មិនធម្មតា! តារាចម្រៀង កែវ វាសនា និងភរិយា បានជះលុយរាប់ម៉ឺនដុល្លារ ទិញរថយន្តស៊េរីទំនើប «Rolls Royce» ជាកាដូជូនកូនស្រី

(ភ្នំពេញ)៖ មហាជនពិតជាកោតស្ងប់ស្ងែង និងសម្ដែងការភ្ញាក់ផ្អើល ចំពោះគ្រួសាររបស់តារាចម្រៀង កែវ វាសនា និងភរិយា ពេលដែលបានដឹងថា គ្រួសារមួយនេះបានចំណាយលុយរាប់ម៉ឺនដុល្លារ ទិញរថយន្តស៊េរីទំនើប ម៉ាក Rolls Royce ពណ៌សដ៏ថ្មីសន្លាងមួយគ្រឿង ជូនជាកាដូជូនដល់កូនស្រីបណ្ដូលចិត្ត ដែលមានវ័យទើបតែ ៣ឆ្នាំជាងប៉ុណ្ណោះ។

ខ្សែជីវិតរបស់តារាចម្រៀង កែវ វាសនា បានផ្លាស់ប្ដូរស្ទើរតែ ១៨០ដឺក្រេទៅហើយ បន្ទាប់ពីបានចាប់ដៃគូជាស្វាមីភរិយា ជាមួយនឹងកូនអ្នកជំនួញ ក្នុងខេត្តបន្ទាយមានជ័យ គឺអ្នកនាង លឹម សុគន្ធារី ដោយគិតរហូតមកដល់ពេលនេះ ពួកគេមានចំណងដៃកូនចំនួន២នាក់ គឺស្រី១ប្រុស១។

ថ្មីៗនេះ នៅក្នុងបណ្ដាញសង្គម Tik Tok ផ្លូវការរបស់ភរិយា តារាចម្រៀង កែវ វាសនា មានឈ្មោះថា «limsokuntheary»ដែលមានចំនួនអ្នក Followers 747.4K បានបង្ហោះវីដេអូមួយ គួរឲ្យចាប់អារម្មណ៍បង្ហាញពីសកម្មភាព ឲ្យកូនស្រីរបស់ខ្លួនរត់ទៅបើកទ្វារថយន្តចូលអង្គុយ ដែលត្រូវបានមហាជនស្គាល់ថា រថយន្តនោះ គឺម៉ាក Rolls Royce ពណ៌សយ៉ាងប្រណិត។ ជាមួយនឹងសកម្មភាពឲ្យកូនចូលអង្គុយក្នុងរថយន្ត ភរិយារបស់តារាចម្រៀង កែវ វាសនា បាននិយាយថា « អ៉ីញអ៉ីញ សប្បាយចិត្តឬអត់? ហ៉ឺ សប្បាយណាស់នែ៎.. ម៉ាំមីទិញកាដូឲ្យកូនឯងមែន? តោះដើរលេងកូន តោះ..ដើរចូលឡានកូន…!»

អ្នកគាំទ្រតារាចម្រៀង កែវ វាសនា បានលាន់មាត់សរសើរពីជោគវាសនា របស់តារាចម្រៀងរូបនេះ ដែលមានភរិយាជាអ្នកជំនួញ តស៊ូរកស៊ីជាមួយគ្នាអស់រយៈពេលជិត១០ឆ្នាំ ទើបទទួលលទ្ធផលគួរជាទីស្ងប់ស្ងែង នៅពេលនេះ។

មហាជនសង្កេតឃើញថា ចាប់តាំងពីតារាចម្រៀង កែវ វាសនា ចាប់ដៃគ្នាជាមួយភរិយាសាងគ្រួសារមក លោកពុំសូវយកចិត្តទុកដាក់លើការងារចម្រៀងរបស់លោកប៉ុន្មានឡើយ ពោលគឺជាប់រវល់នឹងការងាររកស៊ី លក់ផលិតផលតាមអនឡាញ និងការងារជំនួញផ្សេងៗទៀត។

សូមបញ្ជាក់ថា តារាចម្រៀង កែវ វាសនា បានសម្រេចចិត្តចូលរោងការកាលពីអំឡុង ខែឧសភា ឆ្នាំ ២០១៦ ជាមួយកូនស្រីអ្នកជំនួញក្នុងខេត្តបន្ទាយមានជ័យ គឺអ្នកនាង លឹម សុគន្ធារី ដោយគិតរហូតមកដល់ពេលនេះ គឺមានរយៈពេល៦ឆ្នាំមកហើយ និងទទួលបានចំណងដៃនៃអាពាហ៍ពិពាហ៍ កូនចំនួន២នាក់ គឺស្រី១ប្រុស១៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds