រដ្ឋមន្ត្រី RCEP សន្យាខិតខំប្រឹងប្រែងសម្រេចបានឲ្យកិច្ចព្រមព្រៀងនៅឆ្នាំនេះ
ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ ម៉ោង 04:00 PM
(ដោយ៖ យឺន សីហា)
យោងតាមភ្នាក់ងារសារព័ត៌មាន Kyodo News កាលពីថ្ងៃទី ៣កន្លងមកបានឲ្យដឹងថា រដ្ឋមន្ត្រីមកពីប្រទេសទាំង ១៦ ដែលកំពុងតែចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់អាស៊ីបានសន្យាកាលពីថ្ងៃសៅរ៍មកថាពួកគេនឹងខិតខំបន្ថែមក្នុងការសម្រេចគោលដៅរបស់អ្នកដឹកនាំក្នុងការបញ្ចប់ការចរចាក្នុងឆ្នាំនេះ។
ប្រទេសដែលចូលរួមការពិភាក្សាលើកិច្ច ព្រមព្រៀងភាពដៃគូសេដ្ឋកិច្ចស៊ីជម្រៅក្នុងតំបន់ (RCEP) បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំនៅក្រុងសៀមរាបនៃប្រទេសកម្ពុជាថា រដ្ឋមន្ត្រីប្តេជ្ញាថានឹងខិតខំសម្រេចគោលដៅនេះ។ រដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុនគឺលោក Hiroshige Seko បាននិយាយថា ផ្នែកជាច្រើននៅមានចន្លោះ និងមានការខ្វែងគំនិតគ្នានៅឡើយដូចជា ការចូលក្នុងទីផ្សារ និងការកាត់បន្ថយពន្ធជាដើម។ ខណៈដែលប្រទេសថៃ ឥណ្ឌូនេស៊ី និងឥណ្ឌានឹងមានការបោះឆ្នោតក្នុងឆមាសទីមួយនាឆ្នាំនេះ មានការព្រួយារម្ភថាវាអាចនឹងប៉ះពាល់ដល់ការចរចា។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រចាំព្រះរាជាណាចក្រកម្ពុជាបាននិយាយក្នុងកំឡុងបើកកិច្ចប្រជុំមកថា ប្រសិនបើប្រទេសជាសមាជិក RCEP ទាំង ១៦ ប្រទេសចូលរួមសហការដើម្បីអត្ថប្រយោជន៍រួមនោះ តំបន់នឹងទទួលបានអត្ថប្រយោជន៍យ៉ាងខ្លាំង។ អ្នកដឹកនាំរបស់ប្រទេសក្នុងអាស៊ីប៉ាស៊ីហ្វិកទាំង ១៦ ដែលរួមមានប្រទេសជប៉ុន ចិននិងឥណ្ឌាបានព្រមព្រៀងគ្នាកាលពីខែវិច្ឆិកាមុនក្នុងប្រទេសសិង្ហបុរីមកថានឹងសម្រេចកិច្ចព្រមព្រៀងនេះនៅចុងឆ្នាំ ២០១៩។
គួរបញ្ជាក់ទៀតថា RCEP តំណាង១ភាគ៣នៃសេដ្ឋកិច្ចពិភលោក និងធ្លាប់បរាជ័យក្នុងការសម្រេចគោលដៅដែលបានកំណត់មកផងដែរព្រោះតែមហិច្ចតាខុសៗគ្នារបស់ប្រទេសជាសមាជិក។ ការចរចាបានចាប់ផ្តើមតាំងពីឆ្នាំ ២០១៣ ហើយគោលដៅដំបូងគឺសម្រេចវាឲ្យបានក្នុងឆ្នាំ ២០១៥។ ភាគីទាំងអស់កំពុងតែពិភាក្សាពីបញ្ហាចំនួន ១៨កន្លែងដែលរួមមានការលុបបំបាត់ពន្ធលើផលិតផលមួយចំនួនដូចជាផលិតផលឧស្សាហកម្ម ការធ្វើពាណិជ្ជកម្មសេវាកម្ម សិទ្ធិកម្មសិទ្ធិបញ្ញា កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងផ្នែកបច្ចេកទេស រួមទាំងបញ្ហាច្បាប់ និងស្ថាប័នផងដែរ។
ប្រភព៖ kohsantepheapdaily