រំជួលចិត្ត! ហ្វេនៗនាំគ្នាសរសេពាក្យក្នុងចិត្តភ្ជាប់នឹងបាច់ផ្កា យកទៅជូន Tangmo នៅមាត់ទន្លេចៅផាយ៉ា ទាំងសោកសៅ
ករណីការស្លាប់យ៉ាងមិននឹកស្មានរបស់តារាសម្តែងស្រី Tangmo បានច្របាច់មួលអារម្មណ៍ និង បេះដូងមហាជនឱ្យអួលណែនពោរពេញដោយការស្រណោះសោកស្តាយមិនតិចទេ គឺពិតជាមិនគួរឱ្យជឿឡើយ ថានាងបានមកបាត់បង់ជីវិតត្រឹមមួយប៉ប្រិចភ្នែកបែបនេះ។
យ៉ាងណាមិញ នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២២ នេះ តាមព័ត៌មានបានឱ្យដឹងថា មានពួកហ្វេនៗអ្នកគាំទ្ររបស់នាងជាច្រើន បាននាំគ្នាយកបាច់ផ្កាផ្សេងៗទៅដាក់នៅមាត់ទន្លេចៅផាយ៉ាទាំងនឹកអាឡោះអាល័យ ក្នុងន័យរំឭកដល់តារាសំណព្វចិត្ត និង ជូនដំណើរនាងឱ្យទៅកាន់សុគតិភពកន្លែងស្ងប់សុខផងដែរ។
ជាពិសេសនោះ នៅបាច់ផ្កានីមួយៗ គេឃើញមានភ្ជាប់ដោយសារសរសេរដៃ ដែលចេញពីចិត្តរបស់អ្នកគាំទ្រម្នាក់ៗទៀតផង ដោយក្នុងនោះមានសារមួយបានសរសេរយ៉ាងគួរឱ្យរំជួលចិត្តថា «សូមឱ្យត្រឡប់ទៅក្នុងរង្វង់ឱបក្រសោបរបស់ព្រះណា Tangmo មិនចាំបាច់ត្រូវមកហត់ជាមួយនឹងអ្វីៗទៀតឡើយ គ្រប់ស្នាដៃសម្តែងរបស់អ្នក នឹងនៅក្នុងចិត្តរបស់យើងរហូត មិនថាជារូបភាពបែបណា អ្នកក៏នៅតែស្អាតនៅក្នុងចិត្តរបស់យើងជាទីបំផុត»។
យ៉ាងណាមិញ មហាជនសង្ឃឹមថាសារទាំងអស់នេះ នឹងបានទៅដល់ Tangmo ផងដែរ ហើយគេក៏សង្ឃឹមទៀតថា ការពិតក្រោយពីការស្លាប់របស់តារាស្រីរូបនេះ នឹងត្រូវលាតត្រដាងឆាប់ៗ៕