ពលរដ្ឋ​ប្រកបរបរ​ការ​ដឹកជញ្ជូន​ត្អូញត្អែរ ពីតម្លៃប្រេងឡើងថ្លៃ

ភ្នំពេញ៖ គិត​រហូតដល់​ដំណាច់ខែ​កុម្ភៈ​ តម្លៃ​ប្រេងលក់នៅលើ​ទីផ្សារ​​កម្ពុជាកើនឡើង​​រហូតដល់ ៤ ៧០០ ​រៀល​ក្នុង​ ១ ​លីត្រ ធ្វើអោយ​ប្រជាពលរដ្ឋ​ប្រកបរបរ​ក្នុង​កិច្ចការ​ដឹកជញ្ជូនបាន​ត្អូញត្អែរ ដោយសារ​ការចំណាយ​លើ​មធ្យោបាយ​ដឹកជញ្ជូន​កាន់តែ​ខ្ពស់។

អ្នក​រត់​ម៉ូតូឌុប​នៅក្បែរ​ផ្សារ​គីឡូម៉ែត្រលេខ៦ សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា ចាប់តាំងពី​តម្លៃ​ប្រេងសាំង​ឡើង​លើស ៤ ០០០​ រៀល​មក ការចំណាយ​លោក​បាន​កើនឡើង ខណៈ​ដែល​ចំណូល​វិញ​នៅ​ដដែល និង​ថ្ងៃ​ខ្លះ​ថយចុះ​ថែមទៀត​។

លោក​បាន​រៀបរាប់ថា កាលពី​មុន តម្លៃ​ប្រេងសាំង​មិនទាន់​ឡើង​ខ្លាំង លោក​អាច​រកចំណូលបាន​ចន្លោះ​ពី​ ៤ ទៅ​ ៥​ ម៉ឺន​រៀល ក្រោយ​ទូទាត់​ចំណាយ​ថ្លៃ​សាំង​រួច ប៉ុន្តែ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ សាំង​ឡើងថ្លៃ​ឥតឈប់ ស្របពេល​មិនសូវមាន​អ្នកដំណើរ​ជិះ​នោះ​ទេ ដោយសារ​ជំងឺ​កូវីដ-១៩ ចាប់ផ្តើម​រាតត្បាត​ឡើងវិញ​ទៀត​ដែល​បានធ្វើ​គ្រួសារ​របស់លោក​កាត់បន្ថយ​ការចំណាយ​។

លោក​ថា​៖ «​ខ្ញុំ​មិនដឹងថា​ហេតុអ្វី​បានជា​សាំង​ឡើងថ្លៃ​រហូត​បែបនេះ បើ​នៅ​បន្ត​ឡើង​ទៀត ខ្ញុំ​ប្រហែលជា​រក​ការងារ​សំណង់​ធ្វើ​វិញ​ហើយ ព្រោះ​សព្វថ្ងៃ​សាំង​ឡើងថ្លៃ​ខ្លាំង តែ​តម្លៃ​ដឹក​នៅ​ដដែល ហើយ​ក៏​មិនសូវមាន​អ្នកជិះ​ដែរ គេ​ខ្លាច​កូវីដ​។ ខ្ញុំ​ត្រូវ​ចិញ្ចឹម​ប្រពន្ធ និង​កូន ៣ ​នាក់ សុទ្ធតែ​នៅ​រៀន​ដោយ​ត្រូវ​ចំណាយ​លើ​ថ្លៃ​ម្ហូប ថ្លៃ​ផ្ទះជួល ថ្លៃ​ទឹកភ្លើង បើ​រកបាន​មួយថ្ងៃ​ ២-៣ ​ម៉ឺន តើ​ខ្ញុំ​សង្ឃឹម​អី​!»​។

លោក​និយាយថា​៖ «​ថ្វីដ្បិត​តែ​ប្រេងឥន្ធនៈ​ឡើងថ្លៃ ប៉ុន្តែ​តម្លៃ​នៃ​ការដឹកជញ្ជូន​ពី​ខាង​សមាគម​មិនមាន​ការឡើង​ថ្លៃ​ឡើយ ពោលគឺ​នៅ​តម្លៃ​ដដែល ដែល​បានធ្វើឱ្យ​ចំណូល​ធ្លាក់ចុះ ដោយសារ​ការចំណាយ​ទៅលើ​ឥន្ធនៈ​ច្រើនជាង​មុន​»​។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានអោយដឹងថា កន្លងទៅ​សម្តេច​តេជោ បានអនុញ្ញាត​ផ្តល់​ការឧបត្ថម្ភធន ៤ ​សេន​ដុល្លារ​ក្នុង​ ១ ​លីត្រ ក្រសួង​បាន​អនុវត្ត​ជា​ហូរហែ​មក ក្រៅពីនេះ ក្រសួង​ពាណិជ្ជកម្ម​នឹង​បន្ត​ប្រឹងប្រែង​ពិនិត្យ និង​តាមដាន បើ​សភាព​នៅតែ​មិនល្អ ដោយ​តម្លៃ​នៅតែ​ឡើង​ក្រសួង​នឹង​បើក​កិច្ចប្រជុំ​ជាមួយ​វិស័យ​ឯកជន​។

លោក​បញ្ជាក់ថា​៖ «​វិធានការ​តទៅ​មុខទៀត គឺ​យើង​មិនមែន​ព្រងើយកន្តើយ​ចំពោះ​បញ្ហា​នេះឡើយ កាលណា​តម្លៃ​ប្រេង​ឡើង​ខ្ពស់​ដល់​ដំណាក់កាល​ដែល​យើង​ត្រូវ​ជជែក​ជាមួយ​វិស័យ​ឯកជន យើង​នឹង​រៀបចំ ដើម្បី​ស្វះ​ស្វែងរក​វិធីសាស្ត្រ​ធ្វើយ៉ាងណា​ដើម្បី​សម្រួល​ថា ខាង​ភាគី​ឯកជន​អាច​ទទួលយកបាន​ហើយ​ពលរដ្ឋ​អាចមាន​ប្រេង​ប្រើប្រាស់​បាន​»​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds