មេ SOS គាំទ្រការថ្លែងរបស់សម្ដេចតេជោ អំពីការបារម្ភ និងយកចិត្តទុកដាក់ចំពោះសុខមាលភាព និងអនាគតរបស់កុមារ
ភ្នំពេញ ៖ ប្រធានអង្គការ SOS បានពេញចិត្តចំពោះការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន អំពីការបារម្ភ និងយកចិត្តទុកដាក់ចំពោះសុខមាលភាព និងអនាគតរបស់កុមារ ។
ថ្លែងក្នុងជំនូបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី ១៧ ខែមីនាឆ្នាំ ២០២២នេះ លោកបណ្ឌិត Wordofa Dereje ប្រធានអង្គការកុមារ SOS អន្តរជាតិ បានជម្រាបជូនសម្ដេចតេជោ ថា លោកពិតជាមានកិត្តិយសជាអនេក ដែលបានសម្ដេចតេជោអញ្ជើញចូលរួមជាអធិបតីក្នុងការសម្ពោធដាក់ឱ្យប្រើប្រាស់ភូមិកុមារ SOS នៅព្រៃវែងកាលពីម្សិលមិញនេះ ។
លោកក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឲ្យអង្គការ SOS ធ្វើជាដៃគូកន្លងមក ហើយដៃគូនេះទៀតសោត បានអនុញ្ញាតឲ្យអង្គការ SOS មានដំណើរការកាន់តែខ្លាំងឡើង ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ក្នុងការបំពេញបេសកកម្មជួយដល់កុមារ និងផ្ដល់ជូន កុមារ និងក្រុមគ្រួសារនូវ ក្តីស្រឡាញ់ ការថែទាំ និងជាពិសេសការអប់រំ ដើម្បីជួយដល់កុមារទាំងនោះឲ្យបានប្រែក្លាយសុបិនរបស់ពួកគេទៅជាការពិត ។
លោកក៏បានប្ដេជ្ញាចំពោះសម្ដេចតេជោ ហ៊ុន សែន ថាអង្គការ SOS នឹងប្រឹងប្រែងបន្តទៀត ដើម្បីជួយដល់កុមារឲ្យកាន់តែច្រើនឡើង ក្នុងការសម្រេចបានក្នុងក្តីសុបិន្តរបស់ពួកគេ ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវសេចក្តីរីករាយជាមួយនឹងភាពជាដៃគូ SOS ដែលចំណងទាក់ទង ២០ឆ្នាំ មិនមានការថយចុះនេះបង្ហាញ នូវភាពរឹងមាំ ភាពជាដៃគូរបស់អង្គការ SOS និងរាជរដ្ឋាភិបាលកម្ពុជា ។ សម្ដេចតេជោ មានប្រសាសន៍ថា នៅលើពិភពលោកយើងនេះ មិនមានប្រទេសណារងគ្រោះខ្លាំងជាងគេ ដូចប្រទេសកម្ពុជានោះទេ ប៉ុន្តែយ៉ាងណាក៏ដោយកម្ពុជា មិនអនុញ្ញាតឲ្យកុមារ និងយុវជនកម្ពុជា អត់បាយនោះទេ ។
សម្តេចតេជោ បានបញ្ជាក់ថា ការិយាល័យល្អ មិនមែនជាអាទិភាពរបស់កម្ពុជា សម្រាប់មន្ត្រីកម្ពុជានោះទេ ប៉ុន្តែជម្រកនឹងសេចក្តីត្រូវការរបស់កុមារទេ ដែលជាអាទិភាពរបស់កម្ពុជា ។
សម្ដេចតេជោ បានឯកភាពជាមួយអង្គការ SOS ក្នុងការថែរក្សាកុមារ ដើម្បីឱ្យកុមារចេញទៅមានចំណេះវិជ្ជាអាចរកការងារធ្វើ អាចបម្រើការងារ ឬអាចប្រកបអាជីវកម្មតាមក្តីសុបិនរបស់ពួកគេ ៕