សហរដ្ឋអាមេរិកថា នឹងប្រញាប់បញ្ជូនអាវុធ មានទំហំទឹកប្រាក់ ២០០លានដុល្លារ ឱ្យអ៊ុយក្រែន
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានឱ្យដឹងថាខ្លួននឹងប្រញាប់បញ្ជូនអាវុធគិតជាទឹកប្រាក់ ២០០លានដុល្លារ ក្នុងនោះមានទាំងអាវុធធុនតូច, អាវុធប្រឆាំងរថក្រោះ និងប្រឆាំងយន្ដហោះចម្បាំង ឱ្យអ៊ុយក្រែន ដែលកំពុងស្នើឱ្យបណ្ដាប្រទេសលោក ខាងលិចបញ្ជូនអាវុធមកបន្ថែម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២។
បើតាមមន្ត្រីអាមេរិកជានខ្ពស់ម្នាក់, លោកប្រធានាធិបតីអាមេរិក ចូ បៃដិន នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានអនុញ្ញាតឱ្យបញ្ជូន ជំនួយសន្តិសុខបន្ថែមឱ្យអ៊ុយក្រែន។ ការសម្រេចចិត្តបែបនេះរបស់លោក បៃដិន បានធ្វើឱ្យជំនួយសន្តិសុខសរុបដែលអាមេរិកផ្ដល់ឱ្យអ៊ុយក្រែន កើន ដល់ ១.២ពាន់លានដុល្លារ ចាប់តាំងពីខែមករា ឆ្នាំ២០២១មក និងកើនដល់ ៣.២ពាន់លានដុល្លារ ចាប់តាំងពីឆ្នាំ២០១៤មក។
គួរបញ្ជាក់ថា រុស្ស៊ី នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះដែរ បាននិយាយថាការដែលក្រុមប្រទេសលោកខាងលិចនាំគ្នា ផ្គត់ផ្គង់សព្វាវុធឱ្យអ៊ុយក្រែន គឺមានតែធ្វើឱ្យវិបត្តិជម្លោះបច្ចុប្បន្ន រវាងអ៊ុយក្រែននិងរុស្ស៉ីធ្ងន់ធ្ងរឡើងៗប៉ុណ្ណោះ ហើយក៏បានព្រមានដែរថាយោធារុស្ស៉ីអាចនឹងដាក់គោលដៅ វាយប្រហារលើក្បួនដឹកជញ្ជូនអាវុធទាំងនោះ ថែមទៀតផង។
ក្រុមសម្ព័ន្ធមិត្តលោកខាងលិច បានរួមគ្នាថ្កោលទោសនិងដាក់ទណ្ឌកម្មយ៉ាងចាស់ដៃ ទៅលើប្រទេសរុស្ស៉ី ដោយសារតែការបើកប្រតិបត្តិការយោធា នៅអ៊ុយក្រែន។ ពួកគេក៏បានសន្យាផ្តល់ជំនួយយោធាដល់អ៊ុយក្រែនថែមទៀតផង ដោយកាលពីខែកុម្ភៈ អាមេរិកតែឯងបានអនុម័តឱ្យបញ្ចេញ កញ្ចប់ជំនួយយោធាគិតជាទឹកប្រាក់ស្មើនឹង ៣៥០លានដុល្លារសម្រាប់អ៊ុយក្រែន ខណៈអាល្លឺម៉ង់ ហូឡង់ ប៉ូឡូញ និងស្លូវ៉ាគី ជាដើម បានសន្យាផ្តល់អាវុធឱ្យអ៊ុយក្រែន រួមមានទាំងមីស៉ីលប្រឆាំងរថក្រោះ និងកាំភ្លើងធំ៕