ឆ្នាំ​ ២០២១ កម្ពុជានាំចេញផលិតផល វាយនភណ្ឌ​កាត់ដេរក្នុង ​ទំហំ​ទឹកប្រាក់​ជាង $១១,៣ ពាន់​លាន

ភ្នំពេញ៖ ការនាំចេញ​ផលិតផល វាយនភណ្ឌ​កាត់ដេរ​នៅក្នុង​ឆ្នាំ​ ២០២១ សម្រេចបាន​ទំហំ​ទឹកប្រាក់​ជាង $១១,៣ ​ពាន់​លាន កើនឡើង​ប្រមាណ​ជាង ១៥ % បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២០​។ ណេះបើយោងតាមទិន្នន័យ​ពី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ​(GMAC)។

GMAC បាន​បង្ហាញថា ក្នុង​រយៈពេល​ ១២ ​ខែ ចាប់ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ​ ២០២១ ការនាំចេញ​ផលិតផល​កាត់ដេរ​មាន​ចំនួន​ជាង ១១ ៣៨៩ លាន​ដុល្លារ​អាមេរិក​កើនឡើង​ប្រមាណ ១ ៥០៥ ​លាន​ដុល្លារ​អាមេរិក ស្មើនឹង ១៥,២ ​ភាគរយ ក្នុងនោះ​សម្លៀកបំពាក់​មាន​ចំនួន​ ៨ ០១៧ ​លាន​ដុល្លារ ស្បែកជើង ១ ៣៩០ ​លាន​ដុល្លារ និង​ផលិតផល​ធ្វើដំណើរ ១ ៤៩០ ​លាន​ដុល្លារ ក្រៅពីនេះ​គឺ​ផលិតផល​វាយនភណ្ឌ​ផ្សេងៗ​ទៀត​។

​អ្នកនាំពាក្យ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជាលោក កាំង ម៉ូនីកា អគ្គលេខាធិការ បានអោយដឹងថា សមាគម​បាន​កត់សម្គាល់​ឃើញ​ថា ថ្វីដ្បិតតែ​កំណើន​នៃ​ការនាំចេញ​មាន​ជា​វិជ្ជមាន​មែន ប៉ុន្តែ​កម្រិត​នៃ​ប្រាក់ចំណេញ​របស់​វិស័យនេះ មិន​ប្រាកដ​ថា​ល្អប្រសើរ​ដូច​ពេល​កន្លងទៅ​នោះ​ទេ​។

លោក​បានបញ្ជាក់​បន្ថែម​ថា​៖ «​យើង​ដឹង​ហើយ​ថា ពេលនេះ​យើង​មាន​​ការចំណាយ​ច្រើនណាស់​ទៅលើ​វិធានការ​ការពារ​ជំងឺ​កូវីដ ​១៩ រួមផ្សំ​ទាំង​ការកើនឡើង​នៃ​តម្លៃ​ឡូជីស្ទិក ជាពិសេស​ការដឹកជញ្ជូន​តាម​កប៉ាល់ ដូចនេះ​ពេលខ្លះ​កើន​ខ្លាំង​មែន តែ​មិន​ចំណេញ​»​។

លោក​បាន​បញ្ជាក់ថា​៖ «​បើ​វិស័យ​ការងារ​មាន​ភាពច្របូកច្របល់​ហើយ​នោះ វិស័យនេះ​នឹងមិន​មាន​និរន្តរភាព និង​កំណើន​បាន​ឡើយ ទោះបីជា​ផ្នែក​ផ្សេងទៀត​ល្អ​យ៉ាងណា​ក៏ដោយ​។ ក្នុងន័យនេះ ការសម្របសម្រួល​បង្កើត​បាន​នូវ​បរិយាកាស​ទំនាក់ទំនង​វិជ្ជាជីវៈ​មួយ​ដែល​ល្អប្រសើរ និង​​មាន​ភាពចាស់ទុំ នាំមក​នូវ​ស្ថិរភាព​ផលិតកម្ម​»​។

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​លើកឡើងថា ចំពោះ​វិធានការ​អន្តរាគមន៍​នានា​របស់​រាជរដ្ឋាភិបាល​ជាមួយ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ការរស់នៅ​ជាមួយ​ជំងឺ​កូវីដ ១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​ឆ្នាំ​ ២០២១-២០២៣ ដែល​ក្នុងនោះ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ត្រូវបាន​ចាត់ទុកជា​វិស័យ​អាទិភាព ដោយ​តម្រូវឱ្យមាន នូវ​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប​កម្ពុជា ឆ្នាំ​ ២០២១-២០២៤ ដែល​ផែនការ​យុទ្ធសាស្ត្រ​នេះ​នឹង​ធានាបាន​នូវ​និរន្តរភាព​រយៈពេល​យូរ បន្ត​រីកចម្រើន​ទៅមុខ ហើយ​ក៏​អាច​ទាក់ទាញ​អ្នកវិនិយោគ​មក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន​ថែមទៀត​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds