អភិបាលខេត្តកោះកុង ប្រាប់មន្ត្រីក្រោមឱវាទ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ និងតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់

កោះកុង ៖ ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ណែនាំអោយមន្ត្រីរាជការឱវាទទាំងអស់ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ និងតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ដោយត្រូវចាត់ទុកថាខ្លួនជាអ្នកបំរើប្រជាពលរដ្ឋ ហើយមិនត្រូវឆ្លៀតឱកាសទាញយកប្រយោជន៍ផ្ទាល់ខ្លួនឡើយ។

ជាមួយគ្នានេះដែរលោកស្រីអភិបាលខេត្ត ក៏ស្នើដល់មន្ត្រីរាជការទូទាំងខេត្ត ត្រូវបន្តចូលរួមអនុវត្តឱ្យបានត្រឹមត្រូវទៅតាមតួនាទី ភារកិច្ច ដូចជា សាមគ្គីភាពគ្នាល្អ ប្រកាន់នូវអត្តចរិកថ្លៃថ្នូរ មានភាពជិតស្និទ្ធជាមួយប្រជាជន និងបានផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ។ ទន្ទឹមនឹងនេះ ក៏មានមន្ត្រីរាជការមួយចំនួនតូច ឆ្លៀតឱកាសប្រើប្រាស់មុខងារ តួនាទី ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។

លោកស្រី មិថុនា ភូថង រំលេចទៀតថា ចំពោះមន្ត្រីរាជការគឺមានតែការគោរពវិន័យ ការលើកកម្ពស់ស្មារតីទទួលខុសត្រូវ ភាពស្មោះត្រង់ចំពោះតួនាទី ភារកិច្ច និងភាពថ្លៃថ្នូក្នុងវិជ្ជាជីវៈការងារប៉ុណ្ណោះ ទើបអាចបង្កើនផលិតភាព និងប្រសិទ្ធភាពការងារបានល្អប្រសើរ។

តែទោះយ៉ាងណា លោកស្រីអភិបាលខេត្តកោះកុង វាយតម្លៃខ្ពស់ពីសមិទ្ធផលដែលសម្រេចរយៈពេល២ឆ្នាំចុងក្រោយនេះ ត្បិតខេត្តក៏ដូចជាប្រទេសកម្ពុជាទាំងមូលជួបវិបត្តិរីករាលដាលជំងឺកូវីដ១៩ក្តី ដោយមានការចូលរួមយ៉ាងសកម្ម និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក លោកស្រីទាំងអស់ និងសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ថ្នាក់ ព្រមទាំង ស្ថាប័នរដ្ឋ វិស័យឯកជន និងអង្គការ សង្គមស៊ីវិលដែលពាក់ព័ន្ធទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds