២ខែ ឆ្នាំ ២០២២ ចំណូលពន្ធ-អាករ ប្រមូលបានជាង$ ៥00លាន
ភ្នំពេញ៖ រយៈពេល ២ខែ ឆ្នាំ ២០២២ ចំណូលពន្ធ-អាករ ប្រមូលបាន ចំនួន ៥១២,២៦លានដុល្លារ ស្មើនឹង ១៨,១៧% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២១ កើនឡើងចំនួន ៩៤,៧៤លានដុល្លារ ស្មើនឹង ២២,៦៩%។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកុម្ភៈ ឆ្នាំ ២០២២ របស់អគ្គនាយកពន្ធដារ កាលពីថ្ងៃទី ១៤ ខែ មីនា នេះ។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ចំណូលពន្ធអាករគ្រប់ប្រភេទ ដែលអគ្គនាយកពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួន ២២៣,៩៦លានដុល្លារ ស្មើនឹង ៧,៩៤% នៃផែនការច្បាប់ ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២២។ បើធៀបចំណូលចំណូលពន្ធអាករប្រចាំខែកុម្ភៈ ឆ្នាំ ២០២១ កើនឡើង ២៣,៧១លានដុល្លារ ស្មើនឹង ១១,៨៤%។
ជាមួយគ្នានេះ លោក គង់ វិបុល អគ្គនាយកពន្ធដារ បានរំលឹកពាក់ព័ន្ធនឹងអនុលោមភាពសារពើពន្ធបទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់ថា កន្លងមក មានសហគ្រាសមួយចំនួនតូចមិនបានចុះបញ្ជីឲ្យបានត្រឹមត្រូវ និងរហូតបង្កើតជាផែនការគេចវេះពន្ធ រៀបចំកិច្ចសន្យា និងវិក្កយបត្រក្លែងក្លាយ ក្នុងគោលដៅកាត់បន្ថយការបង់ពន្ធ អាចនឹងក្លាយជាគោលដៅនៃការស៊ើបអង្កេតចំពោះបទល្មើសព្រហ្មទណ្ឌ និងករណីធ្ងន់ធ្ងរអាចឈានដល់បទល្មើសសម្អាតប្រាក់៕