មហាសេដ្ឋីរុស្ស៊ីខាតបង់ទ្រព្យសម្បត្តិជាង ៨០ប៊ីលានដុល្លារដោយសង្គ្រាមរុស្សី -អ៊ុយក្រែន
(ឡុងដ៏)៖ មហាសេដ្ឋីរុស្ស៊ីកំពុងទទួលរងគ្រោះដោយសារវិបត្តិរវាងប្រទេសអ៊ុយក្រែន និងរុស្ស៊ី។ ការខាតបង់ទ្រព្យសម្បត្តិកើតមានយ៉ាងរហ័ស ទៅលើទ្រព្យសម្បត្តិរបស់មហាសេដ្ឋីទាំងនេះ គិតចាប់តាំងពីលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានសម្រេចចិត្តចូលឈ្លានពានប្រទេសអ៊ុយក្រែនមក។
យោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg (Bloomberg Billionaires Index) មហាសេដ្ឋីរុស្ស៊ីដែលស្ថិតក្នុងចំណាត់ថ្នាក់មហាសេដ្ឋីកំពូលទាំង៥០០ ក្នុងពិភពលោក បានបាត់បង់ទ្រព្យរួមគ្នាចំនួន ៨៣ប៊ីលានដុល្លារនៅឆ្នាំនេះ។
ការធ្លាក់ចុះតម្លៃភាគហ៊ុនក្នុងទីផ្សារក៏កើតមានខ្លាំងផងដែរ ដែលបានបណ្តាលឱ្យធនាគារកណ្តាលរុស្ស៊ីបានផ្អាកការជូញដូរភាគហ៊ុនក្នុងប្រទេសនៅថ្ងៃចន្ទ ដែលមានន័យថា ការខាតបង់របស់មហាសេដ្ឋីទាំងនេះអាចមានច្រើនជាងនេះទៀត។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនរុស្ស៊ីនានា រាប់ចាប់ពីក្រុមហ៊ុនឧស្មន៍ Novatek រហូតដល់ក្រុមហ៊ុនផលិតដែក Severstal បានធ្លាក់ថ្លៃច្រើនជាង ៥០ភាគរយនៅថ្ងៃចន្ទ បន្ទាប់ពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងប្រទេសផ្សេងទៀតបានបង្កើនការដាក់ទណ្ឌកម្មផ្សេងៗ។
ក្រៅពីការខាងបង់នេះ ការផាកពិន័យក៏កំពុងចាប់ផ្តើមខិតជិតមកដល់ផងដែរ។
មហាសេដ្ឋី Vagit Alekperov ប្រធានក្រុមហ៊ុនប្រេង Lukoil PJSC បានបាត់បង់ទ្រព្យប្រហែល ១៣ប៊ីលានដុល្លារនៅឆ្នាំនេះ ដែលជាការធ្លាក់ចុះខ្លាំងបំផុត ក្នុងចំណោមមហាសេដ្ឋីរុស្ស៊ីទាំង ២២រូបនៅលើសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg។ ភាគហ៊ុនរបស់ក្រុមហ៊ុនប្រេងរបស់លោកដែលជួញដូរនៅទីក្រុងឡុងដ៍បានធ្លាក់ចុះ ៦២,៨ភាគរយនៅថ្ងៃចន្ទ។
មហាសេដ្ឋី Gennady Timchenko ដែលជាមហាសេដ្ឋីម្នាក់ក្នុងចំណោមមហាសេដ្ឋី ដែលអង់គ្លេសបានដាក់ទណ្ឌកម្ម បានខាងបង់ទ្រព្យជិតពាក់កណ្តាលនៅឆ្នាំនេះ ដោយបានធ្លាក់ចុះ ១០,៦ប៊ីលានដុល្លារ។ មហាសេដ្ឋី Leonid Mikhelson ដែលជាម្ចាស់ភាគហ៊ុនក្រុមហ៊ុន Novatek បានបាត់បង់ទ្រព្យ ១០,២ប៊ីលានដុល្លារនៅឆ្នាំ២០២២នេះ។
វិបត្តិនៅអ៊ុយក្រែនក៏បានប៉ះពាល់ដល់មហាសេដ្ឋី Roman Abramovich ផងដែរ។ លោក Abramovich ជាមហាសេដ្ឋីល្បីឈ្មោះបំផុតមួយរូប ដែលទ្រព្យសម្បត្តិរបស់លោកមាននៅក្នុងក្រុមហ៊ុនជាច្រើនរួមទាំងក្រុមហ៊ុនផលិតដែក Evraz Plc និងនៅក្នុងក្លឹបបាត់ទាត់ Chelsea របស់អង់គ្លេសផងដែរ។
លោក Abramovich បានផ្ទេរសិទ្ធិគ្រប់គ្រងក្លឹបរបស់លោកទៅឱ្យមូលនិធិសប្បុរសធម៌មួយរបស់ក្លឹបនេះកាលពីថ្ងៃសោរ៍។
ក្រៅពីក្លឹបបាល់ទាត់នេះ ដែលអាចមានតម្លៃជាង ២ប៊ីលានដុល្លារ ទ្រព្យសម្បត្តិជាច្រើនរបស់លោក ស្ថិតនៅក្រៅប្រទេសរុស្ស៊ី ឬចុះបញ្ជីក្នុងផ្សារភាគហ៊ុនបរទេស។ ភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុន Evraz ចុះបញ្ជីនៅផ្សារហ៊ុនក្រុងឡុងដ៍ ខណៈដែលភាគហ៊ុនរបស់លោកក្នុងក្រុមហ៊ុនប្រេង Yandex ចុះបញ្ជីនៅផ្សារហ៊ុនអាមេរិក។
លោក Abramovich មានទ្រព្យសម្បត្តិសរុបប្រហែល ១៣,៩ប៊ីលានដុល្លារ ដែលធ្លាក់ចុះប្រហែល ៥ប៊ីលានដុល្លារនៅឆ្នាំនេះ។ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg៕