រំជួលចិត្ត ក្រោយឃើញទិដ្ឋភាពក្នុងវីដេអូមួយ បង្ហាញពីការជួបជុំ រវាងម្តាយកូន ជនជាតិអ៊ុយក្រែន….(មានវីដេអូ)
ទិដ្ឋភាពដ៏មហាសោកនាដកម្មក្នុងភ្លើងសង្គ្រាម នៅក្នុងរដ្ឋធានីអ៊ុយក្រែន ដែលកំពុងអង្រួនបេះដូងមនុស្សរាប់សែន ឲ្យលង់ស្លុងក្នុងក្តីខ្លោចផ្សា និងតាមដានមហាព្រឹត្តិការណ៍ក្រោមកិច្ចចរចារបស់មេដឹកនាំប្រទេសទ្វេភាគី ខ្សែរឿងរបស់ប្រជាជនស៊ីវិលជាច្រើន ដែលកំពុងត្រូវបានមហាជនលើពិភពលោក ចាប់អារម្មណ៍ខ្លាំងលើបណ្តាញព័ត៌មានសង្គម និង Internet ។ ក្នុងនោះក៏មានរូបភាពនៃក្តី សប្បុរសរបស់មនុស្សមួយចំនួនដែលកំពុងផុសផុលឡើងក្នុង គំនរភ្លើងនៃសង្គ្រាម ពេញដោយព្រហ្មវិហារធម៌ និង ក្តីស្រឡាញ់។ ក្នុងចំណោមរឿងរ៉ាវបែបនេះជាច្រើន វីដេអូស្ត្រីម្នាក់ ឱបមនុស្សប្លែកមុខ ដែលបានជួយកូនឆ្លងដែនបានកំពុងក្លាយជាប្រធានបទធំ ក្នុងចំណោមព័ត៌មានដែលមហាជនកំពុងចាប់អារម្មណ៍ក្នុងថ្ងៃនេះ។
នៅពេលប្រទេសមានសង្គ្រាម គ្រប់យុវជន និង យុវតី អាយុចន្លោះពី ១៨ ទៅ ៦០ ឆ្នាំ ត្រូវបានរដ្ឋាភិបាលអ៊ុយក្រែនប្រកាសចូលបម្រើកងទ័ពដើម្បីការពារជាតិពីការឈ្លានពាន ហើយអាណាព្យាបាលជាច្រើន ត្រូវបានហាមឃាត់មិនអាចឆ្លងដែនបាន ព្រោះករណីកិច្ចចំពោះជាតិមាតុភូមិ ហើយកុមាររាប់ពាន់នាក់ ត្រូវបានប្រកាសជំនួយសង្គ្រោះ ដើម្បីឆ្លងដែន ពីពុកម្តាយដែលសុខចិត្តពលីជីវិត តែចង់ឃើញកូនរស់។ វត្តមានពុកម្តាយអ៊ុយក្រែនរាប់រយរាប់ពាន់នាក់ នៅពេញដងផ្លូវទៅជាយដែន ជាមួយនឹងការទទូចអង្វរក អ្នកដំណើរដែលពួកគេមិនដែលធ្លាប់ស្គាល់ពីមុនមកដើម្បីសុំជួយរក្សាកូនរបស់ខ្លួនឆ្លងព្រំដែនដែលវាជារឿងដ៏សែនក្តុកក្តួល និង អួលណែនក្នុងចិត្តបំផុតពីអ្នកតាមដានលើសាកលលោក ដែលគ្រប់គ្នាសុទ្ធតែជឿថា ពួកគេមិនសង្ឃឹមថាបានជួបកូនខ្លួនម្តងទៀតឡើយ តែរូបភាពអាឡោះអាឡៃ ពេញដោយក្តីសង្ឃឹមថា យ៉ាងហោចណាស់កូនជាទីស្រឡាញ់ បានរស់រានមានជិវិត ដោយការយំឲបកូនខ្លួនជាលើកចុងក្រោយ បានអង្រួនបេះដូងមហាជនឲ្យយំស្រក់ទឹកភ្នែកតាមក្រោយឃើញវីដេអូទាំងនោះ។
យោងតាមបណ្តាញសារពត៌មាន Reuters បានរាយការណ៍ថា កាលពីថ្ងៃសៅរ៍ លោកស្រី Nataliya Ableyeva បានធ្វើដំណើរ ជាមួយកូនតូចពីរនាក់ដែលនាងអត់ដែលស្គាល់សោះ នៅក្នុងឡានអំឡុងពេលនាងកំពុងឆ្លងកាត់ព្រំដែនពីអ៊ុយក្រែនទៅកាន់ប្រទេសហុងគ្រី ព្រោះប៉ារបស់ពួកគេត្រូវគេហាមឃាត់មិនអនុញ្ញាតឆ្លងដែនបានកាលនោះ។ លោកស្រី Ableyeva បានប្រាប់អ្នកយកព័ត៌មាន Reuters Anita Komuves ថា «ឪពុករបស់ពួកគេគ្រាន់តែប្រគល់កូនទាំងពីរឱ្យខ្ញុំ និយាយពាក្យថា ខ្ញុំទុកចិត្តអ្នក ទាំងដែលខ្ញុំអត់ស្គាល់គាត់សោះពីមុនមក ហើយបុរសនោះផ្តល់លិខិតឆ្លងដែនឱ្យខ្ញុំដើម្បីនាំពួកគេមក»។
ស្ត្រីវ័យ ៥៨ ឆ្នាំរូបនេះក៏បានបន្ថែមថា ម្តាយរបស់កុមារដែលកំពុងធ្វើដំណើរមកពីប្រទេសអ៊ីតាលី អត់អាចចូលប្រទេសខ្លួនបានទេ ត្រូវបានកំណត់ឱ្យមកយកក្មេង ជាមួយក្តីរង់ចាំនៅព្រំដែនប្រទេសហុងគ្រី។ ឪពុករបស់ក្មេងបានឱ្យលេខប្រពន្ធរបស់គាត់ទៅ Ableyeva មុនពេលឱបកូនលាជាលើកចុងក្រោយ។ទីបំផុត បន្ទាប់ពីចាកចេញពីអ៊ុយក្រែនដោយសុវត្ថិភាព Ableyeva បានជួប Anna Semyuk អាយុ ៣៣ ឆ្នាំដែលបានមកដល់ដើម្បីយកកូនរបស់នាង។ នៅក្នុងរូបភាពដ៏កក់ក្តៅដែលចែករំលែកដោយ Reuters នោះ ឃើញមានមនុស្សរាប់លាននាក់ ប្រទះហេតុការណ៍នៃការជួបជុំម្តាយកូនដោយអារម្មណ៍រំភើប ហើយចុងក្រោយនាងបានមកឱបលោកស្រី Ableyeva ទាំងទឹកភ្នែក។ ហើយថ្ងៃនេះ វាបានក្លាយជាវីដេអូដែលផ្ទុះការរំជួលចិត្តជាងគេក្នុងបណ្តាញអ៊ីនធឺណេត។ តោះយើងមកទស្សនាទាំងអស់គ្នា៖