មាសសុទ្ធមិនខ្លាចភ្លើង!អភិបាលស្រុកគំរូ ឃឹម ហ្វីណង់ ហ៊ានលាលែងពីតំណែង បើគ្រប់យ៉ាងដូចការចោទប្រកាន់របស់ស្ត្រីម្នាក់
លោកស្រី លី អ៊ុំអេង បានប្ដឹង លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ទៅតុលាការ ពីប-ទញុះញ-ង់ រំ-លោ-ភលើកម្មសិទ្ធិឯកជន និងមិនគោរពតាមសេចក្ដីសម្រេចរបស់តុលាការ។ លោក ឃឹម ហ្វីណង់ បានលើកឡើងថា
“ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្ញុំ និងផ្តល់យុត្តិធម៌ដល់ការបំពេញតួនាទីរដ្ឋបាលរបស់មន្ត្រីរាជការទាំងអស់ ហើយខ្ញុំត្រៀមខ្លួននឹងចាកចេញពីតួនាទីរបស់ខ្ញុំ និងទទួលខុសត្រូវគ្រប់បែបយ៉ាងចំពោះមុខច្បាប់ ប្រសិនបើរកឃើញថាមានកំហុស និងបានប្រព្រឹត្តដូចការចោ-ទប្រកាន់របស់លោកស្រី លី អ៊ុំអេង ពិតមែន”។
ម្ចាស់បណ្ដឹ-ងមានឈ្មោះលី អ៊ុំអេង ភេទស្រីអាយុ៥១ ឆ្នាំ មុខរបររកស៊ី បច្ចុប្បន្ននៅភូមិខ្នារសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រៅពីប្ដឹ-ងលោក ឃឹម ហ្វីណង់ ទៅតុលាការខេត្តសៀមរាប លោកស្រី លី អ៊ុំអេង បានដាក់ពាក្យប-ណ្ដឹ-ងលោក ឃឹម ហ្វីណង់ ទៅអភិបាលខេត្តសៀមរាប ពីបទញុះញ-ង់ រំ-លោ-ភលើកម្មសិទ្ធិឯកជន និងមិនគោរពតាមសេចក្ដីសម្រេចរបស់តុលាការ។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើនេះ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានសារឆ្លើយតបក្នុងបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧ខែ កុម្ភៈឆ្នាំ២០២២ ដោយបានលោកអភិបាលស្រុក បានលើកឡើងថា
“ដោយមានការចោ-ទប្រកា-ន់ជាសាធារណៈ និងមានពាក្យប-ណ្តឹ-ងទៅកាន់អយ្យការអមសាលាដំបូងខេត្តសៀមរាប មកលើរូបខ្ញុំ និងដើម្បីបញ្ជាក់ពីភាពស្អាតស្អំ ក្នុងការបំពេញតួនាទីបម្រើប្រជាពលរដ្ឋរបស់ខ្ញុំ ខ្ញុំគ្មានជម្រើសអ្វីក្រៅពីធ្វើការបំភ្លឺជាបឋម នៅទីនេះក្នុងនាមបុគ្គល ដោយឡែករបាយការណ៍ផ្លូវការលម្អិតមួយទៀត នឹងត្រូវបានរៀបចំដើម្បីប្រគល់ ទៅកាន់សាលាដំបូង និងរដ្ឋបាលខេត្តសៀមរាបនៅពេលក្រោយ”។
បើតាមលោក ឃឹម ហ្វីណង់ ៖ “ខ្ញុំសូមបដិសេធទាំងស្រុង ចំពោះការប្រឌិតរឿងឡើងពីសំណាក់លោកស្រី លី អ៊ុំអេង ដើម្បីចោ-ទប្រកាន់មកលើរូបខ្ញុំ លើករណីដីធ្លីនៅក្នុងស្រុកបន្ទាយស្រី។
ការដោះស្រាយទំនាស់ដីធ្លីគឺជាការបំពេញតួនាទីរបស់ខ្ញុំជាអភិបាលស្រុក ដោយឈរលើគោលការណ៍ច្បាប់ ភាពមិនលម្អៀង និងតម្លាភាព។ តំបន់ដែលមានវិវាទដូចដែលបានលើកឡើងនេះ គឺជាតំបន់ដែលស្ថិតនៅក្រោមគម្របព្រៃឈើឆ្នាំ២០០២ ដែលនៅតែជាដីសាធារណៈរបស់រដ្ឋនៅឡើយ មិនមែនជាកម្មសិទ្ធិឯកជននោះទេ បើទោះជាមានការកាន់កាប់អាស្រ័យផលជាក់ស្តែងក៏ដោយ។
តំបន់ទាំងនេះតែងមានការទាមទារត្រួតគ្នា ឯកសារជាន់គ្នា ព្រំប្រទល់មិនច្បាស់លាស់ សម្បូរទៅដោយវិវាទ និងមានភាពស្មុគស្មាញខ្លាំង ដែលទាមទារឱ្យមានការប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ មុននឹងការដោះស្រាយទំនាស់អាចដំណើរការទៅបាន។
ការដោះស្រាយវិវាទលើដីសាធារណៈរបស់រដ្ឋបែបនេះ ច្បាប់មិនអនុញ្ញាតឱ្យធ្វើឡើងតាមប្រព័ន្ធតុលាការបាននោះទេ ហើយក៏មិនទាន់មានការសម្រេចណាមួយរបស់តុលាការ ប្រគល់កម្មសិទ្ធិទៅឱ្យភាគីណាមួយនៅឡើយដែរ មិនគួរយកពាក្យ«តុលាការ»មកប្រើប្រាស់ ដែលនាំឱ្យប៉ះពាល់ដល់កិត្តយសរបស់ស្ថាប័នតុលាការឡើយ ពោលគឺមានតែការសម្របសម្រួល ក្រៅប្រព័ន្ធតុលាការតែប៉ុណ្ណោះ ដែលអាចធ្វើទៅបាន។
ការសម្រេចរបស់តុលាការ ទៅលើករណីព្រហ្មទណ្ឌនានា នៅក្នុងតំបន់នេះ មិនមែនជាការប្រគល់កម្មសិទ្ធិដីរដ្ឋ ទៅឱ្យបុគ្គលណាមួយគ្រប់គ្រងនោះទេ និងមិនត្រូវបកស្រាយពន្លើសឡើយ ហើយមានតែការធ្វើអនុបយោគ និងការទទួលបានប្រទានកម្មដោយអនុក្រឹត្យតែមួយគត់ទើបអាចធ្វើដូច្នេះបាន។
លោកបន្តថា រដ្ឋបាលស្រុកបន្ទាយស្រីបានប្រកាសជាចំហ និងបានជូនដំណឹងជាសាធារណៈតាំងពីថ្ងៃទី១១ខែមករាឆ្នាំ២០២២ ទៅដល់គ្រប់ម្ចាស់ដីទាំងអស់ នៅក្នុងតំបន់ដែលតែងតែមានវិវាទខាងលើ រួមទាំងលោកស្រី លី អ៊ុំអេង ឱ្យផ្តល់ឯកសារពាក់ព័ន្ធនឹងការកាន់កាប់អាស្រ័យផល លើដីរបស់ខ្លួន ទោះបីគិតថាមាន ឬគ្មានវិវាទក៏ដោយ ដើម្បីផ្តល់ជាមូលដ្ឋានឱ្យរដ្ឋបាលស្រុក
មានទិន្នន័យពេញលេញជាលក្ខណៈប្រព័ន្ធ និងគ្រប់ជ្រុងជ្រោយ ក្នុងពិនិត្យដោះស្រាយបញ្ចប់វិវាទទាំងឡាយ នៅក្នុងតំបន់ដែលមានភាពស្រពិចស្រពិលមួយនេះ មុននឹងបញ្ចូនករណីទាំងនេះ ទៅរាជរដ្ឋាភិបាលស្នើសុំការកាត់ឆ្វៀលចេញពីគម្រប់ព្រៃឈើ និងសម្រេចថាតើអាចធ្វើប្រទានកម្មជូនដីដែលដោះស្រាយទំនាស់ចប់ហើយនេះបានឬយ៉ាងណា។
ការប្រមូលទិន្នន័យដើម្បីដោះស្រាយវិវាទ គឺជាសិទ្ធិស្របច្បាប់របស់អាជ្ញាធរមូលដ្ឋាន ជាពិសេស ប្រសិនបើដីទាំងនោះ គឺជាដីសាធារណៈរបស់រដ្ឋនៅឡើយ មិនមែនជាការញុះញ៉ុងដូចការចោទប្រកាន់នោះទេ ហើយក៏មិនមែនជាការប្រពឹត្តផ្ទុយពីការសម្រេចណាមួយរបស់តុលាការនោះដែរ។
លោកអភិបាលស្រុក បានឲ្យដឹងបន្ថែមថា “ក្នុងតួនាទីខ្ញុំជាអភិបាលស្រុក ខ្ញុំពុំមានសិទ្ធិកំណត់ទីតាំងព្រំប្រទល់ភូមិ ឬធ្វើការផ្លាស់ប្តូរឈ្មោះភូមិដោយអត្តនោម័តិឡើយ ហើយរឹតតែមិនអាចអនុញ្ញាតឱ្យបុគ្គលណាម្នាក់ មកបង្គាប់ឱ្យអាជ្ញាធរមូលដ្ឋានទទួលស្គាល់ ទីតាំងភូមិណាមួយខុសពីទិន្នន័យ ដែលមានស្រាប់នោះដែរ។ ក្នុងអំឡុងពេលជាង២ឆ្នាំក្នុងតួនាទីរបស់ខ្ញុំ ក៏មិនដែលមានករណីផ្លាស់ប្តូរព្រំប្រទល់ភូមិ នៅក្នុងស្រុកបន្ទាយស្រីនោះទេ”។
រាល់ការចោ-ទប្រកា-ន់ខាងលើ ទាំងលើការញុះញ-ង់ ការមិនគោរពសេចក្តីសម្រេចរបស់តុលាការ ការរំ-លោ-ភលើកម្មសិទ្ធិឯកជន ឬការផ្លាស់ប្តូរទីតាំងភូមិ សុទ្ធតែជាការប្រឌិត និងជាការចោ-ទប្រកាន់គ្មានមូលដ្ឋាន ដែលខ្ញុំសូមបដិសេធចោលទាំងស្រុង ហើយដែលខ្ញុំអាចមានសិទ្ធិប្តឹ-ងតបវិញបាន។
លោកថា ក្នុងន័យការពារកិត្តិយសមន្ត្រីរាជការដែលកំពុងបម្រើប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ខ្ញុំសូមស្វាគមន៍ការបើកស៊ើបអង្កេត និងការធ្វើអធិការកិច្ចលើករណីនេះពីសំណាក់រដ្ឋបាលខេត្ត ឬស្ថាប័នមានសមត្ថកិច្ចណាមួយ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្ញុំ
និងផ្តល់យុត្តិធម៌ដល់ការបំពេញតួនាទីរដ្ឋបាលរបស់មន្ត្រីរាជការទាំងអស់ ហើយខ្ញុំត្រៀមខ្លួននឹងចាកចេញពីតួនាទីរបស់ខ្ញុំ និងទទួលខុសត្រូវគ្រប់បែបយ៉ាងចំពោះមុខច្បាប់ ប្រសិនបើរកឃើញថាមានកំហុស និងបានប្រព្រឹត្តដូចការចោទប្រកាន់របស់លោកស្រី លី អ៊ុំអេង ពិតមែន៕