ឃាត់ខ្លួនមនុស្ស ៨ នាក់ នៅខណ្ឌចំការមន សង្ស័យថា ជាបទល្មើសធ្វើទារុណកម្ម និងជំរិតទារប្រាក់
ភ្នំពេញ៖ កាលពីជិតភ្លឺឈានចូលថ្ងៃទី ១៦ កុម្ភៈ នេះ នគរបាលបង្ក្រាបទីតាំងសណ្ឋាគារមួយកន្លែងស្ថិតក្នុងភូមិសាស្ត្រសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្ស ៨ នាក់ ដែលសង្ស័យថា ជាបទល្មើសធ្វើទារុណកម្ម និងជំរិតទារប្រាក់។
មន្ត្រីនគរបាលខណ្ឌចំការមនមួយរូបសុំមិនបញ្ចេញឈ្មោះថា ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនចំនួន ៤ នាក់ និងជនជាតិខ្មែរដែលជាបុគ្គលិកនៅក្នុងសណ្ឋាគារនោះចំនួន ៤ នាក់។ ពួកគេ កំពុងត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញយកទៅសាកសួរពាក់ព័ន្ធបទល្មើសជំរិតទារប្រាក់។
យោងតាមកំណត់ហេតុបិទទីតាំងបណ្តោះអាសន្នរបស់គណៈកម្មការចម្រុះបានបង្ហាញថា ប្រតិបត្តិការនេះដឹកនាំដោយលោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្របសម្រួលផ្លូវច្បាប់។
បើតាមកំណត់ហេតុបានអោយដឹងថា កាលពីវេលាម៉ោង ២ កន្លះជិតភ្លឺឈានចូលថ្ងៃទី ១៦ កុម្ភៈ ឆ្នាំ ២០២២ កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបបទល្មើសជាក់ស្តែង។ ចំពោះទីតាំងដែលបង្ក្រាបនោះស្ថិតនៅចំណុចសណ្ឋាគារខលល័រ (Color) ផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌចំការមន រាជធានីភ្នំពេញ។
កំណត់ហេតុបន្តថា៖ «បានចុះធ្វើការបង្ក្រាបក្នុងបទល្មើសជាក់ស្តែងនៅទីតាំងខាងលើដែលពាក់ព័ន្ធបទល្មើសបង្ខាំងមនុស្សដោយខុសច្បាប់ធ្វើទារុណកម្មដើម្បីជំរិតទារប្រាក់។ បន្ទាប់ពីការពិនិត្យជាក់ស្តែងមក សមត្ថកិច្ចសម្រេចបិទទីតាំងជាបណ្តោះអាសន្នរង់ចាំការសម្រេចជាក្រោយ»៕