ថ្ងៃគូ ខែគូ ថមមី បួងសួងសុំឱ្យប្រពន្ធក្លាយជាឧកញ៉ាជំទាវ ព្រោះតែមូលហេតុទាំងនេះ
ប្រិយមិត្តបានដឹងហើយបច្ចុប្បន្ននេះ ប្តីប្រពន្ធសិល្បករ គឺលោក ថមមី និង អ្នកនាង សួស វីសា កំពុងតែមានយីអ៊ុនឡើងក្រឺតៗ មិនថាជីវិតគ្រួសារ ឬ មុខរបរជំនួញនោះទេ ពោលគឺដើរទន្ទឹមគ្នា និង កំពុងទទួលបានការលើកសរសើរមិនដាច់ពីមាត់ពីមហាជនអ្នកគាំទ្រ។
មុនដើរដល់ចំណុចជោគជ័យនេះដែរ លោក ថមមី និង ភរិយា គឺអ្នកនាង សួស វីសា បានឆ្លងកាត់ជីវិតតស៊ូ លំបាកលំបិនមកជាយូរហើយ ដោយកន្លងមកប្តីប្រពន្ធអ្នកសិល្បៈគូនេះក៏ធ្លាប់បានបង្ហើបប្រាប់ផងដែរ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ខណៈជីវិតកំពុងតែជោគជ័យខ្លាំងនោះ ថ្មីៗនេះលោក ថមមី ស្រាប់តែបានបង្ហោះសារមួយលើទំព័រហ្វេសប៊ុកខ្លួន បួងសួងសុំឱ្យភរិយាខ្លួនឆាប់ទទួលបានងារជាឧកញ៉ាជំទាវ ដែលគេឯងប៉ងប្រាថ្នាគ្រប់គ្នានោះ។ លោក ថមមី បានបួងសួងថា ៖ «ថ្ងៃទី 22.02.2022 ជាថ្ងៃល្អបំផុត ដូច្នេះខ្ញុំសូមបួងសួងឱ្យយក្តីប្រាថ្នារបស់ខ្ញុំ គឺសូមជូនពរឱ្យភរិយាសម្លាញ់របស់ខ្ញុំ ក្លាយជាឧកញ៉ាជំទាវម្នាក់ក្នុងប្រទេសកម្ពុជាយើង»។
សម្រាប់ការបន់បែបនេះដែរ គឺបន្ទាប់ពីលោក ថមមី ជាប្តីបានសម្លឹងឃើញភរិយាខ្លួនមានសកម្មភាពយ៉ាងសកម្មក្នុងការជួយសង្គមជាតិកន្លងមក ដោយលោកបានរៀបរាប់ថា ៖ «ព្រោះគាត់បានជួយដល់សង្គមជាតិយើងបានច្រើនណាស់ គាត់ស័ក្តិសម ដោយចិត្តមេត្តាធម៌គាត់ គុណធម៌ សប្បុរសធម៌ ការយកអាសា ជួយដល់ជនក្រីក្រលំបាក ចាស់ៗជរា ក្មេងៗកំព្រា សិស្សានុសិស្ស និង ប្រជាពលរដ្ឋដែលក្រលំបាកពិតប្រាកដ គាត់តែងតែជួយតាមលិទ្ធភាពគាត់ សូមសរសើរលើទឹកចិត្តរបស់គាត់ណាស់ សូមឱ្យក្តីប្រាថ្នាខ្ញុំក្លាយជាការពិតផងចុះ»៕