ក្រសួងពាណិជ្ជកម្ម ព្រមានចាត់វិធានការចំពោះស្ថានីយប្រេងឥន្ធនៈដែលលក់លើសតម្លៃកំណត់ និងផ្អាកលក់ដើម្បីទុកប្រេងលក់ឡើងថ្លៃ

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានព្រមានចាត់វិធានការ ចំពោះស្ថានីយប្រេងឥន្ធនៈណាលក់លើសតម្លៃដែលក្រសួងបានកំណត់ និងស្ថានីយណា ដែលផ្អាកការលក់បណ្តោះអាសន្ន ដើម្បីទុកប្រេងលក់ដំឡើងថ្លៃនាពេលខាងមុខ បន្ទាប់ពីក្រសួងរកឃើញថា មានស្ថានីយប្រេងឥន្ធនៈមួយចំនួន ដែលភាគច្រើន នៅតាមបណ្តាខេត្តនានា បានប្រព្រឹត្តបែបនេះ។

យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម បានផ្ញើជូនអភិបាលខេត្តទាំងអស់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមីនានេះបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មពិនិត្យឃើញថា គ្រប់ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ របស់ក្រុមហ៊ុនប្រេងឥន្ទនៈនៅកម្ពុជា នៅបន្តថាលក់ជាធម្មតាដែលភាគច្រើន មានទីតាំងនៅកណ្តាលរាជធានីភ្នំពេញ ឬនៅតាមបណ្តាទីរួមខេត្ត ឬទីរួមស្រុក ប៉ុន្តែចំពោះដេប៉ូស្ថានីយប្រេងឥន្ធនៈឯកជនមួយចំនួន ដែលភាគច្រើននៅតាមដងផ្លូវក្រៅពីទីរួមខេត្ត ឬទីរួមស្រុក បានផ្អាកការលក់រាយរបស់ខ្លួន និងមួយចំនួនបានឡើងថ្លៃប្រេងឥន្ធនៈមុនការកំណត់។

ក្រសួងបានស្នើឱ្យអភិបាលខេត្តទាំងអស់ ជួយជំរុញឱ្យដេប៉ូស្ថានីយប្រេងឥន្ធនៈឯកជនទាំងនោះ អនុវត្តតាមគោលការណ៍ច្បាប់ ឬសហការផ្តល់ព័ត៌មានមកមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) រាជធានី-ខេត្ត មន្ត្រីពាណិជ្ជកម្មរាជធានីខេត្ត និងមន្ត្រីពាក់ព័ន្ធ។

លិខិតរបស់ក្រសួងបានបញ្ជាក់ថា «សូមមេត្តាចូលរួមសហការ និងចាត់វិធានការណ៍ ចំពោះដេប៉ូស្ថានីយប្រេងឥន្ធនៈឯកជន ឱ្យអនុវត្តតាមគោលការណ៍ដែលបានកំណត់ ដើម្បីរក្សាស្ថិរភាព និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា»

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជបានប្រាប់បណ្តាញព័ត៌មាន Fresh News ថា មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំរាជធានី-ខេត្ត នឹងបន្តឃ្លាំមើលសកម្មភាពនេះ ដើម្បីចាត់វិធានការទៅលើស្ថានីយដែលប្រពឹត្តខុស។

លោកបានគូសបញ្ជាក់ថា «តាមប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ស្ថានីយប្រេងឥន្ធនៈទាំងអស់ ចាំបាច់ត្រូវតែមានស្តុកប្រេង៩២ និងប្រេងម៉ាស៊ូត លក់សម្រាប់សាធារណជន ហើយមិនអាចលក់ប្រេងស៊ុបពែរតែមួយមុខបានទេ ហើយការលក់ត្រូវលក់ទៅតាមការកំណត់របស់ក្រសួងពាណិជ្ជកម្ម។ វាជាការកំណត់មួយរបស់រដ្ឋ ហើយប្រសិនបើគាត់បិទទ្វារ ដោយសារគាត់អស់ប្រេងជារឿងមួយធម្មតាទេ តែបើគាត់បិទដោយសារស្តុកប្រេងមានបំណងឡើងថ្លៃ គឺជាសកម្មភាពមួយនាំឱ្យមានការខុសឆ្គងហើយ។ ហើយ ក.ប.ប នឹងឃ្លាំមើលសកម្មភាពអសកម្មបែបនេះ»

លោកបន្តថា ក្រសួងពាណិជ្ជកម្មបានកំណត់ឱ្យក្រុមហ៊ុននាំចូល ត្រូវមានសន្និធិប្រេងសម្រាប់ការប្រើប្រាស់រយៈពេលមួយខែ។ ចំពោះការនាំចូលសាំងវិញ អ្នកនាំពាក្យរូបនេះបានឱ្យដឹងថា តាមរយៈកិច្ចប្រជុំកាលពីថ្ងៃសុក្រសប្តាហ៍មុន មិនទាន់មានក្រុមហ៊ុនណាមួយលើកឡើង ពីសញ្ញានៃការរអាក់រអួលនៃការនាំចូលប្រេងឥន្ធនៈនោះទេ។ ប្រេងនៅតែមាននាំចូលជាធម្មតា សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ប៉ុន្តែតម្លៃអាចនឹងមានការកើនឡើងជាងមុន។

លោក ទួន សុផល ប្រជាពលរដ្ឋរស់នៅខេត្តកំពង់ឆ្នាំង បានឱ្យបណ្តាញព័ត៌មាន Fresh News ដឹងដែរថា មុនពេលដែលក្រសួងចេញប្រកាស ពីការកំណត់តម្លៃលក់រាយប្រេងឥន្ធនៈ ស្ថានីយលក់ប្រេងដែលលោកបានចាក់រាល់ដង បានឡើងថ្លៃរហូតដល់ ៥៥០០ក្នុងមួយលីត្រសម្រាប់សាំងធម្មតា។ ប៉ុន្តែនៅថ្ងៃនេះ នៅនេះលោកសង្កេតឃើញថា ពួកគេបានដាក់លក់តម្លៃ៥៣០០រៀល តាមការកំណត់របស់ក្រសួងវិញ បន្ទាប់ពីក្រសួងបានចេញលិខិតព្រមាន។

លោកបន្តថា «កាលពីសាំងក្រសួងមិនទាន់ ប្រកាសនៅតម្លៃ៤៨០០រៀល ខ្ញុំចាក់នៅខេត្តកំពង់ឆ្នាំង ក្បែរផ្សារសាលាលេខប្រាំតម្លៃ៥៥០០រៀលក្នុងមួយលីត្រសាំងធម្មតា ហើយមិត្តភក្តិខ្ញុំនៅខេត្តផ្សេងទៀត ក៏គេថាតម្លៃ៥៨០០រៀល ទៅ៦០០០រៀលទៅហើយ។ ហើយមួយចំនួនទៀត នៅជាយរាជធានីភ្នំពេញក៏អីចឹងដែរ សាំងដបក៏ឡើងថ្លៃជាងការ៉ាស់ធំៗ»

តម្លៃប្រេងបានកើនឡើងប្រហែល៦ភាគរយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បន្ទាប់ពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឱ្យដឹងថា ទីផ្សារអាចបាត់បង់ផលិតផលប្រេងឆៅ និងប្រេងចម្រាញ់របស់រុស្ស៊ីចំនួន ៣លានបារ៉ែលក្នុងមួយថ្ងៃ។ នេះបើយោតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅប្រភេទ Brent របស់អង់គ្លេសបានកើនឡើង ៦,៤១ដុល្លារអាមេរិក ឬ ៦,៥ភាគរយដល់ ១០៤,៤៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់អាមេរិកបានកើនឡើង ៥,៩៥ដុល្លារ ឬ ៦,៣ភាគរយ ដល់ ១០០,៩៩ ដុល្លារក្នុងមួយបារ៉ែល។

តាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងលក់រាយនៅលើទីផ្សារអន្តរជាតិ តម្លៃជាមធ្យមនៅដើមខែមីនានេះ ១២៩ដុល្លារ ក្នុងមួយប៉ារ៉ែល។

លោក ប៉ែន សុវិជាតិ មានប្រសាសន៍ថា ប្រសិនបើសភាពការណ៍នៃការចរចាបញ្ចប់សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ទៅរកភាពល្អប្រសើរនឹងធ្វើឱ្យប្រេងធ្លាក់ថ្លៃ ប៉ុន្តែបើទីផ្សារនៅបន្តឡើងថ្លៃ ប្រេងនៅកម្ពុជាក៏ត្រូវលក់ថ្លៃតាមទីផ្សារអន្តរជាតិដែរ។

«យើងសង្កេតឃើញថា ការចរចាបន្ធូបន្ថយជុំទី៣ ដែលបើកឱ្យមានជម្លៀសខ្លួនជនភៀសខ្លួនហើយលឺថា បន្ធូរបន្ថយបទឈប់បាញ់ ប្រេងឆៅធ្លាក់មកនៅជិតមួយរយពីសប្តាហ៍មុន។ អីចឹងប្រសិនបើសភាពការប្រែប្រួលទៅភាពងាយស្រួលជាងនេះទៅវិញ ប្រេងធ្លាក់ថ្លៃហើយ ប៉ុន្តែបើទីផ្សារនៅតែបន្តឡើងថ្លៃប្រេងឆៅ ជាការពិតណាស់ ប្រទេសកម្ពុជាយើងដែលនាំចូលប្រេងចម្រាញ់រួចមកប្រើប្រាស់ យើងជៀសមិនផុតពីការលក់ទៅតាមតម្លៃប្រេងអន្តរជាតិទេ»។ លោក ប៉ែន សុវិជាតិ លើកឡើងបន្ថែម៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds