ប្រវត្តិបុរសខ្លាំង ពូទីន ពីអ្នកស៊ើបការសម្ងាត់ ក្លាយជាមេដឹកនាំប្រទេសរុស្ស៊ី
ថ្ងៃនេះយើងមកមើលបុរសខ្លាំងមួយរូបដែលកំពុងមានឈ្មោះបោះសម្លេងនៅលើឆាកនយោបាយអន្ដរជាតិ នោះគឺលោកវ្ល៉ាឌីមៀរពូទីន ប្រធានាធិបតីដ៏ល្បីល្បាញរបស់រុស្ស៊ី។
លោក ពូទីន កើតនៅឆ្នាំ 1952 នៅទីក្រុង សេនភីថឺស្បឺក (Saint Petersburg) ក្នុងអតីតសហភាពសូវៀត ដែលសព្វថ្ងៃនៅក្នុងទឹកដីរុស្ស៊ី។
គាត់ជាកូនពៅក្នុងចំណោមបងប្អូន 3 នាក់ ក្នុងគ្រួសារមធ្យមមួយ ដោយម្ដាយជាអ្នកបម្រើការនៅក្នុងរោងចក្រ ចំណែកឪពុកជានាយទាហានជើងទឹករបស់អតីតសហភាពសូវៀត។
កាលនៅវ័យកុមារអាយុ 12 ឆ្នាំ គាត់បានចាប់ផ្ដើមហ្វឹកហាត់ក្បាច់គុន យូដូ (ក្បាច់គុនជប៉ុន) និង សាំបូ (ក្បាច់គុណរុស្ស៊ី) ។
គាត់ក៏ឆ្លៀតរៀនភាសាអាល្លឺម៉ង់បានយ៉ាងស្ទាត់ផងដែរ។នៅឆ្នាំ 1975 លោកបានបញ្ចប់ការសិក្សាបរិញ្ញាប័ត្រជំនាញច្បាប់ពីសាកលវិទ្យាល័យរដ្ឋ សេនភីថឺស្បឺក។
កាលនៅរៀនក្នុងសាកលវិទ្យាល័យ លោកក៏បានក្លាយជាសមាជិក គណបក្សកុម្មុយនីស្ដនៃសហភាពសូវៀត រហូតដល់ឆ្នាំ 1991 (ពេលដែលសូវៀតបានដួលរលំ)។
នៅឆ្នាំ 1975 លោកបានចូលបម្រើការជាចារបុរស (អ្នកស៊ើបការសម្ងាត់) នៅក្នុងភ្នាក់ងារសន្តិសុខជាតិសូវៀត កាហ្សេបេ (KGB) (ពាក្យពេញជាភាសារុស្ស៊ី) រហូតដល់ឆ្នាំ 1991 ដែរ ហើយក្នុងនោះលោកក៏បានឡើងតំណែងដល់ វរសេនីយ៍ទោផងដែរ។
នៅឆ្នាំ 1996 លោកបានទៅកាន់ទីក្រុងមូស្គូ និងចូលរួមក្នុងសមាសភាពរដ្ឋាភិបាលរបស់ អតីតប្រធានាធិបតី បូរីស យេលស៊ីន (Boris Yeltsin) ហើយនៅឆ្នាំ 1999 នៅពេល លោកយេលស៊ីន លាលែងតំណែង លោកពូទីនក៏បានឡើងជាប្រធានាធិបតីស្ដីទី។
នៅឆ្នាំ 2000 លោកក៏បានឈ្នះឆ្នោតឡើងជាប្រធានាធិបតីតែម្ដង ហើយត្រូវបានគេបោះឆ្នោតឱ្យឈ្នះជាលើកទីពីរ នៅឆ្នាំ 2004។ នៅក្នុងអំឡុងពេលនោះលោកបានដឹកនាំរុស្ស៊ីទទួលបានការលូតលាស់ផ្នែកសេដ្ឋកិច្ចយ៉ាងគួរឱ្យកត់សម្គាល់។
នៅឆ្នាំ 2008 លោកមិនបានឈរឈ្មោះទៀតទេដោយអណត្តិប្រធានាធិបតីត្រូវបានកំណត់ត្រឹម 2 អណត្តិជាប់គ្នាប៉ុណ្ណោះ។ តែនៅឆ្នាំ 2012 លោកក៏បន្តឈរឈ្មោះម្ដងទៀតនិងឈ្នះឆ្នោតជាថ្មីទៀត (ខណៈលើកនេះអណត្តិរបស់លោកមានរយៈពេលដល់ទៅ 6 ឆ្នាំ)។
ដោយសារសមត្ថភាពក្នុងការដឹកនាំ កេរ្ដ៍ឈ្មោះរបស់លោកល្បីខ្ទរខ្ទារទូទាំងពិភពលោក ដោយក្នុងនោះទស្សនាវដ្ដី Times បានចាត់ទុកលោកជាបុគ្គលមានឥទ្ធិពលបំផុតនៅឆ្នាំ 2015 ចំណែកទស្សនាវដ្ដី Forbes វិញបានចាត់ទុកលោកជាអ្នកមានអំណាចបំផុត 4 ឆ្នាំជាប់គ្នា ពីឆ្នាំ 2013 ដល់ 2016។
បុរសខ្លាំងនៃវិមានក្រេមឡាំង បានទទួលជ័យជំនះដ៏ត្រចះត្រចង់ដោយសម្លេងគាំទ្រដល់ទៅជាង ៧៦%ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃ ១៨ មីនា ឆ្នាំ ២០១៨ បន្តកាន់តំណែងជាប្រធានាធិបតីប្រទេសរុស្ស៊ីជាបន្តទៀត៕