សម្តេចស ខេង ព្រមានមន្ត្រីក្រសួងមហាផ្ទៃ ដែលមានវិសមិតភាព ក្នុងការបំពេញមុខងារសាធារណៈ និងការប្រកបវិជ្ជាជីវៈជាមេធាវី

ភ្នំពេញ៖ សម្តេចក្រឡាហោម ប្រមានចាត់វិធានការចំពោះមន្ត្រីរាជការក្រសួងមហាផ្ទៃ ដែលមានវិសមិតភាព ក្នុងការបំពេញមុខងារសាធារណៈ និងការប្រកបវិជ្ជាជីវៈជាមេធាវី ។ យោងតាមសេចក្តីណែនាំ របស់សម្តេច ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោម បានឱ្យដឹងថា កន្លងមកក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំ ស្តីពី វិសមិតភាពក្នុងការបំពេញមុខងារសាធារណៈ និងការប្រកបវិជ្ជាជីវៈជាមេធាវីរបស់មន្ត្រីរាជការក្រសួងមហាផ្ទៃ ដល់មន្ត្រីរាជការចំណុះក្រសួងមហាផ្ទៃ ឱ្យជ្រើសរើសយកការបំពេញមុខ ងារជាអ្នករាជការសាធារណៈ ឬប្រកបវិជ្ជាជីវៈជាមេធាវី និងតម្រូវឱ្យសាមីខ្លួនធ្វើការជ្រើសរើសយកវិជ្ជាជីវៈតែមួយដោយត្រូវរៀបចំនីតិវិធី ដើម្បីស្ថិតក្នុងស្ថានភាពសុំមិនប្រកបវិជ្ជាជីវៈណាមួយឬសុំនៅក្រៅបញ្ជីនៃគណៈមេធាវី។

ក្នុងន័យនេះ ដើម្បីឱ្យការអនុវត្តន៍ សេចក្តីណែនាំខាងលើមានប្រសិទ្ធភាពខ្ពស់ សំដៅពង្រឹងការអនុវត្តន៍ច្បាប់ ពង្រឹងការអនុវត្តន៍តួនាទីភារកិច្ចរបស់មន្ត្រីក្រោមឱវាទក្រសួងមហាផ្ទៃ និងចៀសវាងមន្ត្រីរាជការមានវិសមិតភាព ក្នុងការបំពេញមុខងារសាធារណៈនិងការប្រកបវិជ្ជាជីវៈជាមេធាវី សម្តេចក្រឡាហោម បានណែនាំបន្ថែម និងមានវិធានការចំពោះមន្ត្រីរាជការក្រោមឱវាទក្រសួងមហាផ្ទៃដូចខាងក្រោម៖

ទី១-បញ្ជូនបញ្ជីឈ្មោះមេធាវី ដែលស្ថិតក្នុងស្ថានភាពសុំមិនប្រកបវិជ្ជាជីវៈ ឬសុំនៅក្រៅបញ្ជីនៃគណៈមេធាវីជូនគ្រប់អង្គភាពនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំណុះក្រសួងមហាផ្ទៃ ដើម្បីធ្វើជាមូលដ្ឋាន ក្នុងការពិនិត្យផ្ទៀងផ្ទាត់ឈ្មោះមន្ត្រីរាជការដែលប្រកបវិជ្ជាជីវៈជាមេធាវី ខណៈពេលកំពុងបំពេញមុខងារសាធារណៈ។

ទី២-ក្នុងករណីដែលមន្ត្រីរាជការចំណុះអង្គភាពរបស់ខ្លួនប្រកបវិជ្ជាជីវៈជាមេធាវី និងពុំមានឈ្មោះ ក្នុងបញ្ជីឈ្មោះមេធាវីដែលស្ថិតក្នុងស្ថានភាពសុំមិនប្រកបវិជ្ជាជីវៈ ឬសុំនៅក្រៅបញ្ជី នៃគណៈមេធាវីទេ ប្រធានអង្គភាព ត្រូវណែនាំសាមីខ្លួនឱ្យប្រញាប់រួសរាន់សម្រេចជ្រើសរើសយកវិជ្ជាជីវៈតែមួយ ដោយទុក រយៈពេល ០៣ខែ គិតពីថ្ងៃចេញសេចក្ដីណែនាំនេះ។ បើសាមីខ្លួន នៅតែពុំជ្រើសរើសយកវិជ្ជាជីវៈតែមួយនោះទេ ប្រធានអង្គភាពត្រូវរាយការណ៍ជាលាយលក្ខណ៍អក្សរមកក្រសួងមហាផ្ទៃ ដើម្បីក្រសួងចាត់វិធានការដោយលុបឈ្មោះចេញពីក្របខណ្ឌក្រសួងមហាផ្ទៃ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds