បាញ់សម្លាប់ប្រពន្ធភេរវករម្នាក់ ក្រោយលួចយកកាំបិតចូលពន្ធនាគារឲ្យប្ដីចាក់មន្ត្រី ២នាក់
ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ម៉ោង09:20 AM
(ដោយ៖ យឺន សីហា)
ស្ត្រីពោះធំដែលជាប្រពន្ធរបស់ភេរវករជាប់ទោសម្នាក់ ត្រូវបានបាញ់សម្លាប់ដោយប៉ូលិសប្រឆាំងភេរវកម្មកាលពីយប់មិញ ក្រោយលួចយកកាំបិតចូលក្នុងគុកឲ្យប្ដីរបស់ខ្លួនចាក់សម្លាប់មន្ត្រីប៉ូលិស២នាក់នៅមន្ទីរឃុំឃាំង Condé-sur-Sarthe ប្រទេសបារាំង។
យោងតាមរបាយការណ៍ឲ្យដឹងថា លោក Michael Chiolo វ័យ២៧ឆ្នាំដែលជាសកម្មប្រយុទ្ធរបស់ក្រុមជីហាត ត្រូវបានរងរបួសធ្ងន់នៅមុនពេលចាប់ខ្លួន។ ចំណែកឯប្រពន្ធរបស់លោក មិនត្រូវបានគេឲ្យដឹងឈ្មោះនោះទេ ប៉ុន្តែនាងបានលួចយកកាំបិតសេរ៉ាមិចចូលក្នុងគុកខណៈពេលដែលជួបសួរសុខទុក្ខប្ដីរបស់ខ្លួន។ ក្រោយមកលោក Michael បានចាក់ទៅលើមន្ត្រីពន្ធនាគារម្នាក់ចំទ្រូង និងម្នាក់ទៀតចំខ្នង និងមុខ ប៉ុន្តែក្រោយកើតហេតុជនរងគ្រោះទាំងពីរត្រូវបានបញ្ជូនទៅព្យាបាល និងមិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ។
ក្រោយការចាក់កាំបិតទៅលើមន្ត្រី ប្ដីប្រពន្ធទាំងពីរនាក់បន្ដសំងំក្នុងបន្ទប់សួរសុខទុក្ខរហូតដល់ម៉ោង ៦ល្ងាចទើបប៉ូលិសប្រឆាំងភេរវកម្មមកដល់ និងទម្លុះចូលទៅក្នុងបន្ទប់របស់ពួកគេបណ្ដាលឲ្យមានការបាញ់ប្រហារ និងសម្លេងផ្ទុះដែលជាហេតុធ្វើឲ្យប្រពន្ធជនល្មើសស្លាប់បាត់បង់ជីវិត។
(ជនល្មើស Michael Chiolo)
គួរឲ្យដឹងថា លោក Michael ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៨ឆ្នាំពីបទចាប់ជំរិត, ការធ្វើទារុណកម្ម និងសម្លាប់ជនជាតិជ្វីសវ័យ ៨៩ឆ្នាំម្នាក់កាលពីឆ្នាំ ២០១២៕
ប្រភព៖ Sabay