វិមានក្រឹមឡាំងផ្ដាំទៅលោក បៃដិន៖ សហរដ្ឋអាមេរិក គ្មានសិទ្ធិប្រៀនប្រដៅរុស្ស៊ី ពីឧក្រិដ្ឋកម្មសង្រ្គាមឡើយ

(ឡុងដ៍)៖ វិមានក្រឹមឡាំង នៅថ្ងៃពុធសប្ដាហ៍នេះ បាននិយាយថាការចោទប្រកាន់របស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិនថាលោកប្រធានាធីបតី វ្ល៉ាឌីមៀ ពូទីន គឺជា «ឧក្រិដ្ឋជនសង្រ្គាម» ជុំវិញសង្រ្គាមអ៊ុយក្រែន គឺជាពាក្យសម្ដីមិនអាចលើកលែងឱ្យបានចេញពីមាត់មេដឹកនាំ នៃប្រទេសមួយដែល បានសម្លាប់ប្រជាជនស៊ីវិល នៅក្នុងជម្លោះរាប់មិនអស់នៅជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២។

ប្រតិកម្មខ្លាំងៗរបស់វិមានក្រឹមឡាំង កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ធ្លោយមាត់ដោយហៅ លោក ពូទីនថាជាឧក្រិដ្ឋជនសង្រ្គាម នៅចំពោះមុខអ្នកសារព័ត៌មានកាលពីថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ ឆ្លើយតបទៅនឹងសំណួរ អ្នកសារព័ត៌មានជុំវិញពាក្យសម្ដីរបស់លោក ចូ បៃដិន, អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានសង្កត់ធ្ងន់ថាវាជា រឿងមិនអាចទទួលយកបាន និងមិនអាចលើកលែងឱ្យបានជាដាច់ខាត។

លោកបន្ថែមទៀតថា លោក បៃដិន គ្មានសិទ្ធិប្រៀនប្រដៅរុស្ស៊ីពីឧក្រិដ្ឋកម្មសង្រ្គាមនោះទេ ព្រោះលោកជាមេដឹកនាំនៃប្រទេសមួយដែលបានទម្លាក់ គ្រាប់បែកសម្លាប់ជនស៊ីវិលនៅទូទាំងពិភពលោកអស់រយៈពេលជាច្រើនឆ្នាំមកនេះ ដូច្នេះមេដឹកនាំប្រទេសរបៀបនេះគ្មានសិទ្ធិអ្វី ធ្វើសេចក្ដីថ្លែងការណ៍ចោទប្រកាន់លើលោកប្រធានាធិបតី ពូទីនឡើយ។

គួរបញ្ជាក់ថា ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចចោទថារុស្ស៊ីកំពុងសម្លាប់ជនស៊ីវិលនៅអ៊ុយក្រែន លោក ប៉េស្កូវ ក៏បានរំឮកឡើង វិញផងដែរថាសហរដ្ឋអាមេរិកបានទម្លាប់គ្រាប់បែកនុយក្លេអ៊ែរក្នុងប្រទេសជប៉ុន កាលពីឆ្នាំ១៩៤៥ ដោយបានបំផ្លាញទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្កាសាគី ហើយបណ្ដាលឱ្យប្រជាជនស៊ីវិលជប៉ុនរាប់សែននាក់ស្លាប់ភ្លាមៗ និងជាច្រើននាក់ទៀតស្លាប់ដោយសារធាតុវិទ្យុសកម្មជាច្រើនឆ្នាំមកនេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds