សម្តេចតេជោ ហ៊ុន សែន៖ សង្រ្គាមនៅអ៊ុយក្រែន ពេលនេះក្លាយជាសង្គ្រាមរវាងរុស្ស៉ី និងអឺរ៉ុប (មានវីដេអូ)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការសន្និដ្ឋានមួយថា សង្រ្គាមនៅអ៊ុយក្រែន នាពេលនេះបានក្លាយទៅជាសង្គ្រាមរវាងរុស្ស៉ី និងអឺរ៉ុបទៅហើយ ចាប់តាំងពីសមាជិកមួយចំនួនរបស់ណាតូ បានបញ្ជូនសព្វាវុធ និងមនុស្សទៅជួយប្រទេសអ៊ុយក្រែន ក្នុងការប្រយុទ្ធតទល់ជាមួយនឹងកងទ័ពរុស្ស៉ី។

ការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែល សម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ ស្របពេលដែលសង្រ្គាមឈ្លានរបស់រុស្ស៉ី ទៅក្នុងប្រទេសអ៊ុយក្រែន កំពុងរីកកាន់តែធំឡើងបន្តិចម្តងៗ បន្ទាប់ពីប្រទេសមួយចំនួន នៅអឺរ៉ុប បានបញ្ជូនសព្វាវុធ និងអនុញ្ញាតឱ្យពលរដ្ឋរបស់គេ ចូលរួមជាមួយអ៊ុយក្រែន ច្បាំងតទល់ជាមួយរុស្ស៉ី។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ឥឡូវនេះចំណោទបញ្ហាស្ថិតនៅត្រង់កន្លែងណា គឺប្រទេសនានានៅក្នុងអឺរ៉ុបបាននាំគ្នាប្រគល់ទាំងមនុស្ស ឱ្យចូលទៅជួយច្បាំងនៅអ៊ុយក្រន ប្រគល់ទាំងអាវុធ ប្រគល់ទាំងយន្តហោះចម្បាំងតទៅទៀត។ បើដូច្នោះសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន មិនមែនជាសង្គ្រាមរុស្ស៉ី-អ៊ុយក្រែនទៀតទេ ជាសង្គ្រាមរុស្ស៉ីជាមួយនឹងអឺរ៉ុបហើយ តាមរយៈការផ្តល់ជំនួយយោធា រហូតដល់ផ្តល់យន្តហោះ ដែលនេះជាការលើកទឹកចិត្តបន្ថែម នៃការធ្វើសង្គ្រាម»។

បន្ទាប់បានបានដាក់ទ័ពឡោមព័ទ្ធប្រទេសអ៊ុយក្រែន រយៈពេលយូរមកហើយនោះ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមហេតុផលការពារសន្តិសុខរបស់ខ្លួនពីណាតូ ប្រទេសរុស្ស៉ីដែលជាមហាអំណាចយោធា បានប្រកាសបើកប្រតិបត្តិការសឹកលើប្រទេសអ៊ុយក្រែន។ ប្រតិបត្តិការសឹកថ្ងៃដំបូងនៃការវាយប្រហារនេះ បានចូលលុកលុយទៅក្បែររដ្ឋធានីកៀវរបស់អ៊ុយក្រែន ហើយអូសអន្លាយរហូតមក។

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប រួមទាំងសម្ព័ន្ធមិត្តផ្សេងៗទៀត បានដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងទណ្ឌកម្មផ្សេងទៀតទៅលើរុស្ស៉ី ខណៈដែលរុស្ស៉ី ក៏បានបញ្ជាឱ្យត្រៀមលក្ខណៈក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពីជំហរកម្ពុជា ដោយមិនលើកទឹកចិត្តឱ្យមានការប្រើប្រាស់កម្លាំងយោធា ដើម្បីប្រឆាំងភាគីណាមួយទេ។ សម្តេចបញ្ជាក់ថា៖ «យើងមិនលើកទឹកចិត្ត យើងជំទាស់ជាមួយនឹងការប្រើប្រាស់កម្លាំង ឬការគំរាមកំហែងប្រើប្រាស់កម្លាំង ប្រឆាំងនឹងភាគីមួយទៀត ចំណុចនេះគេអាចយល់បាន អំពីទស្សនវិស័យនៃការបរទេសរបស់កម្ពុជា»។

ក្នុងនាមមេដឹកនាំដែលធ្លាប់ឆ្លងកាត់សង្គ្រាមជាច្រើនទសវត្សនៅកម្ពុជា ហើយកំពុងដឹកនាំប្រទេសក្នុងសន្តិភាព សម្តេចតេជោ ហ៊ុន សែន នៅតែប្រកាន់ជំហរថា បញ្ហានៅអ៊ុយក្រែន «មិនអាចសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមនោះទេ»។ សម្តេចជឿជាក់ថា រុស្ស៉ីក៏មិនអាចផ្តួលរំលំអ៊ុយក្រែនបានដែរ ហើយអ៊ុយក្រែនក៏មិនអាចកម្ទេចកម្លាំងយោធារបស់រុស្ស៉ីបានដែរ។

 

សម្តេចតេជោជឿជាក់ថា សង្គ្រាមនៅអ៊ុយក្រែននឹងអូសអន្លាយ ហើយអាចក្លាយទៅជាសង្គ្រាមឈ្លប ប្រសិនបើរុស្ស៉ីមិនដកទ័ព ហើយពេលនោះនឹងមានមនុស្សស្លាប់ និងរបួសច្រើនថ្ងៃ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសមិនលើកទឹកចិត្តឱ្យមានការផ្តល់ជំនួយយោធាទៅកាន់ប្រទេសអ៊ុយក្រែនផងដែរ ដែលបញ្ហានេះបានធ្វើឱ្យកម្ពុជាពិបាកក្នុងការបញ្ជាក់ជំហររបស់ខ្លួនដែរ។ ទោះជាយ៉ាងនេះក្តី សម្តេចបញ្ជាក់ថា នេះជាទស្សនៈរបស់សម្តេចប៉ុណ្ណោះ មិនមែនជាទស្សនៈរបស់អាស៊ាននោះទេ។

 

 

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds