សម្តេច ស ខេង បញ្ជាឱ្យស្រាវជ្រាវរកទីតាំងធំៗ លួចផ្សំ កែច្នៃ ផលិតគ្រឿងញៀនខុសច្បាប់
ភ្នំពេញ៖ ថ្លែងក្នុងពិធីបូកសរុបលទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ណែនាំដល់កងកម្លាំងមានសមត្ថកិច្ចត្រូវស្រាវជ្រាវ រកឱ្យឃើញទីតាំងធំៗមួយចំនួន ដែលឧក្រិដ្ឋជនគ្រឿងញៀន បានប្រើប្រាស់សារធាតុគីមីនាំចូល ដើម្បីលួចលាក់ផ្សំ កែច្នៃ ផលិតគ្រឿងញៀនខុសច្បាប់។
សម្ដេចក្រឡាហោម បានអោយដឹងថា ដោយសារតែមានឧក្រិដ្ឋជន មួយចំនួនបានប្រើប្រាស់សារធាតុគីមីនាំចូលមួយចំនួន មកកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ ហេតុនេះ សមត្ថកិច្ចត្រូវធ្វើការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងកិច្ចសហការអន្តរស្ថាប័ន ដើម្បីគ្រប់គ្រងការនាំចូល ការចែកចាយ និងការប្រើប្រាស់សារធាតុគីមី ដែលនាំចូលកុំឱ្យសារធាតុគីមីទាំងនោះ ធ្លាក់ក្នុងដៃឧក្រិដ្ឋជន យកទៅកែច្នៃផលិតគ្រឿងញៀនខុសច្បាប់»។
ទន្ទឹមនេះ សម្តេចក្រឡាហោម បានប្រាប់ឲ្យមន្ត្រីមានសមត្ថកិច្ចត្រូវលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្រិតតំបន់ និងអន្តរជាតិ ដើម្បីបង្ការទប់ស្កាត់ឱ្យបានជាដាច់ខាតការប្រើប្រាស់ប្រទេសកម្ពុជាជាគោលដៅផលិតគ្រឿងញៀន ។
បើតាមសម្តេច អាជ្ញាធរ ត្រូវបង្កើនការអប់រំប្រជាជន ឱ្យលើកកម្ពស់ការទទួលខុសត្រូវក្នុងការបង្ការ ទប់ស្កាត់ ជៀសឱ្យឆ្ងាយពីគ្រឿងញៀនៅមូលដ្ឋាន ព្រមទាំងចូលរួមឱ្យបានកាន់តែសកម្មជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ឱ្យបានជាប់ជាប្រចាំ។
សូមបញ្ជាក់ផងដែរថា នៅឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ បានចំនួន ៥.៩៧ ៤ ករណី ក្នុងនោះ ធ្វើការឃាត់ខ្លួនជនល្មើសបានចំនួន១២.៦៧២នាក់៕