មេអង្គការមូលនិធិអាស៊ី ៖ បច្ចុប្បន្នកំពុងតែយកចិត្តទុកដាក់ទៅលើការប្រើប្រាស់បច្ចេកវិទ្យា លើកកម្ពស់ស្ត្រី យុវជន និងអភិបាលកិច្ចល្អ
ភ្នំពេញ៖ ប្រធានអង្គការមូលនិធិអាស៊ី ( Asia Foundation ) នៅកម្ពុជា ដែលបច្ចុប្បន្ន កំពុងតែយកចិត្តទុកដាក់ទៅលើការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់ស្ត្រី និងយុវជន ការពង្រឹង និងអភិបាលកិច្ចល្អ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការកសាងភាពធន់ផ្នែកបរិស្ថាន ដោយរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយភាពសុខដុមរមនា ។
ថ្លែងក្នុងជំនូបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី ១៧ ខែមីនាឆ្នាំ ២០២២នេះ លោក David Arnold បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្ដេចតេជោ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជូនដល់អង្គការ Asia Foundation ដែលញ៉ាំងឱ្យអង្គការ Asia Foundation បំពេញបេសកកម្មរបស់ខ្លួនបានយ៉ាងរលូន និងទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរយៈពេល ៤០ឆ្នាំជាងកន្លងមកនេះ និងបានថ្លែងអំណរគុណអង្គការ Asia Foundation ជាមួយនឹងការលើកទឹកចិត្តឱ្យអង្គការនេះ បន្តការងារផង និងស្វែងរកការងារដទៃទៀត ដើម្បីចូលរួមចំណែកក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងកាលៈទេសៈកូវីដ-១៩ នឹងពេលដែលកម្ពុជាកំពុងតែបើកសេដ្ឋកិច្ចឡើងវិញនេះ៕