ប្រធានាធិបតីអ៊ុយក្រែន ទទូចឱ្យ EU ទទួលអ៊ុយក្រែនជាសមាជិកភ្លាមៗតែម្តង ក្រោយប្រមុខ EU បង្ហាញឆន្ទៈចង់ឱ្យចូល

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្ស៉ីឡិនស្គី (Volodymyr Zelensky) កាលពីព្រឹកថ្ងៃចន្ទនេះ បានចេញមុខអំពាវនាវសាជាថ្មី ដល់សហភាពអឺរ៉ុប (EU) ដើម្បីឱ្យទទួលប្រទេសលោក ជាសមាជិកក្នុងពេលភ្លាមៗជាបន្ទាន់តែម្តង នៅក្រោមនីតិវិធីថ្មីពិសេសមួយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

ការអំពាវនាវជាថ្មីម្តងទៀតខាងលើនេះ កើតមានឡើង បន្ទាប់ពីប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា ហ្វុន ឌែរ លេយិន (Ursula von der Leyen) បានបង្ហាញពីការគាំទ្ររួមជាមួយឆន្ទៈស្វាគមន៍ចង់ឱ្យអ៊ុយក្រែន ក្លាយជាសមាជិករបស់សហភាពអឺរ៉ុប។ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន លោក Zelensky ក៏បានបង្ហោះសារអំពាវនាវស្រដៀងគ្នាផងដែរ គឺលោកបានស្នើឱ្យមានការសម្រេចជាបន្ទាន់ ស្តីពីសមាជិកភាព EU សម្រាប់អ៊ុយក្រែន ដោយសង្កត់ថា ពេលវេលាសំខាន់បំផុតបានមកដល់ហើយ។

គួរបញ្ជាក់ថា អ៊ុយក្រែន ដែលជារដ្ឋប្រជាធិបតេយ្យមួយមានប្រជាជនជាង ៤៤លាននាក់ បានទទួលឯករាជ្យពីរុស្ស៊ីកាលពីឆ្នាំ១៩៩១ ក្រោយការ ដួលរលំរលាយនៃអតីតសហភាពសូវៀត។ អ៊ុយក្រែន បានប្រើពេលអស់ជាច្រើនឆ្នាំមកហើយ ដើម្បីរង់ចាំអនុញ្ញាតឱ្យចូលជាសមាជិក NATO និងសហភាពអឺរ៉ុប។ ប៉ុន្តែ ចេតនានៃការងាកទៅរកលោកខាងលិចនេះហើយ ត្រូវបានក្រុមអ្នកជំនាញមើលឃើញថាហេតុផលមួយធ្វើឱ្យ សង្រ្គាមផ្ទុះឡើង ខណៈរុស្ស៊ីក៏ធ្លាប់បានព្រមានហើយដែរការចូលជាសមាជិកប្លុកលោកខាងលិចទាំង២នេះ គឺជាទង្វើបំពានបន្ទាត់ក្រហមរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds