លោក បៃដិន បញ្ជាឱ្យក្រសួងការបរទេសអាមេរិក បញ្ចេញថវិកា៣៥០លានដុល្លារ ជាជំនួយសន្តិសុខដល់អ៊ុយក្រែន

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចេញបញ្ជាឱ្យរដ្ឋមន្រ្តីការបរទេសលោក អាន់តូនី ប្លីងគិន (Antony Blinken) បញ្ចេញថវិការហូតដល់៣៥០លានដុល្លារ ដើម្បីជាជំនួយបន្ទាន់ដល់ ផ្នែកសន្តិសុខនិងការពារជាតិរបស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

វាគឺជាការបញ្ចេញថវិកាលើកទី៣ហើយ សម្រាប់ជួយដល់អ៊ុយក្រែន ខណៈបទបញ្ជាកន្លងមក គឺត្រូវបានធ្វើឡើងសម្រាប់ថវិកា ៦០លានដុល្លារ និង២៥០លានដុល្លារ ហើយបើសរុបចូលគ្នាទាំងអស់ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ គឺប្រហែលជាង១ពាន់ានដុល្លារឯណោះ។ ក្រសួងការបរទេសអាមេរិក នឹងចេញសេចក្តីថ្លែងការណ៍លម្អិតជុំវិញរឿងនេះ ក្នុងពេលឆាប់ៗ។

គួរបញ្ជាក់ថា ការសម្រេចផ្តល់ជំនួយបន្ថែមខាងលើកើតមានឡើង បន្ទាប់ពីជំនួបតាមទូរស័ព្ទរយៈពេល៤០នាទី រវាងលោក បៃដិន ហើយនិងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្ស៉ីលែនស្គី កាលពីថ្ងៃសុក្រសប្តាហ៍នេះ។ ពាក់ព័ន្ធស្ថានការណ៍នៅអ៊ុយក្រែន គឺនាថ្ងៃទី៣នេះ នៃប្រតិបត្តិការយោធារបស់រុស្ស៉ី កងទ័ពរុស្ស៉ីនិងកងទ័ពអ៊ុយក្រែន កំពុងតែប្រយុទ្ធគ្នា នៅជាយៗរដ្ឋធានីកៀវរបស់អ៊ុយក្រែន ប៉ុន្តែក៏ហាក់មានពន្លឺនៃកិច្ចចរចារវាងប្រទេសទាំងពីរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds