ម្ចាស់ឡាន៥៧០ ប្រកាសមិនយកសំណង សុំឱ្យច្បាប់ដាក់ទោសម្ចាស់ឡាន ឡិចស៊ីស៣០០តែម្ដង
ភ្នំពេញ ៖ ស្រ្តីម្នាក់ជាម្ចាស់រថយន្ត៥៧០ បានបង្ហោះសារ នៅផេកផ្ទាល់ខ្លួន កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដែងនូវការហួសចិត្តក្រោយស្ដាប់ការរៀបរាប់ របស់ម្ចាស់រថយន្តលិចស៊ីស៣០០ និងសាក្សីម្នាក់ទៀត នៅក្នុងការឡាយ របស់ផេកព័ត៌មានមួយចំនួន ។
គណនេយ្យហ្វេសបុក Nary Bunnarath បានសរសេរថា « ម្សិលមិញខ្ញុំមិនបានមើលវីដេអូគាត់ទេ ពូចិត្តអាក្រក់ណាស់បើកឡានបុកខ្ញុំហើយ មិនមកជួយខ្ញុំ ថែមទាំងមកចោទបំពានខ្ញុំទៀត។ ខ្ញុំមិនទារសំណងទេ តែខ្ញុំនឹងសុំអោយច្បាប់ដាក់ទោសពូហើយបកស្រាយសុំទោសខ្ញុំជាសាធារណៈ អោយបានច្បាស់ជាថ្មី និងរកមុខសាក្សី ដែលអះអាងថា ខ្ញុំបើកឡានបញ្ច្រាស រួមទាំងអ្នកសារព័ត៌មាន មួយចំនួនធំ(ស្ទើរទាំងអស់)😢😢 » ។
សូមរំលឹកថា ករណីគ្រោះថ្នាក់ចរាចរមួយ រវាងរថយន្ត LEXUS RX300 ពណ៌ខ្មៅ ពាក់ស្លាលលេខ ភ្នំពេញ 2O-4445 បុករថយន្តLEXUS LX570 KURO នៅត្រង់ផ្លូវបំបែកជាបួន បណ្ដាលឱ្យរថយន្តទំនេីប 570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BS-9899 ក្រឡាប់កាលពីវេលា ម៉ោង២ និង៤៥នាទីរសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងតំបន់បឹងកក់ សង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ភ្លាមៗម្ចាស់រថយន្ត LEXUS RX300 បាននិយាយប្រាប់ថា ភាគីខាងរថយន្ត LEXUS LX570 KURO បើកបរបញ្ច្រាសទិស ក្នុងល្បឿនលឿន ទើបរថយន្តគាត់បុក ប៉ុន្តែក្រោយពីការស្នើសុំ រូបភាពកាមេរ៉ាសុវត្ថិភាពពីហាង ក្បែរកន្លែងកើតហេតុ បានបង្ហាញថា រថយន្ត LEXUS LX570 KURO បើកបរតាមទិសចរាចរត្រឹមត្រូវ មិនបានបញ្ច្រាសនោះទេ ។
បន្ទាប់មកសមត្ថកិច្ច បានវាស់វែងស្ទួចយករថយន្តទាំង២គ្រឿង យកទៅរក្សារទុក នៅការិយាល័យចរាចរណ៍ រង់ចាំធ្វើការដោះស្រាយ គ្នានៅពេលក្រោយ ។ ឥឡូវនេះ ម្ចាស់រថយន្ត LEXUS LX570 KURO បានប្រកាសមិនទារសំណងទេ គឺស្នើឱ្យច្បាប់ដាក់ទោសម្ចាស់ រថយន្ត LEXUS RX300តែម្ដង ៕