុស្សគេង ខ្ញុំក៏តាំងចិត្តចូលទៅក្នុងបន្ទប់។ ខ្ញុំមើលម៉ោង គឺម៉ោងជិត11យប់។ មានភ្លើងបើកបំភ្លឺចោលក្នុងបន្ទប់នេះរួចជាស្រេច។ ខ្ញុំយកសោរដែលខ្ញុំត្រៀមទុកមកចាក់បើកបន្ទប់នេះ។ ទ្វារបន្ទប់បានបើក ខណៈខ្ញុំឈានជើងចូលបន្ទប់ ភ្លើងរលត់ល្មម។ ខ្ញុំក៏ថយក្រោយវិញ មិនទាន់ដើរចូលទៅទេ ព្រោះងងិតមើលមិនឃើញ ខ្ញុំខ្លាចដើរជំពុបជើង។ ខ្ញុំក៏ដើរមកក្នុងទីធ្លារខាងក្រៅ ដែលមានពន្លឺ ដោយសារអំពូលភ្លើងប្រើថាមពលព្រះអាទិត្យ។
ខ្ញុំមិនមែនជាមនុស្សអបិយ៍ជំនឿ ហើយក៏មិនបានបដិសេធន៍ នូវជំនឿអរូបិយ័នោះដែរ។ ខ្ញុំគិតថា អ្វីដែលវិទ្យាសាស្ត្ររកមិនទាន់ឃើញ មិនមែនបានន័យថា គ្មាននោះទេ។ ខ្ញុំតែងគិតថា អ្វីដែលកើតមានហើយ វានឹងមិនបាត់បង់ទៅវិញនោះទេ គ្រាន់តែវាផ្លាល់ប្តូររូបរាង និងផ្លាស់ប្ដូរទីកន្លែង។ ដូច្នេះខ្ញុំតែងតែគិតថា វិញ្ញាណគឺអាចមានពិតមែន។
កំពុងដើរត្រេតត្រតគិតចុះគិតឡើង ភ្លើងក៏ភ្លឺឡើងវិញ។ ខ្ញុំមើលម៉ោង គឺម៉ោង12អធ្រាត្រ។ ខ្ញុំក៏ដើរទៅរុញទ្វារបន្ទប់ “អូ”ម្តងទៀត។ តែមុនឈានជើងចូលក្នុងបន្ទប់ ខ្ញុំនិយាយខ្សឹបៗថា “បើវិញ្ញាណមាននៅទីនេះមែនសូមកុំប្រកាន់ខ្ញុំអី ខ្ញុំមកនេះ មិនមែនចង់ផ្ចាញ់ផ្ចាល ឬ ថាមិនជឿនោះដែរ គឺមកដើម្បីបញ្ជាក់អោយច្បាស់តែប៉ុណ្ណោះ” ។ ក្រោយនិយាខ្សឹបៗរួច ខ្ញុំបានដើរចូលក្នុងបន្ទប់។ មិនមែនខ្ញុំមិនចេះខ្លាចនោះទេ តែខ្ញុំប្រឹងតាំងចិត្តថា ខ្ញុំត្រូវតែធ្វើអោយបានដើម្បីដឹងការពិតមួយ។
ខ្ញុំក្រឡេកមើលគ្រប់ជ្រុងជ្រោយនៃបន្ទប់ ឃើញបន្ទប់ហាក់ដូចជាបន្ទប់ត្រូវគេបោះបង់ចោលរាប់ឆ្នាំ។ មិនមានឃើញអ្វីប្លែក ក្រៅពីភាពចាស់ និង ភាពរញ៉េរញ៉ៃនៃបន្ទប់។ ខ្ញុំក៏ចាប់ផ្ដើមអង្គុយ សមាធិ។ ពេលសមាធិ ខ្ញុំផ្ដោតអារម្មណ៍តែទៅលើ ខ្យល់ដង្ហើមចេញចូល ខ្ញុំឈប់ចាប់អារម្មណ៍ពីអ្វីៗទាំងអស់។ ក្នុងរយៈពេលប្រហែល10នាទី ដែលខ្ញុំសមាធិនោះ អារម្មណ៍ខ្ញុំដឹងថា មានខ្យល់បោកបក់ខ្លាំងគឺមេឃជិតភ្លៀង និងមានភ្លៀង តែខ្ញុំមិនចាប់អារម្មណ៍ជាមួយខ្យល់បកបោកនោះទេ។ ក្រោយខ្ញុំស្រាយសមាធិ ខ្ញុំឃើញកង្ហារបញ្ឈរមួយនៅមាត់ទ្វារ កំពុងវឹលបែរមកខ្ញុំ ដែលមុននោះខ្ញុំមិនបានបើកកង្ហារនោះទេ ដោយសារតែខ្ញុំខ្លាចតិចៗ ហើយផ្ដិតអារម្មណ៍ទៅលើតែរឿងវិញ្ញាណ។
ខ្ញុំគិតថា មានអ្វីខុសធម្មតាហើយ តែខ្ញុំខំសំលឹងគ្រប់កន្លែងមិនឃើញមានអ្វីសោះ។ ពេលនោះខ្ញុំទាញទូរស័ព្វមកថត។ ខ្ញុំគិយថា ក្រែងទូរស័ព្វ មានសមត្ថភាពជាងភ្នែករបស់ខ្ញុំ ពេលឃើញបង្អួចញ័ររ៉ោករ៉ាក់ ខ្ញុំបង្វែរ Camera ថតទៅបង្អួច ពេលឃើញកំប៉ុងជើងធូបហុយផេះ ខ្ញុំបង្វែរថតកំប៉ុង… ។ មិនឃើញមានអ្វីប្លែក។
ចុងក្រោយមុនដើរចេញពីបន្ទប់ ខ្ញុំក៏នឹកឃើញថត Selfieមួយ។ ពេលទាញទូរស័ព្វSelfie ខ្ញុំភ្ញាក់ ភ័យ សឹងតែជ្រុះទូរស័ព្វពីដៃ ព្រឺក្បាល សក់ឡើងបះជ្រោង តែខ្ញុំប្រឹងប្រមូលស្មារតីឡើងវិញ។ ព្រោះនេះជាអ្វីដែលខ្ញុំចង់ដឹង។ គឺអ្វី ? គឺស្រមោលខ្មៅស្ទុង ញញឹមធ្មេញស្ញេញ កំពុងចាំselfieជាមួយខ្ញុំ។ ខ្ញុំទប់ស្មារតី កាន់ទូរស័ព្វញ័រៗ បំរុងចុចថត ខណៈស្រមោល ចេះតែខិតមកមុខជិតខ្លួនរបស់ខ្ញុំ ពេលដែលខ្ញុំរៀបចុចថត ស្រមោលនោះក៏រលាយបាត់មួយរំពេច។
ប្រហែលខ្ញុំមានពាក់បន្តោងខ្សែក ធ្វើអំពីព្រះបានជាស្រមោលនោះមិនអាចមកប៉ះខ្ញុំបាន។ ខ្ញុំក៏ដើរថយក្រោយមករកមាត់ទ្វារចេញ។ ពេលមកដល់មាត់ទ្វារ ខ្ញុំនិយាយខ្សឹបៗថា “ខ្ញុំបានឃើញហើយ ឈប់អោយខ្ញុំឃើញជារៀងរហូត ក៏អត់ថាអីដែរ”។ ពេលខ្ញុំចេញមកក្រៅបន្ទប់ ភ្លៀងក៏គ្មាន ខ្យល់ក៏មិនបោកបក់ខ្លាំង។