មន្ត្រី ៖ គ្មានជនណាម្នាក់មានសិទ្ធិទិញឬលក់ដីធ្លីនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ឡើយ
កែប៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន គ្មានជនណាម្នាក់មានសិទ្ធិទិញឬលក់ដីធ្លីនៅក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះនៅតាមបណ្ដាខេត្តនានាបានឡើយ ហើយក្រសួងបរិស្ថានស្នើឱ្យពលរដ្ឋឈប់ចាញ់ បោកមេខ្យល់ ឬក្រុមជនខិលខូច ដោយនាំគ្នាទៅទិញដី ឬ ទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិ ព្រោះមិនមានការទទួលស្គាល់ឡើយ មិនតែប៉ុណ្ណោះអាចនឹងប្រឈមមុខនឹងវិធានការច្បាប់ថែមទៀតផង។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិនៅរដ្ឋបាលខេត្តកែប នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នេះឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនឹងជាអ្នកនាំពាក្យក្រសួងបរិស្ថាន អោយដឹងថា មានក្រុមជនខិលខូចមួយចំនួនបានប្រើប្រាស់ប្រជាពល រដ្ឋដោយការជួលឱ្យទន្ទ្រានដីឱ្យខ្លួនលក់ក្នុងតម្លៃថោកៗ និងពេលខ្លះប្រើប្រាស់ពលរដ្ឋដើម្បីជាខែលក្នុងការតវ៉ាជាមួយអាជ្ញាធរដើម្បីស្នើសុំកាត់ឆ្វៀលដីឱ្យខ្លួនថែមទៀតផង។
អ្នកនាំពាក្យរូបនេះក៏ បានអំពាវនាវដល់ក្រុមជនខិលខូចគួរបញ្ឈប់វប្បធម៌ចូលទន្ទ្រានដីព្រៃរដ្ឋដោយខុសច្បាប់ ហើយពេលខ្លះប្រើប្រាស់ឯកសារក្លែងក្លាយដើម្បីទាមទារកាត់ឆ្វៀលដីមកធ្វើកម្មសិទ្ធិ។ មានករណីមិនប្រក្រតីជាច្រើនត្រូវបានរកឃើញ ហើយសមត្ថកិច្ចបាននិងកំពុងចាត់ការតាមនីតិវិធីច្បាប់។
ជាមួយគ្នានេះដែរឯកឧត្តមបានស្នើដល់រដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលស្រុក បញ្ឈប់រាល់ការចុះហត្ថលេខាបញ្ជាក់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដីជាអាទិ៍ នៅលើដីដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះនៃដែនសមត្ថកិច្ចរបស់ខ្លួន»។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអោយដឹងថា វគ្គបណ្តុះបណ្តាលច្បាប់ពាក់ព័ន្ធវិស័យបរិស្ថាន និងធនធានធម្មជាតិនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការ បញ្ជ្រាបការយល់ដឹង ដល់ភាគីពាក់ព័ន្ធ ដើម្បីអោយមានការយល់ដឹងអំពីទិដ្ឋភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធលើការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ សំដៅអោយមានការចូលរួម ទាំងអស់គ្នា ក្នុងការការពារនិងអភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយចីរភាព នៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីជាឧត្តមភាព សម្រាប់កូនចៅជំនាន់ក្រោយ និងប្រទេសជាតិទាំងមូល។
គួរបញ្ជាក់ថា គោលបំណងនៃសិក្ខាសាលានេះ ដើម្បីផ្សព្វផ្សាយនិងបញ្ជ្រៀបការយល់ដឹង ដល់ភាគីពាក់ព័ន្ធ ដើម្បីឱ្យមានការយល់ដឹងអំពីទិដ្ឋភាពច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិ ព្រមទាំង ដើម្បីចូលរួមចំណែកទាំងអស់គ្នាក្នុងការការពារ អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចិរភាព នៅក្នុង តំបន់ការពារធម្មជាតិ ដើម្បីជាឧត្តមប្រយោជន៍របស់ព្រះរាជាណាក្រកម្ពុជា កូនចៅជំនាន់ក្រោយ និងមនុស្សជាតិ ទាំងមូល៕