អភិបាលខេត្តព្រះសីហនុ ៖ ស្ត្រី គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ

ព្រះសីហនុ៖ រសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះ​សំណាលជាមួយអ្នកគ្រូបង្រៀននៅទូទាំងខេត្តព្រះសីហនុ ចំនួន ៩៨០នាក់ ក្នុងទិវាសិទ្ធិនារីអន្តរជាតិ ០៨មីនា ខួបលើកទី១១១ ឆ្នាំ២០២២ ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» ដោយមានការចូលរួមពីអ្នកគ្រូមកពីក្រុងស្រុកទាំង៥ នៃខេត្តព្រះសីហនុ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានអោយដឹងថា ទិវាសិទ្ធិនារីអន្តរជាតិ ០៨មីនា ខួបលើកទី១១១ ឆ្នាំ២០២២ ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» ក្នុងគោលបំណងបញ្ជាក់អំពីតម្លៃ នៃការទទួលបាននូវសមភាពរវាងស្រ្តី និងបុរសសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ដើម្បីឱ្យពួកគេក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច។

ឯកឧត្តមបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុដាក់ក្នុងការអនុវត្តគោលនយោបាយ ពង្រឹងសមភាពយេនឌ័រ ដោយចាត់ទុកស្ត្រី គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ដោយបញ្ជ្រាបយេនឌ័រនៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព ក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០៣០។

ក្នុងដំណាក់កាលនៃការរាត្បាតជំងឺកូវីដ-១៩ ដែលបានវាយប្រហារធ្ងន់ធ្ងរ កាលពីឆ្នាំកន្លងមក ក្នុងការបិទខ្ទប់ លោកគ្រូអ្នកគ្រូបានបំពេញការងារស្នូល ក្នុងការខិតខំបង្រៀនសិស្សតាមប្រព័ន្ធអនឡាញ រៀនតាមបែបប្រពៃណី ការចុះចែកសន្លឹកកិច្ចការសិស្សដល់សហគមន៍មូលដ្ឋាន និងការរៀនតាមបណ្តុំជាដើម ព្រមទាំងចូលរួមដោះស្រាយបញ្ហាប្រឈមប្រែក្លាយជាកាលានុវឌ្ឍភាព។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកអំណោយរបស់លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន ជូនអ្នកគ្រូចំនួន ៩៨០នាក់ ក្នុងម្នាក់ៗទទួលបានសំពត់សឹង០១ និងថវិកាចំនួន ៥០០០០រៀល៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds