លោក ហ៊ុន ម៉ានី ចាត់ទុកការចេញមកសូមទោសសាធារណៈរបស់ឧកញ៉ា គីម ហ៊ាង ថាជាការទទួលខុសត្រូវ
ភ្នំពេញ ៖ បន្ទាប់ពីឧកញ៉ា គីម ហ៊ាង បានចេញលិខិតសូមទោសជាសាធារណៈ ដល់ប្រជាជនកម្ពុជា ដែលលោកបានបង្កើតឡើងដោយអចេតនា ប៉ះពាល់វប្បធម៌ជាតិ លោក ហ៊ុន ម៉ានី ប្រធានសហព័ន្ធយុវជនកម្ពុជា បានចាត់ទុកការចេញមកទទួលកំហុស និងសូមទោសសាធារណៈរបស់ឧកញ៉ា គីម ហ៊ាង ថាជាការទទួលខុសត្រូវមួយដ៏វិជ្ជមាន។
លោក ហ៊ុន ម៉ានី បានសរសេរសារលើ Facebook ថា «ខ្ញុំបានឃើញការសុំទោស និងស្រាយបំភ្លឺជាសាធារណៈ របស់លោកបណ្ឌិត គីម ហ៊ាង ទាក់ទងនឹងប្រសាសន៍របស់គាត់ ស្តីពីអនាគតនៃវិស័យអចលនទ្រព្យខេត្តសៀមរាប ក្រោយចប់វិបត្តិកូវីដ១៩ កាលពីថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២។
លោកថា នេះជាការទទួលខុសត្រូវមួយដ៏វិជ្ជមាន។ កន្លងមក ខ្ញុំ និងលោកបណ្ឌិត មិនមានរឿងផ្ទាល់ខ្លួនអ្វីទេ ប៉ុន្តែអ្វីដែលខ្ញុំសរសេរក្នុងទំព័រហ្វេសបុករបស់ខ្ញុំ គ្រាន់តែជាការតម្រង់ទិស ដែលខ្ញុំតែងតែធ្វើជារឿយៗ ចំពោះមតិមួយចំនួន ដែលមានផលជះអវិជ្ជមានដល់កិត្តិយស និងប្រយោជន៍ជាតិ។ ខ្ញុំសូមសរសើរចំពោះការសម្រេចចិត្តជាលក្ខណៈបុគ្គល ក្នុងការសរសេរលិខិតសុំទោសជាសាធារណៈនេះ»៕