សម្តេចស ខេង ជំរុញអោយអជ្ញាធរមូលដ្ឋាន ត្រូវបន្តធ្វើវេទិកាសាធារណៈឱ្យបានគ្រប់ភូមិ

បាត់ដំបង៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបង នាថ្ងៃទី១០ ខែមិនា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង បានជំរុញនិងធ្វើការណែនាំដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវបន្តធ្វើវេទិកាសាធារណៈឱ្យបានគ្រប់ភូមិ ដើម្បីដោះស្រាយបញ្ហាប្រឈម ក្តីកង្វល់ សំណូមពរ និងតម្រូវការផ្សេងៗទៀតតាមសំណើររបស់ប្រជាពលរដ្ឋ ។

សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នៅក្នុងអង្គវេទិកានោះ ត្រូវបំផុសឱ្យប្រជាពលរដ្ឋហ៊ាននិយាយនូវអ្វីជាការពិត មិនត្រូវបង្កឱ្យគាត់មានការភ័យខ្លាចនោះឡើយ ហើយការងារធ្វើវេទិកាសាធារណៈនេះត្រូវធ្វើឱ្យបានរួចរាល់យ៉ាងយូរនៅសប្តាហ៍ទី៣នៃខែមេសា ខាងមុខនេះ។

ជាមួយគ្នានេះដែ សម្តេចក្រឡាហោម ស ខេង បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ និងសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ត្រូវរក្សាសុវត្ថិភាពបានល្អប្រសើរដល់គ្រប់គណបក្សនយោបាយទាំងមុនពេល ក្នុងពេលនិងក្រោយពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះ ។

ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានផ្តល់នូវគោលការណ៍ណែនាំជាគន្លឹះសំខាន់មួយចំនួនទៀតដល់អង្គសន្និបាត គឺ ទី១ ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយនិងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ទី២ ការអនុវត្តវិមជ្ឈការ និងវិសហមជ្ឈការ ទី៣ ការគ្រប់គ្រងធនធានធម្មជាតិ និងការដោះស្រាយវិវាទដីធ្លី ទី៤ ការគ្រប់គ្រងការពារសន្តិសុខនិងការអភិវឌ្ឍតំបន់ព្រំដែន ទី៥ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនិងទីក្រុង ទី៦ ការរៀបចំប្រព័ន្ធផែនការនិងការពង្រឹងប្រព័ន្ធគណនេយ្យភាពសង្គម ទី៧ ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ទី៨ ការពង្រឹងការអនុវត្តវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជំងឺកូវីដ១៩ និងទី៩ ការពង្រឹងរបៀបរបបការងារ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds