សម្ដេច​តេ​ជោ ៖ ខ្ញុំ​នឹង​ធ្វើ​ជា​នាយក​រដ្ឋមន្ដ្រី​ រហូត​ដល់​មិន​ចង់​ធ្វើ ដោយ​លែង​កំណត់​ឆ្នាំ​ទៀត​ហើយ

ភ្នំពេញ ៖ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ « ភូមិ​កុមារ SOS ព្រៃវែង » នា​ព្រឹក​ថ្ងៃ​ទី​១៧ មីនា ឆ្នាំ​២០២២​ថា សម្ដេច​តេ​ជោ ហ៊ុន សែន​ប្រកាស​សារ​ជា​ថ្មី​ថា សម្ដេច​នឹង​ធ្វើ​ជា​នាយក​រដ្ឋមន្ដ្រី​កម្ពុជា រហូត​ដល់​មិន​ចង់​ធ្វើ ដោយ​លែង​កំណត់​ឆ្នាំ​ទៀត​ហើយ ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា មេដឹកនាំ​កម្ពុជា​សព្វថ្ងៃ កើត​ចំ​ពេល ប្រទេស​មាន​សង្គ្រាម ហើយ​ក៏​មាន​ស្ថានភាព​ដ៏​លំបាក ជា​ពិសេស កម្ពុជា​បាន​ឆ្លងកាត់​ការ​លំបាក​ច្រើន​ណាស់ ទើប​មានការ​រីក​ចម្រើន​មក​ដល់​សព្វ​ថ្ងៃនេះ ។

សម្ដេច​តេ​ជោ បាន​បញ្ជាក់​ថា «​ខ្ញុំ​និយាយ​សារ​ជា​ថ្មី​ថា ខ្ញុំ​នឹង​ធ្វើ​ជា​នាយ​រដ្ឋមន្ដ្រី រហូត​ដល់​ខ្ញុំ ឈប់​ចង់​ធ្វើ​ជា​នាយក​រដ្ឋមន្ដ្រី​ចង់​អ្នក​ណា ថា​អី ថា​ទៅ យើង​នឹង​ធ្វើ​ជា​នាយក​រដ្ឋមន្ដ្រី​រហូត​ដល់​មិន​ចង់​ធ្វើ​»​។

សម្ដេច​តេ​ជោ ក៏​បាន​រំលឹក​ថា នា​ពេល​ដំបូង​សម្ដេច​ក៏​បាន​កំណត់​ធ្វើ​ជា​នាយក​រដ្ឋមន្ដ្រី​រយៈពេល​៥​ឆ្នាំ ដល់​១០​ឆ្នាំ ប៉ុន្ដែ​ឥលូវ​នេះ​សម្ដេច អត់​កំណត់​ទៀត​ឡើយ​សម្ដេច នឹង​ធ្វើ​នាយក​រដ្ឋមន្ដ្រី​រហូត​ដល់​មិន​ចង់​ធ្វើ ។

នា​ឱកាស​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​លើក​ទៀត​ថា មាន​បណ្ដា​ប្រទេស​អ្នកមាន​មួយ​ចំនួន​បាន​ប្រដៅ​ប្រទេស​កម្ពុជា​នោះ សម្ដេច​តេ​ជោ បាន​ឆ្លើយ​តប​វិញ​ថា «​ពួក​អ្នកឯង​មានសំណាង​ល្អ ត្រង់​កើត​ក្នុង​ប្រទេស​អ្នកមាន​ប៉ុណ្ណោះ ប៉ុន្ដែ​ត្រង់​ខួរ ក្បាល​ពួក​អ្នកឯង មិន​ប្រាកដ​ប្រ​កែ​ជាង​ខ្ញុំ​ទេ​»​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds