ក្រុមហ៊ុន និងកសិករ ស្ទាក់ស្ទើរក្នុងការចិញ្ចឹមជ្រូក ដោយរង់ចាំការដេញថ្លៃជ្រូករស់នាំចូលរបស់ក្រសួងចេញជាផ្លូវការ
ភ្នំពេញ៖ បន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើក្រសួងកសិកម្មឱ្យរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់ប្រកបដោយភាពប្រកួតប្រជែង ដើម្បីរក្សាស្ថិរភាពថ្លៃនៅលើទីផ្សារក្នុងកម្រិតមួយសមរម្យនៅពេលមានកង្វះការផ្គត់ផ្គង់ជ្រូកនៅក្នុងស្រុក ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អះអាងថា ក្រុមហ៊ុន និងកសិករ កំពុងស្ទាក់ស្ទើរក្នុងការទិញកូនជ្រូកយកមកចិញ្ចឹមជាថ្មី ដោយរង់ចាំយន្តការដេញថ្លៃជ្រូករស់នាំចូលរបស់ក្រសួងចេញជាផ្លូវការ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានថ្លែងដូច្នេះថា« ដោយសារមិនទាន់ច្បាស់លាស់អំពីយន្តការនៃការដេញថ្លៃជ្រូករស់នាំចូល ដែលក្រសួងគ្រោងដាក់ចេញ សព្វថ្ងៃកសិករ មិនទាន់ហ៊ានសម្រុកចិញ្ចឹមបន្ថែមទៀត នៅឡើយ»។« រដ្ឋាភិបាល មិនសម្លាប់កសិករខ្លួនឯងទេ.. យើងមិនទាន់ដឹងថា គោលការណ៍ដេញថ្លៃនេះរបៀបម៉េច យើងអត់ទាន់សន្និដ្ឋានបាននៅឡើយ។ ជួនកាលយន្តការនេះល្អដល់វិស័យចិញ្ចឹមសត្វក៏ថាបាន យើងអត់អាចនិយាយបានដោយសារមិនទាន់អនុវត្ត»។
បើតាមលោក ស៊្រុន ពៅ បានលើកឡើងថា សព្វថ្ងៃការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកគ្រប់គ្រាន់ហើយ មិនគួរនាំចូលពីខាងក្រៅទេ។ «ជាក់ស្តែងយើងបានផ្អាកនាំចូលរយៈពេល ៦ខែហើយ ឃើញថា ជ្រូកក្នុងស្រុកអត់មានខ្វះទីផ្សារ ហើយសល់ថែមទៀត»។ រាល់ថ្ងៃថ្លៃដើមផលិតរបស់អ្នកចិញ្ចឹមចំណាយអស់ ១២ ០០០រៀល ចំពោះការលក់ចេញបានតែ ១១ ០០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាមជ្រូករស់ ដែលតម្លៃលក់ចេញនេះ មិនដល់ថ្លៃដើម ធ្វើកសិករខាតបង់ ដែលនេះជាកត្តាប្រឈមចំពោះអ្នកចិញ្ចឹម។ ការចិញ្ចឹមដែលអាចឲ្យកសិករ និងក្រុមហ៊ុនទទួលបានប្រាក់ចំណេញ គឺតម្លៃចន្លោះពី ១២,០០០រៀល ទៅ ១៣.០០០រៀល ក្នុងមួយគីឡូក្រាម។
សូមរំលឹកផងដែរថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញលិខិតដែលផ្ញើជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម កាលពីថ្ងៃទី ៨ ខែកុម្ភៈ បានបញ្ជាក់ថា ដោយសារតែតម្លៃសាច់ជ្រូកមានការឡើងថ្លៃជាបន្តបន្ទាប់រហូតដល់តម្លៃពី ២៥ ០០០-២៦ ០០០ រៀលក្នុង ១ គីឡូក្រាម ក្នុងឆ្នាំ ២០២១ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដូច្នេះការរៀបចំយន្តការដេញថ្លៃជ្រូករស់ ដើម្បីធានាឱ្យបានការនាំចូលជ្រូករស់ស្ថិតក្នុងតម្លៃមួយប្រកបដោយភាពប្រកួតប្រជែង រក្សាស្ថិរភាពថ្លៃជ្រូករស់ និងថ្លៃលក់សាច់ជ្រូកនៅលើទីផ្សារក្នុងកម្រិតមួយសមរម្យ។ ប៉ុន្តែយន្តការនេះត្រូវប្រើប្រាស់នៅពេលដែលមានកង្វះការផ្គត់ផ្គង់ក្នុងស្រុកតែប៉ុណ្ណោះ ពោលគឺពុំត្រូវបានយកមកអនុវត្តជាប្រចាំឡើយ ដើម្បីកុំឱ្យប៉ះពាល់ដល់ផលប្រយោជន៍អ្នកចិញ្ចឹមជ្រូកនៅក្នុងស្រុក។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះតម្រូវការសាច់ជ្រូកនៅលើទីផ្សារកម្ពុជា មានប្រមាណ ៨ ពាន់ក្បាល ក្នុង ១ថ្ងៃ ដែលផ្គត់ផ្គង់ដោយជ្រូកក្នុងស្រុកទាំងស្រុង៕