អាណិតណាស់! ប្រធានាធិបតីអ៊ុយក្រែន «អង្វរអន្តរជាតិ» ឲ្យចាត់វិធានការបន្ថែម ព្រោះត្រឹមទណ្ឌកម្មគឺមិនគ្រប់គ្រាន់ទេ

(កៀវ)៖ គ្រាប់មីស៊ីលរុស្ស៊ីនៅតែបន្តបាញ់ឆ្ពោះ ទៅរកទីតាំងយោធាសំខាន់ៗ នៃរដ្ឋធានីកៀវ ហើយកងទ័ពរុស្ស៊ីក៏កំពុងបន្តសម្រុក ទៅកាន់រដ្ឋធានីអ៊ុយក្រែនមួយនេះផងដែរ ខណៈប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelensky) បានអង្វរអន្តរជាតិ ឲ្យចាត់វិធានការបន្ថែមទៀត ដើម្បីបញ្ឈប់រុស្ស៊ី ព្រោះត្រឹមតែការដាក់ទណ្ឌកម្មនោះ វាមិនគ្រប់គ្រាន់ទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាល្ងាចថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

រដ្ឋធានីកៀវដែលមានប្រជាជនរស់នៅជាង ៣លាននាក់ នៅថ្ងៃសុក្រនេះកំពុងស្ថិតនៅក្នុងការបិទខ្ទប់ ដោយអាជ្ញាធរអ៊ុយក្រែន ខណៈដែលកងទ័ពអ៊ុយក្រែន កំពុងព្យាយាមទប់ទល់កងទ័ពរុស្ស៊ី ដែលកំពុងសម្រុកមកកាន់ទីនេះ។ ប្រជាជនជាច្រើនត្រូវបានគេរាយការណ៍ថា បានចូលទៅជ្រកកោណបណ្តោះអាសន្ន នៅតាមផ្លូវរថភ្លើងក្រោមដីដើម្បីសុវត្ថិភាព។

គួរបញ្ជាក់ថា នៅក្រោយការប្រកាសកាលពីព្រឹកថ្ងៃសុក្រនេះ អំពីចំនួនមនុស្សស្លាប់ ១៣៧នាក់ និងរបួសជាង ៣០០នាក់ ដោយសារតែការវាយប្រហារថ្ងៃដំបូងរបស់រុស្ស៊ីនោះ, លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelensky) ក៏បានអះអាងផងដែរថា លោកនឹងបន្តស្នាក់នៅក្នុងទីក្រុងកៀវ ហើយក្រុមគ្រួសារលោក ក៏បន្តស្នាក់នៅក្នុងប្រទេសអ៊ុយក្រែនដូចគ្នា៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds