សហរដ្ឋអាមេរិក ចង់បណ្ដេញរុស្ស៊ី ចេញពីក្រុមប្រឹក្សាសន្តិសុខ UN

(វ៉ាស៊ីនតោន)៖ ដំណោះស្រាយមួយស្នើឡើងដោយសភាទាំង២ របស់សហរដ្ឋអាមេរិក បានអំពាវនាវឱ្យបណ្ដេញរុស្ស៊ីចេញពីក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UNSC) បន្ទាប់ពីទីក្រុងម៉ូស្គូ បើកប្រតិបត្តិការយោធាឈ្លានពានអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Axios នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាមសារព័ត៌មានអាមេរិក Axios, ដំណោះស្រាយខាងលើដដែល បានជំរុញឱ្យអង្គការសហប្រជាជាតិ ដំណើរការនីតិវិធីសកម្មភាពជាបន្ទាន់ ជាមួយ ការអនុម័តមាត្រា ២៣ នៃធម្មនុញ្ញរបស់ខ្លួន ដែលកំណត់ពីរចនាសម្ពន្ធនៃក្រុមប្រឹក្សាសន្តិសុខ ដើម្បីបណ្ដេញរុស្ស៊ីចេញពីកៅអីសមាជិកអចិន្ត្រៃយ៍។

បន្ថែមពីលើនេះ ដំណោះស្រាយនេះក៏បានថ្កោលទោសប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែន ព្រមទាំងការទទួលស្គាល់តំបន់ផ្ដាច់ខ្លួនពីរ ក្នុងតំបន់ Donbass ផងដែរ ដោយសំអាងថាវាជាសកម្មភាពបង្កការគំរាមកំហែងដោយផ្ទាល់ដល់សន្តិភាព និងសន្តិសុខអន្តរជាតិ ក៏ដូចជាបំពានលើកាតព្វកិច្ច របស់ខ្លួនក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ប៉ុន្តែ ក្រុមអ្នកជំនាញយល់ថាដំណោះស្រាយរបស់សភាអាមេរិកទាំង២ មានឱកាសតិចតួចណាស់ដែលនឹងត្រូវបានអនុម័ត ដ្បិតវាតម្រូវឱ្យសមាជិក អចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខទាំងអស់បោះឆ្នោតអនុម័ត។ និយាយដល់ត្រង់នេះ ចិន និងរុស្ស៊ីផ្ទាល់ដែលជាសមាជិកអចិន្ត្រៃយ៍ មុខជានឹងបោះឆ្នោត វេតូជាមិនខាន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds