បន្ទាប់ពីកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារតែងតាំងជា ឧកញ៉ា ស្រាប់តែអ្នកនាង ខាត់ សុឃីម បានបង្ហោះសារមួយឃ្លាបែបនេះថា
បេីនិយាយពីលោក ខេមរៈ សិរីមន្ត ប្រិយមិត្តបានស្គាល់ច្បាស់រួចមកហើយ ដែលលោកគឺជាកំពូលតារាចម្រៀងម្នាក់ទទួលបាននូវភាពល្បីល្បាញខ្លាំងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយតារាចម្រៀងរូបនេះក៏កំពុងតែទទួលបានតំណែងជាតារាឈានមុខគេប្រចាំប្រទេសកម្ពុជាផងដែរ ចំណែកនាពេលបច្ចុប្បន្ននេះ លោកគឺជាតារាចម្រៀងដ៏មានប្រជាប្រិយភាពនៅក្នុងផលិតកម្ម រស្មីហង្សមាស។
យ៉ាងណាមិញ យោងតាមព្រះរាជក្រឹត្យរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចុះនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ព្រះអង្គបានត្រាស់បង្គាប់ផ្តល់គោរមងារតែងតាំងលោក ខែម ប៊ុនថៃ ជាឧកញ៉ា តាមសេចក្តីក្រាបបង្គំ ទូលថ្វាយ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្រោយពីបានទទួលការត្រាស់បង្គាប់តែងតាំង ជាផ្លូវការរួចមក យេីងសង្កេតឃើញថាមានការគាំទ្រខ្លាំង និងមានការចូលរួមអបអរពីសំណាក់មហាជន ក៏ដូចជាសិល្បករ សិល្បការិនីខ្មែរជាច្រើនផងដែរ។ ជាក់ស្ដែង ក្រោយទទួលបាននូវដំណឹងនេះរួចមក អ្នកនាង ខាត់ សុឃីម តារាពហុជំនាញដ៏ល្បីក្នុងប្រទេសកម្ពុជាក៏មានជាពាក្យពេចន៍មួយចំនួនលេីកឡេីងថា៖«ជាលើកទី១ដែលសិល្បៈខ្មែរ មានគោរមងារជា (ឧកញ៉ា)បងសូមចូលរួមត្រេកអរផងប្អូន សប្បាយចិត្តពេលឃើញសិល្បៈរីកចំរើន»។