ទូតជប៉ុន ៖ ឆ្នាំនេះជាខួបលើកទី៣០ ដែលជប៉ុនបានបញ្ជូនកងរក្សាសន្តិភាពជាលើកដំបូងបំផុតមកកាន់កម្ពុជា
ព្រះសីហនុ ៖ ថ្លែងក្នុងពេលទៅទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់នាវាស្វ័យការពារជប៉ុនចំនួនពីរគ្រឿង នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ លោក មីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ឆ្នាំនេះជាខួបលើកទី៣០ ដែលប្រទេសជប៉ុនបានបញ្ជូនកងរក្សាសន្តិភាពជាលើកដំបូងបំផុតមកកាន់ប្រទេសកម្ពុជា។
លោកបន្ថែមថា ជប៉ុនសូមសម្តែងនូវការកោតសរសើរកម្ពុជាដោយស្មោះ ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់រាជរដ្ឋាភិបាល និងប្រជាជន នៃប្រទេសកម្ពុជា ដើម្បីសម្រេចបាននូវសន្តិភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្នដោយឆ្លងកាត់អតីតកាលប្រកបដោយសោកនាដកម្ម និងផ្លូវដ៏លំបាក។ លើសពីនេះទៅទៀត ក្រោយរយៈពេល ៣០ ឆ្នាំ ប្រទេសកម្ពុជាបានប្រែក្លាយពីប្រទេសទទួលយកកងរក្សាសន្តិភាព ទៅជាប្រទេសបញ្ជូនកងរក្សាសន្តិភាពរបស់ខ្លួនទៅកាន់ពិភពលោក។
ឯកអគ្គរាជទូត មានការស្ងើចសរសើរយ៉ាងខ្លាំងចំពោះកម្ពុជា ដែលជំនះបាននូវអតីតកាលប្រកបដោយសោកនាដកម្ម និងបានចូលរួមចំណែកជួយសហគមន៍អន្តរជាតិយ៉ាងសកម្ម ហើយខ្ញុំមានមោទនភាព ដែលប្រទេសជប៉ុនបានដើរតួនាទីមួយ ក្នុងការសម្រេចបាននូវសន្តិភាពនៅកម្ពុជា។ ខណៈពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការរីកចម្រើនអស់រយៈពេលមួយយ៉ាងវែង យើងខ្ញុំមានជំនឿថា ប្រទេសជប៉ុននឹងអាចធ្វើកិច្ចសហប្រតិបត្តិបត្តិការ និងការសម្របសម្រួលកាន់តែជិតស្និទ្ធថែមទៀត ជាមួយប្រទេសកម្ពុជា លើបញ្ហាក្នុងតំបន់ និងអន្តរជាតិ។
ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថាថ្ងៃនេះ ក្នុងនាមក្រសួងការពារជាតិកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះនាយ នាយរង និងពលនាវឹក កងស្វ័យការពារជើងទឹកជប៉ុន ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ។ ការចូលចតនាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាពេលនេះ គឺជាសក្ខីភាពបង្ហាញពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំងពីរកម្ពុជា-ជប៉ុន កាន់តែមានភាពជិតស្និទ្ធ និងរីកចំរើនថែមទៀត និងជាការចូលរួមអបអរសាទរខួបលើកទី៣០ ដែលកងស្វ័យការពារជប៉ុនចេញបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសកម្ពុជជាលើកដំបូង។
ក្នុងឱកាសនេះ សម្តេចពិជ័យសេនា ថ្លែងអំណរគុណចំពោះក្រសួងការពារជាតិ និងកងស្វ័យការពារជប៉ុន ដែលបានជួយគាំទ្រឧបត្ថម្ភដល់កងរក្សាសន្តិភាពកម្ពុជា ជាគ្រូយោធាចារ្យ ឧបករណ៍ សម្ភារៈសិក្សា ការហ្វឹកហ្វឺនក្នុង និងក្រៅប្រទេសលើជំនាញបច្ចេកទេសវិស្វកម្ម និងវាស់ស្ទង់ ហើយនៅអំឡុងពេលជំងឺកូវីដ-១៩ ភាគីជប៉ុនបានផ្តល់ការហ្វឹកហ្វឺនដល់គ្រូបង្គោលកម្ពុជាតាមរយៈប្រព័ន្ធអេឡិចត្រូនិកផងដែរ។
ចាប់ពីឆ្នាំ២០០៨-២០២២ កងស្វ័យការពារជើងទឹកជប៉ុន ចូលចតទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួន០៩លើក ដែលមាននាវាសរុបចំនួន២៤គ្រឿងទាំងលើកនេះ បានធ្វើការហ្វឹកហ្វឺនរួមគ្នាសំដៅពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់សមត្ថភាពកងទ័ពជើងទឹកទាំងពីរកម្ពុជា-ជប៉ុន លើវិស័យមនុស្សធម៌សុខាភិបាល សង្គម គ្រោះមហន្តរាយ និងប្រឆាំងភេរវកម្ម។
ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ននេះ ដោយមានការជួយគាំទ្ររបស់កងស្វ័យការពារជប៉ុនលើវិស័យរក្សាសន្តិភាព បានធ្វើឱ្យកងយោធពលខេមរភូមិន្ទសម្រេចជោគជ័យជាប្រវត្តិសាស្រ្តក្នុងការបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ ទទួលបានការកោតសរសើរ លើកមុខមាត់កងយោធពលខេមរភូមិន្ទលើឆាកអន្តរជាតិ និងកម្ពុជាបានក្លាយជាប្រទេសមានការទទួលខុសត្រូវខ្ពស់ចំពោះសហគមន៍អន្តរជាតិដោយស្មើមុខ ស្មើសិទ្ធិ៕