ហោរាម្នាក់ ប្ដឹងហោរាម្នាក់ទៀត រឿងលួចចម្លងឯកសារតម្រាព្យាករណ៍
ឯកឧត្ដម អ៊ឹម បុរិន្ទ ទីប្រឹក្សាអមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ ឱ្យមេធាវីធ្វើលិខិតអញ្ជើញ ឯកឧត្ដម ប៊ុន វាស្នារ ជំនួយការអមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ មកដោះស្រាយ ករណី ក្បត់ទំនុកចិត្ត លួចចម្លងឯកសារ តម្រាព្យាករណ៍ បោះពុម្ពលក់ ហើយមិនព្រមចូលមកដោះស្រាយ។
លោក អ៊ឹម បុរិន បញ្ជាក់ថា មួយរយៈកន្លងទៅនេះ លោក ប៊ុន វាស្នារ បានបោះពុម្ពសៀវភៅ “តម្រាព្យាករណ៍ លេខអត្តៈ ៧តួ៩ថាន” លក់ជាសាធារណៈ។ លោក អ៊ឹម បុរិន បានឱ្យដឹងថា លោកបានទិញ ទើបដឹងថា ខ្លឹមសារក្នុងសៀវភៅនេះសុទ្ធតែបានចម្លងពីសៀវភៅ “ព្រហ្មលិខិតពិស្ដារ” និងឯកសារជា Excel របស់លោក ដែលលោក ប៊ុន វាស្នារ សុំពីលោកយកទៅសម្រាប់សិក្សា និងដោយយល់ថា ជាមិត្តរួមការងារ និងជាអ្នកហោរាដូចគ្នា ទើបជូនទៅលោក ប៊ុន វាស្នារ។
លោក អ៊ឹម បុរិន មានប្រសាសន៍បន្តថា៖ “តែផ្ទុយទៅវិញ គាត់បែរជាក្បត់ទំនុកចិត្ត យកឯកសារនោះទៅបោះពុម្ពលក់ និងផ្សព្វផ្សាយតាម Page សមាគមស្រាវជ្រាវវិជ្ចាហោរាសាស្ត្រ Page បណ្ណាល័យហោរាសាស្រ្ត តាម Facebook ឈ្មោះ Heng Ty ចាត់ទុកជាឯកសាររបស់ខ្លួន ដោយមិនមានការសុំអនុញ្ញាតិពីខ្ញុំសោះឡើយ”។
លោក អ៊ឹម បុរិន បន្តទៀតថា៖ “ក្នុងមួយរយៈកន្លងទៅនេះ ខ្ញុំបានទុកពេលឱ្យគាត់ចូលមកដោះស្រាយ តែគាត់មិនបានចូលមកទេ។ ខ្ញុំបានឱ្យមេធាវីរបស់ខ្ញុំធ្វើលិខិតអញ្ជើញគាត់នៅថ្ងៃទី១៦ ខែកុម្ភៈ ២០២២ វេលាម៉ោង ៣រសៀល គាត់នៅតែគេ-ចវេ-សមិនព្រមចូលមកដោះស្រ័យដដែល”។
លោក អ៊ឹម បុរិន លើកឡើងថា នេះអំពើដ៏អាក្រក់ ក្បត់ទំនុកចិត្តមិត្តរួមការងាររបស់ លោក ប៊ុន វាស្នារ ដែលមិនអាចអត់ឱនឱ្យបាន និងសូមឱ្យ លោក ប៊ុន វាស្នារ និងបក្ខពួកបញ្ឈប់រាល់ការបោះពុម្ព និងចែកចាយសៀវភៅដែលមានជាប់ពាក់ព័ន្ធឯកសារដែលជាស្នាដៃរបស់លោក និងបញ្ឈប់រាល់ការយករបស់អ្នកដទៃមកកាឡៃធ្វើជារបស់ខ្លួនឯង។
លោក អ៊ឹម បុរិន បញ្ជាក់បន្តថា នៅមានសៀវភៅពីរក្បាលទៀតដែល លោក ប៊ុន វាស្នារ បានចម្លងពីឯកសាររបស់លោក និងបានបោះពុម្ព ដូចជា៖
១. ប្រជុំទំនៀមក្បួនតម្រាខ្មែរ បានយកឯកសារ “តារាសាស្ត្រខ្មែរ តម្រាមហានាទី” ចំនួន ២៤ទំព័រ និងយកលំនាំដោយកែតួលេខ ៣៣ ទំព័រ និងដកពីសៀវភៅ “វិធីគណនាប្រតិទិនខ្មែរ សាកល ៨០០ឆ្នាំ” មួយចំនួនទៀត ព្រមទាំងយកលំនាំគំនិតដោយកែតួលេខជាច្រើនទំព័រទៀត។
២. ប្រតិទិនប្រចាំឆ្នាំ បានចម្លងចេញពីសៀវភៅ “មហាសង្ក្រានឆ្នាំខាល ឆ្នាំ២០២២” “តម្រាព្យាករណ៍ជោគជតារាសី” បោះពុម្ពឆ្នាំ២០០៣ និង “មហាសង្ក្រានឆ្នាំខាល ទោស័ក២០១០” សរុបទាំងអស់ចំនួន ៤៧ទំព័រ ក្នុងសៀវភៅ ១០៣ទំព័រ។