ប្រធានក្រុមប្រឹក្សាខេត្ត៖ ឆ្នាំ២០២១ បទល្មើសទាំងអស់នៅខេត្តព្រះសីហនុមានថយចុះ
ព្រះសីហនុ ៖ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអោយដឹងថា ក្នុងឆ្នាំ២០២១ ខេត្តព្រះសីហនុមានបទល្មើសព្រហ្មទណ្ឌថយចុះ២៤ ភាគរយ បទល្មើសឧក្រិដ្ឋថយចុះ៥២ភាគរយ បទល្មើសមជ្ឈិមថយចុះ១៨ភាគរយ បទល្មើសគ្រឿងញៀនថយចុះ១៧ភាគរយ បទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទថយចុះ ៤៨ភាគរយ។
ការថ្លែងបែបនេះក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សា លោកអភិបាលរងខេត្ត លោកអភិបាលក្រុងស្រុក ប្រធានមន្ទីរ អង្គភាព មេឃុំចៅសង្កាត់ និងអង្គការក្រៅសង្គមស៊ីវិល នៅថ្ងៃទិ០៧ ណមិនា ឆ្នាំ២០២២ នេះ។
ឯកឧត្តម សូរ ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងអាជ្ញាធរដែនដីដែលបានខិតខំរួមគ្នាសម្រេចសមិទ្ធផលខាងលើ ដោយឡែកបញ្ហាប្រឈមនានា យើងត្រូវខិតខំរួមគ្នាពុះពារជំនះដោះស្រាយ តាមសំណូមពរ និងអនុវត្តក្នុងឆ្នាំ២០២២។
ឯកឧត្តម បន្តថា ដើម្បីស្តារសេដ្ឋកិច្ចសង្គមពីវិបត្តិនៃជំងឺកូវីដ-១៩ យើងត្រូវខិតខំបង្កលក្ខណៈសម្បត្តិល្អ បើកដំណើរការឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចសង្គម លើគ្រប់វិស័យតាមគន្លងប្រក្រតីភាពថ្មី។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តបានកៀរគរសប្បុរសជនក្នុងការសាងសង់មន្ទីរពិសោធន៍តេស្តសំណាករកមេរោគកូវីដ-១៩ ដំឡើងម៉ាស៊ីនផលិតអ៊ុកស៊ីសែនផ្គត់ផ្គង់មន្ទីរពេទ្យបង្អែកខេត្ត និងសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ មួយខ្នង កម្ពស់មួយជាន់ មានបណ្តោយ៩០ម៉ែត្រ និងទទឹង៣៣ម៉ែត្រ។
ឯកឧត្តម បន្ថែមថា ទន្ទឹមនោះដែរ យើងត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ពិសេសការពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព ការសម្អាតដៃដោយសាប៊ូ អាល់កុល ដើម្បីសុខភាពខ្លួនឯង ក្រុមគ្រួសារ និងសង្គម៕